ខេត្តពោធិ៍សាត់៖នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យជាក់ ស្តែងអំពីស្ថានភាពក្នុងការផ្តត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈអាងទឹកលេខ៣ និងលេខ៥។


សូមជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា ដែលចំនួននេះលើសពីផែនការកំណត់ប្រចាំឆ្នាំត្រឹម ២០ ០០០ ហិកតា ដែលបរិ មាណទឹកអាចស្រោចស្រពបាន។ បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់បានសម្រុកធ្វើស្រែប្រាំងលើកទី២ បើទោះបីជា ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរជំនាញបាន ជូនដំណឹងជាមុន អំពីស្ថានភាពអាកាសធាតុនិងបានធ្វើការណែនាំជាបន្តបន្ទាប់កុំឱ្យបន្តធ្វើស្រែប្រាំងបន្ថែមទៀត ដែលអាចប្រ ឈមនឹងកង្វះទឹកក៏ដោយ។


ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេចក្នុងការថែរក្សាទឹកទុក តែដោយមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី៩ ខែមករា នេះ ឯកឧត្តមបានណែនាំឱ្យបន្ត បើកទឹកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់បងប្អូនប្រជាកសិករដែលកំពុងបូមយ៉ាង សស្រាក់សស្រាំស្រោចស្រពស្រូវប្រាំងលើកទី២។


ឯកឧត្តមរដ្ឋមន្ត្រីបន្តឱ្យដឹងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យ កសិកម្ម និងអាងទឹក លេខ១ សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បណ្តា អាង ទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅឡើយ ក្រសួងធនធានទឹក និងឧតុនិយមកំពុងស្នើសុំទៅ រាជរដ្ឋាភិបាល ដើម្បី សាង សង់អាងទឹកថ្មីមួយបន្ថែមទៀតគឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំ ថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងបណ្តារាជ ធានី- ខេត្តដទៃទៀតឱ្យបន្តយកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ៖ មួយផ្នែកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ ក្នុងជីវភាព ប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀតសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាស ធាតុលើក ទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែ ឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា និងបានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយ សន្សំ សំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕



