ភ្នំពេញ៖ពិធីករលោកផាត អែនប៊ី ហៅVj Anbe បានភ្ជាប់ពាក្យជាមួយក្រមុំស្រុកត្រាំកក់ ខេត្តតាកែវនាងគួន សុជាតិ អាយុ២០ឆ្នាំកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលធ្វើពិធីជប់លៀងដល់ទៅ២០តុ ទើបធ្វើឲ្យនារីមិនតិចនាក់ទេខកចិត្តដោយសារតែរូបលោក។គេឃើញមានតារាជិតស្និតមួយចំនួនដូចជាលោកម៉ារ៉ា ដូណា ,ញឹម ចាន់ថន និងស៊ឹម ថៃណា ជាដើមបានទៅសាទរលោកអែនប៊ី នៅថ្ងៃពិសេសរបស់លោកផងដែរទើបធ្វើឲ្យពិធីកររូបនេះរីករាយជាខ្លាំង។លោកអែនប៊ី បានចាត់ទុកថាថ្ងៃភ្ជាប់ពាក្យរបស់លោកគឺជាការបើកទំព័រជីវិតគូរបស់នៅដើមឆ្នាំ២០២៤ នេះតែម្ដង។
Vj អែនប៊ី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាគូដណ្ដឹងរបស់លោកជាអ្នកធ្វើការផ្នែកមួយនៃសិល្បៈដែរ ព្រោះគាត់ចេះច្រៀង ចេះរាំ និងមានវង្សតន្រ្ដីមួយនៅខេត្តតាកែវ ហើយលោកបានស្គាល់នាងអំឡុងពេលដែលលោកចុះទៅធ្វើពិធីករនៅទីនោះ។លោកអែនប៊ី ថាលោកបានស្វែងយល់ចិត្តគ្នាជាមួយគូដណ្ដឹងរយៈពេលទើបតែជាង៧ខែប៉ុណ្ណោះ ពោលគឺបើរាប់ជាថ្ងៃចំនួន២២៨ថ្ងៃគត់ ទើបសម្រេចចិត្តភ្ជាប់ពាក្យយកតែម្ដង។លោកថាចំណុចពិសេសដែលលោកស្រលាញ់ហើយឈានទៅភ្ជាប់ពាក្យជាមួយគូដណ្ដឹងលោកអ្នកនាងគួន សុជាតិ ដោយសារតែនាងជាមនុស្ស”ខ្ជិល” ។លោកប៊ី បញ្ជាក់ថាការខ្ជិលរបស់គូដណ្ដឹងលោកនាពេលនេះគឺសំដៅដល់ខ្ជិលឈ្លោះ ខ្ជិលប្រកែក និងតវ៉ា ទើបលោកគិតថានារីបែបនេះពិបាករកណាស់ ព្រោះក្រោយចាប់ដៃគ្នា នឹងគ្មានរឿងធំកើតឡើងឡើយ ។
គូរបញ្ជាក់ថាលោកផាន អែនប៊ី បានចាប់អាជីពជាពិធីកររយៈពេល១៥ឆ្នាំមកហើយ(២០០៩-២០២៤) ដែលធ្លាប់ជាប់លេខ២ក្នុងការប្រលងកម្មវិធីសាប៊ូកកៀបុរសឆ្នាំ២០០៧ និងប្រលងកម្មវិធី”ស្រ្ដីឆ្លាត ប្រុសឆ្លាត”របស់Ctn ឆ្នាំ២០០៨ ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនឈ្នះពាន ។បច្ចុប្បន្នលោកVj អេនប៊ី ជាអ្នកថតរឿងកំប្លែងខ្លីៗប្រចាំនៅទូរទស្សន៍Mytv និងជាពិធីកររបស់Pnn ក្នុងកម្មវិធីមួយ តែមិនជាប់កុងត្រាផ្ដាច់មុខឲ្យខាងណាទេ ពោលគឺប៉ុស្ដិ៍ណា កម្មវិធីអីក៍លោកថតបានទាំងអស់។ក្រោយមានគូដណ្ដឹងនេះពិធីករវ័យជាង៣០ឆ្នាំរូបនេះថាលោកប្រឹងរកលុយសិន មិនទាន់កំណត់ថ្ងៃរៀបការទេ ព្រោះអាច១ទៅ២ឆ្នាំទៀតទើបគិតគូររឿងនេះ។
ពិធីករអែន ប៊ី បន្ថែមថាតាមការយល់របស់លោកចំណុចពិសេសរបស់នារីគឺសំខាន់នៅអត្តចឬក មាយាទ មិនមែនរូបសម្រស់ និងទ្រព្យសម្បត្តិធំបំផុតនោះទេ ។លោកថាគូដណ្ដឹងលោកមានចំណុចខាងលើនេះ តែលោកទទួលស្គាល់ថាបុរសខ្លះបានប្រពន្ធកូនអ្នកមាន ស្អាត ក៍ជាសំណាងមួយរបស់គេដែរ ប៉ុន្ដែរឿងសំខាន់គឺរកបានអ្នកយល់ចិត្តទើបអាចកាន់ដៃគ្នាទៅមុខទៀតបាន។លោកថាក្រោយស្គាល់គ្នាជាមួយគូដណ្ដឹងរបស់លោកជាង៧ខែ នាងអាចទទួលអ្វីពីលោកមានបានគ្រប់យ៉ាងហេតុនេះហើយលោកមិនបង្អង់ទេគឺត្រូវតែភ្ជាប់ពាក្យ ។Vj រូបនេះបន្ថែមថាទោះជាពេលនេះលោកមិនទាន់កំណត់ថ្ងៃរៀបការមែន ប៉ុន្ដែមង្គលការនាពេលខាងមុខអាចនឹងរៀបចំនៅផ្ទះខាងកូនស្រីនៅខេត្តតាកែវ ហើយនឹងមកកាត់ចំណងដៃនៅផ្ទះលោកឯភ្នំពេញ ។
លោកអែនប៊ី ថាក្រោយឃើញលោកភ្ជាប់ពាក្យមានគេសួរលោកថាមានមុខមាត់នៅក្នុងសង្គមប៉ុណ្ណឹងដែរ ល្បីប៉ុណ្ណឹងដែរ ហេតុអីមិនរកប្រពន្ធអ្នកមាន ?លោកថាបានឆ្លើយវិញថាបើរកបានកូនអ្នកមានតែចឬកមិនល្អ ក៍គង់តែបែកគ្នាដដែលទេ ហើយសម្រាប់លោកចេះតែគិតថាបើយកប្រពន្ធអ្នកមានចេះតែខ្លាចមិនដល់គេ ធ្វើអ្វីយើងមិនដល់គេ មានសម្ពាធជាដើម ទើបលោកមិនប្រាថ្នាអ្វីលើសពីសម្ថភាពខ្លួនមានទេ។លោកអែនប៊ី ទទួលស្គាល់ថាមាននារីអាណិកជននៅក្រៅស្រុកចង់ឲ្យលោកទៅរស់នៅក្រៅស្រុកដែរ ប៉ុន្ដែចុងក្រោយលោកមិនទៅវិញ ហើយពេលនេះលោករកបានគូដណ្ដឹងដ៍ល្អម្នាក់ហើយ ។
ពិធីករVj Anbe ត្រូវបានគេចាប់អារម្មណ៍ច្រើនអំឡុងពេលលោកធ្វើធីករចាប់ដៃជាមួយលោកអ៊ឹត សេដ្ឋា និងខៀវ សានសាណា នៅCtn ក្រោមការដឹកនាំរបស់លោកគួច ខេវិន ហើយលោកប៊ី ថាលោកខេវិន បានជួយលោកច្រើន ក្នុងការជម្រុញឲ្យចាប់អាជីពមួយនេះ ទើបលោកចាត់ទុកលោកខេវិន ប្រៀបដូចជាឪពុកទី២របស់លោក ៕