Thursday, January 23, 2025
Homeព័ត៌មានជាតិផ្ញើសារជូននាយករដ្ឋមន្ត្រី សហការីកឹម សុខា ស្នើពិចារណារឿងឃុំខ្លួននី ណាក់

ផ្ញើសារជូននាយករដ្ឋមន្ត្រី សហការីកឹម សុខា ស្នើពិចារណារឿងឃុំខ្លួននី ណាក់

ភ្នំពេញៈ អ្នកនយោបាយប្រឆាំង លោកហ៊ីង សុខសាន្ត ដែលជាអតីតសហការីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានផ្ញើសារជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រឿងចាប់ខ្លួនគ្រូកសិកម្ម នី ណាក់ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ទាក់ទងនឹងបណ្ដឹងរបស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ អ្នកនយោបាយប្រឆាំង រូបនេះ បានលើកឡើងថា បើខ្លួនជានាយករដ្ឋមន្រ្តី មិនត្រឹមតែដោះលែងលោក នី ណាក់ ឲ្យមានសេរីភាពប៉ុណ្ណោះទេ ថែមទាំងដកតំណែងរដ្ឋមន្ត្រី ពីលោកហេង សួរ ទៀតផង ដោយសាររដ្ឋមន្រ្តីរូបនេះ គ្មានសមត្ថភាពឆ្លើយតបដោយបញ្ញា ទល់នឹងការបញ្ចេញមតិរបស់លោកនី ណាក់ បែរជាប្រើអំណាចយកឈ្នះសិទ្ធ ដើម្បីបំបិទមាត់អ្នកទន់ខ្សោយទៅវិញ ។

លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ជាអតីតសហការីលោកកឹម សុខា ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក  បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ថា “ ជូនលោកនាយករដ្ឋមន្ត្រីនូវយោបល់តូចមួយសម្រាប់ពិចារណាៈ

សម្តេច! បើខ្ញុំជាសម្តេច [នាយករដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល] ខ្ញុំមិនត្រឹមតែដោះលែងលោក នី ណាក់ ឲ្យមានសេរីភាពប៉ុណ្ណោះទេ ខ្ញុំថែមទាំងដកតំណែងរដ្ឋមន្ត្រីចោលម្សៀតម្នាក់នេះ គ្រវាត់ចោលទៀតផង។ ព្រោះអ្វី?

ទី១.បង្ហាញថា រដ្ឋមន្ត្រីនេះ គ្មានសមត្ថភាពឆ្លើយតបដោយបញ្ញា ទល់នឹងការបញ្ចេញមតិរបស់លោក នី ណាក់ បែរជាប្រើអំណាចយកឈ្នះ ដើម្បីបំបិទមាត់អ្នកទន់ខ្សោយទៅវិញ។

ទី២.ធ្វើឲ្យខូចប្រយោជន៍នយោបាយទៅដល់គណបក្ស ព្រោះទង្វើនេះ បង្កើតភាពសម្អប់ ដែលបានប៉ៈពាល់ដល់ប្រជាប្រិយភាពគណបក្ស និងធ្វើឲ្យមតិជាតិ និងអន្តរជាតិវាយតម្លៃមកលើរាជរដ្ឋាភិបាល ក្នុងផ្លូវអវិជ្ជមានទៀតផង។

សម្គាល់៖ តាមពិតគ្មានអ្វីធំដុំសោះ ខ្លួនជារដ្ឋមន្ត្រីបែរជាឈឺចាប់នឹងការនិយាយបែបលេងសើច និងគ្មានមូលដ្ឋានរបស់មនុស្សម្នាក់ទៅវិញ។ សួរថា គណនីហ្វេសប៊ុកលោក នី ណាក់ មាន friends ឬ followers ប៉ុន្មាននាក់? ហើយមតិលោក នី ណាក់ បង្ហោះនោះ មានប៉ុន្មាននាក់ liked និងប៉ុន្មាននាក់ shared? គឺតិចតួចបំផុត មិនច្រើនទេ។ ប៉ុន្តែពេលរដ្ឋមន្ត្រី ធ្វើរឿងដោយមិនប្រើបញ្ញាបែបនេះ វាក៏ក្លាយទៅជាធំ មានការភ្ញាក់ផ្អើលពីសាធារណជនទៅវិញ ដែលនាំឲ្យខូចប្រយោជន៍ ដូចចំណុចទី២ ខាងលើ” ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកហ៊ីង សុខសាន្ត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ថា លោកមិនអាចសន្និដ្ឋានបានថា សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នឹងឆ្លើយតបយ៉ាងណានោះទេ ចំពោះការផ្ញើសាររបស់លោក ទាក់ទងនឹងរឿងចាប់ខ្លួនលោកនី ណាក់ នេះ ។ ប៉ុន្តែអ្វីដែលលោកចង់សង្កត់ធ្ងន់ គឺលោកចង់ឲ្យលោករដ្ឋមន្រ្តីហេង សួង ទទួលខុសត្រូវនៅក្នុងរឿងនេះ ដោយយល់ព្រមដកពាក្យបណ្ដឹង ដើម្បីឲ្យតុលាការដោះលែងលោកនី ណាក់ ឲ្យមានសេរីភាពឡើងវិញ ព្រោះលោកនី ណាក់ មិនមានខុសអីនោះទេ តែអ្វីដែលលោកគិតថា លោករដ្ឋមន្រ្តី ប្រើអំណាច គឺដោយសារលោករដ្ឋមន្រ្តី មិនចេញការពារទស្សនៈរបស់ខ្លួន បែរជាប្ដឹងលោកនី ណាក់ ដាក់គុកទៅវិញ ដែលការប្ដឹងនេះ ធ្វើឲ្យខាតទាំងប្រយោជន៍បក្ស ទាំងប្រយោជន៍រដ្ឋាភិបាល និងប៉ះពាល់ដល់មុខមាត់ជាតិទាំងមូល ។ 

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ បាទ! អរគុណដែលចាប់អារម្មណ៍នៅក្នុងសាររបស់ខ្ញុំ ដែលខ្ញុំសរសេរផ្ញើទៅលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ។ សម្រាប់សំណួរទី១ ដែលថា បើខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំមិនត្រឹមតែដោះលែងលោក នី ណាក់ ឲ្យមានសេរីភាពប៉ុណ្ណោះទេ តែខ្ញុំថែមទាំងដកតំណែងរដ្ឋមន្ត្រីចោលម្សៀត គ្រវាត់ចោលទៀតផងនោះ ខ្ញុំដូចជាមិនមានអ្វីបញ្ជាក់បន្ថែមទៀតទេ ព្រោះខ្លឹមសារខ្ញុំសរសេរហ្នឹងវាគ្រប់ជ្រុងជ្រោយហើយ ខ្លីប៉ុណ្ណឹង អ៊ីចឹងអត់មានអីបន្ថែមទេ ។ ទាក់ទងសំណួរទី២ ដែលថា​ តើលោករដ្ឋមន្រ្តី ហេង សួរ ពិតជាបានប្រើអំណាចយកឈ្នះ បំបិទមាត់អ្នកទន់ខ្សោយឬយ៉ាងណា ហើយថា តើលោករដ្ឋមន្រ្តី គួរទទួលខុសត្រូវនៅក្នុងរឿងនេះឬទេនោះ ខ្ញុំគិតថា លោករដ្ឋមន្រ្តីហេង សួរ ហ្នឹង គឺប្រាកដហើយ អាងខ្លួនជារដ្ឋមន្រ្តី ហើយមិនឆ្លើយតបអ្វីដែលខ្លួនបាននិយាយ ហើយត្រូវបានលោកនី ណាក់ យកទៅបកស្រាយអ៊ីចឹង ។ បើយល់ថា លោកនី ណាក់ និយាយមិនត្រឹមត្រូវ គាត់ជារដ្ឋមន្រ្តី ត្រូវចេញមុខការពារទស្សនៈដែលគាត់និយាយថាក្រុមហ៊ុនប៉ុន្មានៗហ្នឹង បញ្ជាក់សាធារណជនឲ្យមានតម្លាភាព ដើម្បីបង្ហាញថា ការចោទប្រកាន់របស់លោកនី ណាក់ ហ្នឹងមិនត្រឹមត្រូវ ។ អាហ្នឹងបានវាស័ក្ដិសម ក្នុងនាមគាត់ជារដ្ឋមន្រ្តី ហើយគាត់ត្រូវបង្ហាញអ៊ីចឹង ប៉ុន្តែនេះគាត់អត់បានបង្ហាញអ៊ីចឹងទេ មិនប្រើបញ្ញាដើម្បីការពារទស្សនៈរបស់ខ្លួនដែលបានលើកឡើង ថ្លែងសាររបស់ខ្លួនលើកឡើងនេះ បែរជាទៅប្ដឹងលោកនី ណាក់ ហើយចាប់គាត់យកទៅដាក់ពន្ធនាគារ ដោយខ្លឹមសារគាត់សរសេរហ្នឹង ដូចជាមិនមានអីបង្ហាញជាការញុះញង់សោះ ជាបទល្មើសសោះ “ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ ដូច្នេះខ្ញុំគិតថា អ្វីដែលលោករដ្ឋមន្រ្តីហេង សួរ ត្រូវធ្វើហ្នឹង គឺទទួលខុសត្រូវរឿងហ្នឹង ហើយគាត់ហ្នឹងត្រូវដកពាក្យបណ្ដឹងទៅ ហើយលែងលោកនី ណាក់ ឲ្យមានសេរីភាពទៅ ខ្ញុំគិតថា វាចប់ហើយ ។ ទៅធ្វើរឿងហ្នឹងឲ្យធំធ្វើអី? ហើយរឿងហ្នឹងធំ ដូចខ្ញុំសរសេរពីខាងដើមអ៊ីចឹង គឺធ្វើឲ្យខូចប្រយោជន៍ដល់គណបក្ស ហើយនិងរាជរដ្ឋាភិបាលខ្មែរទាំងមូល ហើយបើប៉ះពាល់ដល់រាជរដ្ឋាភិបាល គឺប៉ះពាល់ដល់ជាតិទាំងមូល គឺគេមើលមកក្នុងផ្លូវអវិជ្ជមាន គឺខាតធំណាស់ ខាតទាំងប្រយោជន៍ប្រជាប្រិយភាពគណបក្សគាត់ខ្លួនឯងផង ហើយនិងមុខមាត់ជាតិដែលតំណាងឲ្យរាជរដ្ឋាភិបាល ។ ហើយទី៣ ជាដំណោះស្រាយ ដូចខ្ញុំបាននិយាយពីខាងដើមមិញអ៊ីចឹងថា ជាដំណោះស្រាយ គឺគួរតែដោះលែងលោកនី ណាក់ ព្រោះគាត់អត់មានខុសអីទេ ព្រោះអត់មានអីបញ្ជាក់ជាបទល្មើសផង ។ អ៊ីចឹងគួរតែដោះលែងគាត់ ហើយលោកហេង សួរ ដែលជារដ្ឋមន្រ្តីហ្នឹង ដែលជាម្ចាស់ពាក្យបណ្ដឹងហ្នឹង ដកពាក្យបណ្ដឹងទៅ វាចប់ហើយ រឿងហ្នឹងវាចប់តែម្ដង ។  ហើយចំពោះថា តើសង្ឃឹមថា លោកនាយករដ្ឋមន្រ្តីឆ្លើយតបយ៉ាងណា? ខ្ញុំដូចជាមិនហ៊ានសន្និដ្ឋានដែរ ។ បើសិនជារឿងហ្នឹងវាជារឿងសម្រាប់យើងទាំងអស់គ្នា ខ្ញុំគិតថា លោកនាយករដ្ឋមន្រ្តី អាចជាឆ្លើយតបនៅក្នុងការថ្លែងណាមួយរបស់គាត់អីអ៊ីចឹងទៅ ឬក៏យ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែប្រហែលជារឿងនេះ រឿងតូចតាច ប្រហែលជាគ្មានការឆ្លើយតប ឬយ៉ាងម៉េចទេ ខ្ញុំមិនទាន់ដឹងដែរ យើងក៏អត់អាចសន្និដ្ឋានបានដែរ “ ។

ជុំវិញការផ្ញើសារជូននាយករដ្ឋមន្រ្តី ពីសំណាក់លោកហ៊ីង សុខសាន្ត អតីតសហការីលោកកឹម សុខា ខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកមាស សុភ័ណ្ទ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី និងលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ុន្តែមិនបានសម្រេចទេ កាលពីម្សិលមិញ ។

ដោយឡែក ជុំវិញការចោទប្រកាន់ថា លោករដ្ឋមន្រ្តីហេង សួរ ប្រើអំណាចយកឈ្នះសិទ្ធិ បំបិទមាត់អ្នកទន់ខ្សោយ “នគរធំ” ក៏មិនអាចទាក់ទងសុំប្រតិកម្ម ឆ្លើយតប ពីលោករដ្ឋមន្រ្តីហេង សួរ និងលោកកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទេ នៅថ្ងៃដដែលនោះ ។ ប៉ុន្តែយ៉ាងណា នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា ការបញ្ចេញមតិ​របស់​លោក នី ណាក់ គឺប្រាសចាកពីអ្វីដែលមានចែងក្នុងច្បាប់ និងជាការរំលោភលើ​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌរបស់​កម្ពុជា ទើបតុលាការ​មានចំណាត់ការតាម​ច្បាប់ ។ ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមគាំទ្រចំពោះការសម្រេចរបស់តុលាការកម្ពុជា លើបុគ្គលឈ្មោះនី ណាក់ ដើម្បីផ្ដល់កិត្តិយសដល់លោករដ្ឋមន្រ្តីហេង សួរ ។

លោកកត្តា អ៊ន បានមានប្រសាសន៍នៅពេលនោះថា “ អ្វីដែលជាការងារសំខាន់ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ចំពោះលោកនី ណាក់ នេះ គឺជាការអនុវត្តច្បាប់ ដែលលោកនី ណាក់ ប្រើប្រាស់សេរីភាពរបស់ខ្លួនបំពានច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរអ្នកដទៃ ប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្ដមរដ្ឋមន្រ្តីហេង សួរ ដែលរដ្ឋជាមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ការផ្សព្វផ្សាយរបស់គាត់ (នី ណាក់) គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយមានចរិតញុះញង់ ធ្វើឲ្យមានភាពយល់ច្រឡំមកលើឯកឧត្ដមរដ្ឋមន្រ្តី ហើយនេះជាអំពើមួយដែលប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងររបស់ឯកឧត្ដមរដ្ឋមន្រ្តី ។ ដូច្នឹងហើយបានជាការអនុវត្តច្បាប់ប្រឆាំងនី ណាក់ កើតឡើង ។ សូមជម្រាបថា ក្នុងច្បាប់អន្តរជាតិ មូលដ្ឋានគ្រឹះនៃសិទ្ធីមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាយើង មាត្រា ៣១ បាននិយាយថា បុគ្គលមានសេរីភាពទាំងអស់ មានសិទ្ធិ មានសេរីភាពគ្រប់គ្នា ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុសុ្ស ត្រូវមានព្រំដែនច្បាប់ និងមិនឲ្យរំលោភដល់កិត្តិយស សេចក្ដីថ្លៃថ្នូរអ្នកដទៃ ឬសិទ្ធិអ្នកដទៃនោះទេ “ ។

លោកកត្តា អ៊ន បន្តថា “ ដូច្នេះទង្វើរបស់នី ណាក់ ប្រឆាំងទុកនឹងសិទ្ធិសេរីភាពរបស់មនុស្ស ជាការរំលោភច្បាប់ ។ អ៊ីចឹងហើយការអនុវត្តកាតព្វកិច្ចនិងច្បាប់នេះ គឺជាការធានាបាននូវយុត្តិធម៌ ការធានាបាននូវកិត្តិយស ការធានាបាននូវការគោរពសិទ្ធិគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌច្បាប់ នៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ដែលជាគោលការណ៍គ្រឹះនៃនីតិរដ្ឋនៅប្រទេសកម្ពុជា ។ បានន័យថា គឺជាការពិតហើយ គឺជាការរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញតែម្ដង ចំពោះអ្វីជាសកម្មភាពរបស់នី ណាក់ ដែលបានធ្វើការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួន ដែលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ឯកឧត្ដមហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ ហើយសេរីភាពបែបនេះ គឺជាសេរីភាពដែលបំពានច្បាប់ ដូច្នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចំពោះតំណាងអយ្យការ​ យល់ឃើញថា ការបង្ហោះសារបែបនេះគឺជាការ​មូល​បង្កាច់ និងប៉ះពាល់ដល់កិត្តិយសលោក ហេង សួរ និងមានចេតនាឲ្យមានការ​ភាន់​ច្រឡំ គឺខ្ញុំសុំបញ្ជាក់ថា តុលាការ គេធ្វើចំណាត់ការតាមផ្លូវច្បាប់ ដោយសារសកម្មភាពរបស់នី ណាក់ វាមានធាតុផ្សំនៃបទល្មើស ។ ដូច្នេះបានតុលាការ ធ្វើការចោទប្រកាន់ និងធ្វើការឃុំខ្លួនបណ្ដោះអាសន្ន ។ ដូច្នេះយើងទុកពេលវេលាឲ្យតុលាការ បំពេញតួនាទីរបស់ខ្លួន ហើយលោកនី ណាក់ ត្រូវតតាំងចំពោះសមត្ថកិច្ចតុលាការ ។ រឿងនេះ ជាសមត្ថកិច្ចរបស់តុលាការ វាហួសសមត្ថកិច្ចរបស់ក្រសួងហើយ ដូច្នេះទុកឲ្យតុលាការ មានវិធានការតាមផ្លូវច្បាប់…” ។

សូមរំលឹកថា លោក នី ណាក់ អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្រោយការឃាត់ខ្លួន តុលាការដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលកែប្រែទី១ (ម១) ដោយ ចៅក្រម ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង” ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានរំលឹកថា មុននឹងដាក់ពាក្យបណ្ដឹង ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យកែតម្រូវឡើងវិញ នូវសារដែលលោកនី ណាក់ បានបង្ហោះ ដោយអះអាងថា អ្នកដែលទទួលបានដីនៅបូកគោ គឺមិនមែនជាលោករដ្ឋមន្រ្តីហេង សួរ ទេ តែលោក នី ណាក់ នៅតែបន្តផ្សាយបន្ថែមទៀតថា តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃឲ្យធ្វើជាកម្មសិទ្ធិ? ដែលតាម​តំណាងអយ្យការ​ យល់ឃើញថា ការបង្ហោះសារបែបនេះគឺជាការ​មូល​បង្កាច់ និងប៉ះពាល់ដល់កិត្តិយសលោក ហេង សួរ និងមានចេតនាឲ្យមានការ​ភាន់​ច្រឡំ ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះនី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ។ ​បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ ជាងនេះ តុលាការយល់ថា ជនសង្ស័យ មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្ដិឱ្យផ្តន្ទាទោសតាមមាត្រា៨៨ មាត្រា៣០៥ មាត្រា៤៩៣ មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តធម៌ បញ្ជាក់ថា ការឃុំខ្លួនលោកនី ណាក់ គឺពាក់ព័ន្ធនឹងករណីមិនរាងចាល ដែលជននេះធ្លាប់តែប្រព្រឹត្តអ៊ីចឹងនាពេលកន្លងមក ។ ដូច្នេះចំណាត់ការរបស់តុលាការនេះ គឺត្រឹមត្រូវទាំងស្រុងតាមផ្លូវច្បាប់ និងនីតិវិធីច្បាប់ ដែលមានជាធរមាន ។

រីឯអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ គឺមិនដាច់ខាតទេ សិទ្ធិនិងសេរីភាព ត្រូវកំណត់ដោយច្បាប់ ប៉ុន្តែបើសិនជាក្នុងករណីដែលការបញ្ចេញមតិនោះ ធ្វើឲ្យប់ះពាល់ទៅដល់សេចក្ដីថ្លៃថ្នូរ កិត្តិយសរបស់បុគ្គល ឬមួយក៏ប៉ះពាល់ទៅដល់សន្តិសុខជាតិ បុគ្គលដែលបញ្ចេញនូវព័ត៌មាននោះ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ដែលមានជាធរមាន ។

ទោះបីជាយ៉ាងណា នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ភរិយាលោកនី ណាក់ បានអះអាងថា ស្វាមីអ្នកស្រី មានការសោកស្ដាយ និងដឹងកំហុសដែលបានយកព័ត៌មានក្រៅស្រុក យកមកផុសក្នុងបណ្ដាញសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជ្រាវជាមុន ។

ភរិយាលោកនី ណាក់ បានបញ្ជាក់ថា “ កាលពីព្រឹកមិញ (១០ មករា) នាងខ្ញុំបានទៅសួរសុខទុក្ខប្ដីនាងខ្ញុំ នី ណាក់ ឯពន្ធនាគារព្រៃស គាត់បានប្រាប់នាងខ្ញុំថា គាត់មានការសោកស្ដាយ និងដឹងនូវកំហុស ដែលបានយកព័ត៌មានពីសារព័ត៌មានក្រៅស្រុក យកមកផុសក្នុងបណ្ដាញសង្គម ហេ្វសប៊ុក ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជ្រាវជាមុន “ ៕  

RELATED ARTICLES