ភ្នំពេញ៖ប៉ាច គីមមួយ និងគូស្នេហ៍លោកសយ រតនៈ បានដឹកដៃគ្នាទៅថតPre-Wedding កាលពីពេលថ្មីៗដើម្បីត្រៀមចូលរោងការនៅឆ្នាំ២០២៤ នេះបន្ទាប់ពីពួកគេក្លាយទៅជាគូណ្ដឹងគ្នាជាង១ឆ្នាំមក។ តាមរយៈការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនាងគីមមួយ និងអនាគតស្វាមីលោករតនៈ ពិតជាគូស្នេហ៍ដ៍សាកសមគ្នា ហើយមង្គលការរបស់អ្នកទាំងពីរនឹងរៀបចំយ៉ាងពិសេស មិនចាញ់តារាល្បីៗរួមទ្រនុំឡើយ ។យ៉ាងណាក្នុងជំនួបផ្ទាល់ កន្លងមកទាំងនាងគីមមួយ និងលោករតនៈ នៅតែមិនព្រមប្រាប់មុនថាពួកគេនឹងរៀបការនៅថ្ងៃណាឲ្យប្រាកដឡើយ ព្រោះចង់ឲ្យFan ទាំងសងខាងSurprise ។តែគីមមួយ ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៤ ខណៈដែលរតនៈ និយាយស្របនាងដែរថានឹងចូលរោងការមិនឲ្យលើសពីឆ្នាំ២០២៤ ឬឆ្នាំថោះ នេះឡើយ។
អ្នកយកព័តមានយើងបានឆាតសួររឿងរៀបការនេះជាថ្មីទៅហ្វេសបុករបស់ប៉ាច គីមមួយ កាលពីរសៀលថ្ងៃ១០ ខែមករា តែមិនទាន់មានការឆ្លើយតបពីនាងឡើយ ។ដោយឡែកមិត្តភក្ដិរបស់គីមមួយ-រតនៈ តារាចម្រៀងនៅហង្សមាសបានបង្ហើបប្រាប់អ្នកយកព័តមានយើងថាមង្គលការរបស់គូស្នេហ៍តារា១គូនេះគឺពិតជាធ្វើនៅឆ្នាំ២០២៤ នេះមែន ប៉ុន្ដែថ្ងៃរៀបការច្បាស់លាស់សាមីខ្លួនក៍លាក់ពួកគេដែរ។
គេកត់សម្គាល់ថាការសម្រេចចិត្តដឹកដៃគ្នាចូលរោងការរបស់ប៉ាច គីមមួយ និងសយ រតនៈ នៅឆ្នាំ២០២៤ គឺបន្ទាប់ពីតារារួមដំបូលហង្សមាសនាងចំរើន សុភ័ក្រ្ដ ទើបបានរៀបការមុននេះ ខណៈដែលពេជ្រ សោភា និងម៉ង ចាន់កញ្ញា ក៍ត្រៀមរៀបការនៅឆ្នាំ២០២៤ ដូចគ្នា។ប៉ុន្ដែសម្រាប់គីមមួយ វិញនាងបានស្វែងយល់ចិត្តគ្នាជាមួយលោករតនៈ រយៈពេលជាង៥ឆ្នាំមកហើយទើបឈានទៅភ្ជាប់ពាក្យ និងរៀបការនៅឆ្នាំ២០២៤ នេះតែម្ដង។
គូរបញ្ជាក់ថាប៉ាច គីមមួយ លេចធ្លោរគូសមនៅហង្សមាសដោយសារតែនាងមានរូបសម្រស់ស្អាត និងក្បាច់រាំគូឲ្យក្នក់ក្នាញ់។ស្រីស្រស់រូបនេះមានទឹកដមសម្លេងមធ្យមពេលច្រៀងបទខ្មែរហើយនាងក៍អាចច្រៀងបទជាភាសារចិន និងអង់គ្លេសផងដែរ ខណៈនាងត្រូវបានគេចាប់អារម្មណ៍ច្រើនអំឡុងពេលដែលចាប់ដៃសម្ដែងជាមួយលោកព្រាប សុវត្ថិ មុនពេលលោកឧកញ៉ាស្នាយ ទៅGalaxy ។តែពេលហង្សមាសរុញឲ្យគីមមួយ ក្លាយទៅជាដៃគូចម្រៀងរបស់លោករតនៈ នោះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ រូបនេះលែងសូវមានសន្ទុះលេចធ្លោរដូចមុនទៀតហើយ បើទោះជានាងធ្លាប់ថតភាពយន្ដបន្ដបន្ទាប់បន្ថែមពីលើអាជីពចម្រៀងដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើនក្ដី ។ប៉ុន្ដែមុនដឹកដៃគ្នាចូលរោងការនេះនាងគីមមួយ និងលោករតនៈ បានទិញផ្ទះបង់រំលស់រួមគ្នាហើយក្រៅពីអាជីពចម្រៀងស្រីស្រស់ប្រុសស្អាតរកស៊ីលក់អ៊ឺវ៉ាន់តាមOnline ដើម្បីសន្សំលុយរៀបការ។
មជ្ឈដ្ឋានមហាជនមើលឃើញថាប៉ាច គីមមួយ -សយ រតនៈ ពិតជាគូស្នេហ៍ដ៍សាកសម ហើយអ្នកទាំងពីរមានជម្រើសស្នេហ៍ច្រើនដូចគ្នា តែទីបំផុតមិនទៅណាចោលគ្នាហើយស្ម័គ្រស្មោះគ្នារហូតដល់ថ្ងៃចូលរោងការ ។ដោយឡែកមន្រ្ដីធំៗខ្លះ ដែលលង់ស្នេហ៍និងចង់ជះទឹកលុយលើនាងគីមមួយ នោះបានបរាជ័យទាំងស្រុង ព្រោះការអះអាងរបស់អ្នកមេម៉ាយរូបស្រស់ថានាងស្នេហាតែប្រុសក្មេងរូបសង្ហារ ហើយបុរសចាប់ពីវ័យ៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ស្នេហ៍នោះគឺពិតជាការវាចារបស់ស្រីស្អាតរូបនេះមែន ព្រោះអនាគតសា្វមីនាងជាប្រុសរូបសង្ហារហើយវ័យក្មេងជាងរូបនាង។
ប៉ាច គីមមួយ ស្ថិតក្នុងចំណោមតារាដែលមានគូស្នេហ៍ជាប្រុសក្មេងជាងខ្លួនមានដូចជាអ្នកនាងខាត់ សុឃីម ,គង់ សុជាតិ និងពេជ្រ សោភា ជាដើម ។ដោយឡែកការជ្រើសផ្លូវយកស្វាមីជាតារាដូចគ្នាម្ដងទៀតនេះគីមមួយ មិនស្ទាក់ស្ទើចិត្តឬខ្លាចដើរជាន់ដានចាស់ម្ដងទៀតឡើយ បើទោះជានាងធ្លាប់ប្រេះឆាស្នេហ៍ម្ដងរួចមកហើយជាមួយគូស្នេហ៍ជាតារាចម្រៀងដូចគ្នាទាំងកណ្ដាលទីនាំឲ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងអស់ជាច្រើនឆ្នាំក្ដី ។លោកគួច ខេវិន ធ្លាប់បានលើកឡើងថាតារាដែលជ្រើសយកគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាជាជីវិតគូរច្រើនតែរក្សារចំណងស្នេហាបានយូអង្វែងជាងយកអ្នកនៅក្រៅរង្វង់សិល្បៈ ៕