Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនដុតផ្ទះម៉ែលេង ឆេះហ្មត់មែន

កូនដុតផ្ទះម៉ែលេង ឆេះហ្មត់មែន

ខេត្តបាត់ដំបង ៖ ក្មេងប្រុសតូច វ័យ៧ឆ្នាំម្នាក់ បានលេងបាយឡុកបាយឡ តែម្នាក់ឯង លុះស្របពេលដែល ឪពុកម្តាយភ្លេចខ្លួន បានយកដែកកេះមកកេះដុតជញ្ជាំងផ្ទះ (ស្លឹកដូង) ដើម្បីដាំបាយលេង ស្រាប់តែធ្វើឱ្យកើត ជាអគ្គិភ័យ ឆេះផ្ទះទាំងមូលយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតអស់ គិតជាទំហំទឹកប្រាក់ ប្រមាណ៧លានរៀល។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ ចំណុចក្រុមទី៣៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ផ្ទះកល់ផុតពីដីកម្ពស់ ៣តឹក ជាកម្មសិទ្ធិរបស់ឈ្មោះដន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសម្ចាស់ផ្ទះឈ្មោះឆេន វិឆៃ អាយុ ៧ឆ្នាំ បានលេងបាយឡុកបាយឡតែម្នាក់ឯង លុះក្រោយមក បានយកដែកកេះមកបង្កាត់ភ្លើង ដាំបាយលេង។ បន្ទាប់មក ក្មេងប្រុសរូបនេះ បានយកដែកកេះ ទៅដុតជញ្ជាំងផ្ទះលេង រួចឆាបឆេះផ្ទះទាំងមូលតែម្តង។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ទាន់ពេលនោះទេ ដោយសារ តែទទួលបានព័ត៌មានយឺតយ៉ាវ  ចំណែកប្រជាពលរដ្ឋក្បែរខាង បានយកម៉ូទ័របូមទឹក ជួយបាញ់ពន្លត់ដែរតែ យឺតពេលទៅហើយ ដោយផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់ឡើយ។

ចំពោះទ្រព្យសមត្តិ និងសម្ភារៈរងការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង ទូខោអាវ ចំនួន២ (ទូក្រណាត់១ និងទូកុងប្លាកេ១) ឆ្នាំងអ៊ុត ចំនួន១ ម៉ាស៊ីនបាញ់ថ្នាំ ចំនួន១ ម៉ូទ័របាញ់ទឹក ចំនួន១ រួមនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត គិតជាទឹកប្រាក់ ប្រមាណ៧លានរៀល ប៉ុន្តែហេតុ ការណ៍អគ្គិភ័យនេះ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕

RELATED ARTICLES