Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីលក់ថ្នាំញៀន ជាប់ខ្នោះ

ស្ត្រីលក់ថ្នាំញៀន ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានបែកគំនិតទិញថ្នាំញៀន យកមកទុកលក់បន្ត និងបានធ្វើការលក់ ដូរនិងចែកចាយថ្នាំញៀននេះ អស់រយៈពេល៤ខែមកហើយ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងសរុប ចំនួន ២៥០កញ្ចប់។

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ថេង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្នុងព្រែក ឃុំព្រែករុន ស្រុកស្អាង។ ចំណែកវត្ថុតាងចាប់យកបាន រួមមាន  ថ្នាំញៀនប្រភេទមេតំ ហ្វេតាមីន (ICE) ចំនួន២៥០កញ្ចប់តូច។ ទូរស័ព្ទ ចំនួន ២គ្រឿង (ម៉ាក OPPO ពណ៌ស និងម៉ាក OPPO ពណ៌ទឹកប្រាក់)។ ថង់វេចខ្ចប់ថ្នាំញៀន មួយចំនួន។ កំប៉ុងដាក់ថ្នាំញៀន ចំនួន២ និងឧបករណ៍ប្រើប្រាស់ថ្នាំ ញៀន ចំនួន៤២។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសន្តិសុខព្រលានយន្តហោះថ្មី បានទូរស័ព្ទ រាយការណ៍មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ថាឃាត់បានមុខសញ្ញាជួញដូរគ្រឿងញៀន ម្នាក់។ ពេលដែលទទួលបានព័ត៍មានភ្លាម កម្លាំងផ្នែកជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការសាកសួរ បន្ថែម និងឆែកឆេររកឃើញថ្នាំញៀន ចំនួន២៥០កញ្ចប់តូច ដែលស្ត្រីសង្ស័យទុកក្នុងកំប៉ុងថ្នាំក្រពះ ចំនួន២កំប៉ុង ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាង រួចនាំមកកាន់ផ្នែកជំនាញ ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះជា ថេង បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើនេះ ពិតជារបស់ ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះសុង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ និងឈ្មោះម៉ាប់ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (ធ្វើការក្នុងព្រលានទាំងពីរនាក់) ក្នុងតម្លៃ ៧០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ហើយខ្លួន លក់បានរយៈពេល ៤ខែកន្លងមកហើយ។

ស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES