ខេត្តស្វាយរៀង ៖ បុរសម្នាក់ ព្រោះតែភ្លើងប្រចណ្ឌដុតរោលខ្លាំងពេក ទប់កំហឹងមិន បាន ក៏ស្ទុះទៅទាញស្បែកជើងកែងចោត វាយ ប្រពន្ធ បណ្តាលឱ្យរយះក្បាល រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិគគីរ ឃុំគគីរ ស្រុករមាសហែក។
ជនបង្កហេតុជាប្តី ដែលវាយប្រពន្ធនឹង ស្បែកជើងកែងចោតរយះក្បាលនោះ មានឈ្មោះ ឡឹក លីហ៊ាន អាយុ៤០ឆ្នាំ មុខរបរកសិករ មាន ស្រុកកំណើតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាស- ហែក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ កែវ សុផល អាយុ៣១ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ប្តីប្រពន្ធខាងលើ តែងកើតមានជម្លោះនឹង គ្នាញឹកញាប់ណាស់ ព្រោះតែប្តី គឺជាមនុស្សមាន ចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ ឱ្យតែឃើញប្រពន្ធ និយាយស្តីរកប្រុសណាតែងរករឿងឈ្លោះប្រកែក ភ្លាម។ នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ ខាងលើ បានកើតមានជម្លោះតឹងសរសៃកដាក់ គ្នាយ៉ាងខ្លាំង មូលហេតុដោយសារតែបុរសជា ប្តីកើតចិត្តប្រចណ្ឌនឹងប្រពន្ធ លុះក្រោយពីឈ្លោះ គ្នាមួយសន្ទុះធំ ក៏ស្រាប់តែបុរសជាប្តីបានស្ទុះ ទៅទាញស្បែកជើងកែងចោតរបស់ប្រពន្ធ ទៅ វាយសំពងក្បាលស្ត្រីជាប្រពន្ធ បណ្តាលឱ្យរង របួសរយះក្បាល ហូរឈាមស្រោចខ្លួន។
ប្រភពដដែលបន្តថា បន្ទាប់ពីវាយសំពង ប្រពន្ធឱ្យរងរបួសរួចហើយ បុរសជាប្តីកំណាច បានស្ទុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែកស្ត្រី រងគ្រោះជាប្រពន្ធត្រូវបានអ្នកជិតខាងជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីឱ្យ ក្រុមគ្រូពេទ្យជួយព្យាបាល និងត្រូវក្រុមគ្រូពេទ្យ ដេរមុខរបួសចំនួន៣ថ្នេរ។
ជុំវិញករណីហិង្សាក្នុងគ្រួសារខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន បុរសជាប្តី ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕