ភ្នំពេញ៖អ្នកនាងដាញ់ ម៉ូនីកា បានមកដល់ខ្មែរកាលពីពេលថ្មីៗនេះហើយនាងក៍បានទៅចូលរួមបុណ្យសពឪពុករបស់អ្នកនាងសឿ សុធារ៉ា ដែលទទួលមរណភាពកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នឹងធ្វើបុណ្យខួបគម្រប់៧នៅវត្តវិហ៊ាត្រាញ់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៩ ខែមករា ដែលម៉ូនីកា រួមដំណើរជាមួយអ្នកនាងកែវ ពេជ្រពិសី ,សារ៉ាយ សក្ខណា ,លោកសាវិន ហ្វីលីព និងលី សុខជន់។តាមព័តមានថាអ្នកនាងម៉ូនីកា បង្ហាញអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំងនៅពេលដែលឃើញបុណ្យសពឪពុករបស់អ្នកនាងសឿ សុធារ៉ា មានសភាពស្ងប់ស្ងាត់ មានអ្នកសិល្បៈរួមអាជីពតិចតួចប៉ុណ្ណោះ ទៅចូលរួមដោយផ្ទាល់។
កែវ ពេជ្រពិសី ដែលរួមតំណើរជាមួយអ្នកនាងដាញ់ ម៉ូនីកា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាទិដ្ឋភាពបុណ្យសពរបស់ឪពុកសឿ សុធារ៉ា ពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំងមែន អត់សូវមានអ្នករួមអាជីពទៅទេ។ពេជ្រពិសី បន្ថែមថាម៉ូលីកា មកខ្មែរលើកនេះប្រហែលជាមានរយៈពេល១ខែគឺមកជាលក្ខណៈគ្រួសារ មានស្វាមីនិងកូនៗ ហើយក្រៅពីបានចូលរួមបុណ្យសពឪពុករបស់សុធារ៉ា នោះនាងក៍មានគម្រោងដើរកម្សាន្ដជាមួយគ្នាផងដែរ តែមិនទាន់ដឹងថានឹងទៅទីណាខ្លះឡើយ ។
ប្រភពបានឲ្យដឹងថាដាញ់ ម៉ូនីកា មកខ្មែរជើងនេះក៍ដូចមុនៗដែរពោលគឺនាងគ្មានគម្រោងថតភាពយន្ដសារជាថ្មីទេ គឺមកដើរលេងកម្សាន្ដនៅខ្មែរជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ដិចាស់ៗរបស់នាង។អ្វីដែលពិសេសនោះម៉ូនីកា គ្រោងសម្ពោធហាងCosmetic ផ្ទាល់ខ្លួនរបស់នាងមួយនៅក្នុងខែមករា នេះដោយមានការចូលរួមពីសិល្បករជាច្រើនរូបផងដែរ បន្ទាប់ពីនាងបានធ្វើការសាកល្បងលក់ផលិតផលតាមOnline ហើយមានអ្នកនៅខ្មែរគាំទ្រនិងជម្រុញឲ្យនាងបើកអាជីវកម្មមួយនេះក្នុងស្រុក។
អ្នកនាងកែវ ពេជ្រពិសី បានឲ្យដឹងថារឿងនោះគឺជាព័តមានពិតព្រោះនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៤ ម៉ូនីកា នឹងសម្ពោធហាងCosmetic របស់គាត់នៅខ្មែរ ហេតុនេះហើយបង(អ្នកយកព័តមាន)អាចទៅជួបនឹងសម្ភាសន៍គាត់បាននៅថ្ងៃនោះ។ប៉ុន្ដែពិសី មិនប្រាប់ថាហាងរក្សាររសម្រស់ដែលម៉ូនីកា បើកនៅខ្មែរមួយនេះប្រើដើមទុនអស់ប៉ុន្មានឡើយ ។
គូររំលឹកថាដាញ់ ម៉ូនីកា បានចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមស្វាមីនាងលោកប៊ុន ថែល រយៈពេល១៣ឆ្នាំមកហើយ ក្រោយពួកគេបានរៀបការកាលពីខែកុម្ភៈ ឆ្នាំ២០១០ ហើយទទួលបានចំណងដៃកូន២នាក់(ស្រី១)។ម៉ូនីកា រស់នៅអូស្រា្ដលីក្នុងជីវភាពល្អប្រសើរដោយមានផ្ទះផ្ទាល់ខ្លួន រថយន្ដទំនើបៗជិះ ហើយនាងបានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងដោយងាកទៅរកស៊ីលក់ផលិតផលិតផលតាមOnline ។តួឯកស្រីល្បីល្បាញរឿង”ទុំទាវ “រូបនេះបានធានាម្ដាយនាងបានចេញទៅរស់នៅប្រទេសអូស្រា្ដលីជាច្រើនឆ្នាំមកហើយ និងជាញឹកញាប់នាងបានចុះមកខ្មែរ ដើម្បីសិក្សារពីការធ្វើជំនួញផ្នែកCosmetic ដែលឥឡូវបំណងមួយនេះបានសមេ្រចនៅដើមឆ្នាំ២០២៤ ។ម៉ូនីកា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលនាងចង់បើកហាងCosmetic នៅខ្មែរព្រោះតែនាងមើលឃើញថាទីផ្សារមុខរបរមួយនេះនៅមិនទាន់ចង្អៀតនោះទេ អាចរកស៊ីបាន ហើយពេលមានហាងនៅស្រុកកំណើតបែបនេះរូបនាងនឹងចុះមកខ្មែរកាន់តែញឹកញាប់ជាងមុន ។
គូរបញ្ជាក់ថាក្រោយដាញ់ ម៉ូនីកា ក្លាយទៅជាភរិយារបស់អាណិកជនខ្មែរនៅអូស្រា្ដលីលោកប៊ុន ថែល មិត្តភក្ដិរបស់នាងមានការព្រួយបារម្ភថាម៉ូនីកា ប្រាកដជាពិបាករក្សារចំណងស្នេហាមួយនេះឲ្យគង់វង្សព្រោះគេល្បីថាលោកថែល កាចបន្ដិច ប៉ុន្ដែអ្វីៗមិនដូចការគិតនោះទេ ព្រោះពេលនេះនាង ត្រូវប្ដីស្រលាញ់ថ្នាក់ថ្នមខ្លាំងក្រោយមានកូន២ ហើយរយៈពេល១៣ឆ្នាំមកនេះមិនដែលលេចឭថាអ្នកទាំងពីរមានភាពរកាំរកូសម្ដងណាឡើយ ។
ក្រៅពីដាញ់ ម៉ូនីកា តារាដែលយកស្វាមីហើយចេញទៅរស់នៅប្រទេសអូស្រា្ដលីមានដូចជាអ្នកនាងអឿន ដាលីស ,សុខ ច័ន្ទណានូ ជាដើម ខណៈដែលពេជ្រ សូលីកា បានបរាជ័យមង្គលការជាមួយលោកគឹម ហាន ទើបខកខានចេញទៅរស់នៅទីនោះ ៕