ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ កងកម្លាំងបូព៌ា អង្គភាពពិសេសរបស់កងវរសេនាធំថ្មើរជើង លេខ១២ រួមនិងក្រុមជំនាញនគរបាលល្បាតព្រំដែនទី៣ អង្គភាពត្រួតពិនិត្យនគរបាលការពារព្រំដែន លេខ១២ អង្គភាពប្រតិបត្តិការស៊ើបការណ៍សម្ងាត់ទី២ និងអង្គភាពល្បាតព្រំដែនលេខ១១ បានចាប់ឃាត់ខ្លនបុរសម្នាក់ ដែលជាមេខ្យល់នាំពលករខ្មែរចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់។

ជនសង្ស័យជាមេខ្យល់ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ Piyakorn Amarasingh អាយុ៤៨ឆ្នាំ ជនជាតិថៃ មានលំនៅក្នុងភូមិលេខ៥ ឃុំថាចៃ ស្រុកមឿង ឆៃណាត ខេត្តឆាយណាត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យខាងលើ បាននាំពលករខ្មែរ ៧នាក់ លួចចូលប្រទេសថៃ ដោយ ខុសច្បាប់ នៅចំណុចចុងភូមិបាននឿន ភូមិលេខ១២ ឃុំខ្លងណាំសាយ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ប្រភពដដែល បន្តថា នៅនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ គេបានប្រទះឃើញរថយន្តដឹក ទំនិញ ១គ្រឿង ម៉ាក Mitsubishi Triton ពណ៌ខ្មៅ ពាក់ស្លាកលេខ BA 7224 ឆាយណាត គួរឱ្យសង្ស័យ ទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សាកសួរ។

ក្រោយពីត្រួតពិនិត្យរថយន្តនោះ ឃើញមានជនជាតិខ្មែរ ចំនួន៧នាក់ (ប្រុស២ ស្រី២ ក្មេង៣នាក់) អង្គុយក្នុង រថយន្ត។ លុះពេលពិនិត្យឯកសារ សម្រាប់ចូលមកពីព្រះរាជាណាចក្រកម្ពុជា ឃើញថាមិនមានគ្រប់គ្រាន់ នោះទេ។ ពេលសាកសួរ ប្រជាពលរដ្ឋខ្មែរ ទាំងអស់ បានប្រាប់ថា បានចូលពីកម្ពុជា តាមច្រកធម្មជាតិ។ជនសង្ស័យជាមេខ្យល់ បានឆ្លើយសារភាពថា ខ្លួនពិតជាត្រូវបានជនជាតិខ្មែរ ជួលពិតប្រាកដមែន ក្នុងការ នាំពលរដ្ឋខ្មែរ ទាំងនោះ ចូលមកប្រទេសថៃ ដោយយកប្រាក់ចំនួន ៣០០០បាតក្នុងម្នាក់ គោលដៅធ្វើដំណើរ ទៅធ្វើការនៅខេត្តឆាយណាត ប៉ុន្តែមិនទាន់ទៅដល់ផង ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

