ខេត្តតាកែវ ៖ ព្រះពុទ្ធបដិមាបុរាណ ចំនួន២អង្គ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ ត្រូវបានប្រជាពល រដ្ឋកាយដីប្រទះឃើញ កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាអតីតដែនដីនគរគោកធ្លក និងត្រូវបានប្រគល់ជូនមន្ត្រីជំនាញ យកទៅរក្សាទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។
លោកជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ថា ពិតជាមានការប្រទះឃើញព្រះពុទ្ធបដិមាបុរាណ ២អង្គមែន កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដោយក្រុមអ្នកកាយដី។
លោកជេត ពិសុទ្ធ បន្តថា ក្រោយទទួលបានព័ត៌មានខាងលើ លោកផ្ទាល់ ជាមួយលោកប្រធានសារមន្ទីរខេត្ត និងមន្ត្រីសារមន្ទីរជាតិ រាជធានីភ្នំពេញ បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ។
លោកប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានបញ្ជាក់ថា តាមការពិនិត្យពីមន្ត្រីជំនាញ អាយុកាលនៃព្រះពុទ្ធបដិ មាទាំង ២អង្គនេះ គឺបានកសាង រចនាឡើងតាំងពីសតវត្សទី៧ មកម៉្លេះ។
ក្រោយធ្វើកំណត់ហេតុចប់ និងតាមការឯកភាពពីមន្ត្រីពាក់ព័ន្ធ ព្រះពុទ្ធបដិមាទាំង ២អង្គនេះ ត្រូវបានប្រគល់ ជូនសារមន្ទីរជាតិ រាជធានីភ្នំពេញ ដើម្បីជុសជុល និងថែរក្សាទុកជាសម្បត្តិបេតិភណ្ឌជាតិ៕