Thursday, January 23, 2025
Homeព័ត៌មានជាតិអ្នកនយោបាយប្រឆាំង ស្នើបក្សកាន់អំណាច កុំយកគំនុំបុគ្គលចាស់ ផ្សារភ្ជាប់អ្នកដឹកនាំជំនាន់ថ្មី

អ្នកនយោបាយប្រឆាំង ស្នើបក្សកាន់អំណាច កុំយកគំនុំបុគ្គលចាស់ ផ្សារភ្ជាប់អ្នកដឹកនាំជំនាន់ថ្មី

ភ្នំពេញៈ អ្នកនយោបាយប្រឆាំង នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ស្នើបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) កុំយកគំនុំបុគ្គលជំនាន់ចាស់ មកផ្សារភ្ជាប់មកផ្សារភ្ជាប់ជំនាន់ថ្មី ដើម្បីទុកឲ្យអ្នកជំនាន់ថ្មី ដឹកនាំឲ្យមានវិន័យ និងសណ្ដាប់ធ្នាប់នយោបាយថ្មី ប្រកបដោយគុណធម៌ ។

លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “​ អ្នកនយោបាយជំនាន់ថ្មី ក៏ដូចជាអ្នកដឹកនាំជំនាន់ថ្មី ត្រូវចាប់ផ្ដើមធ្វើនយោបាយឲ្យស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយបែងចែកឲ្យដាច់រវាងគំនុំបុគ្គល នៃអ្នកនយោបាយជំនាន់ចាស់ ដើម្បីទុកឲ្យអ្នកជំនាន់ថ្មី ដឹកនាំឲ្យមានវិន័យ និងសណ្ដាប់ធ្នាប់នយោបាយថ្មី ប្រកបដោយគុណធម៌ “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា សូមចែកគ្នាឲ្យដាច់ កុំផ្សារភ្ជាប់នៃអំពើទុច្ចរិតនយោបាយ ហើយអ្នកបន្តវេន អ្នកជំនាន់ថ្មីនេះ ត្រូវមានគំនិតថ្មី ឈាមថ្មី គិតថ្មី ធ្វើថ្មី ត្រូវរកវិធីណាដែលអាចធ្វើនយោបាយជាមួយគ្នា ក្នុងនាមខ្មែរដូចគ្នា ទោះនិន្នាការបក្សខុសគ្នា ប៉ុន្តែជាគោលនយោបាយប្រកួតប្រជែងដោយចំណេះ បញ្ញា សីលធម៌ និងគុណធម៌ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ យើងឃើញជាច្រើនជំនាន់មកហើយ ពីរដ្ឋាភិបាលអាណត្តិទី១ រហូតដល់អាណត្តិទី៦ តាំងពីសហនាយករដ្ឋមន្រ្តី នៃអាណត្តិទី៦ រវាងសម្ដេចនរោត្តម រណឫទ្ធិ ក៏ដូចជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺថា ធ្វើការក្នុងរដ្ឋាភិបាលចម្រុះ ៣អាណត្តិ ជាសហនាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៦ យើងឃើញថា ដោយសារតែគំនុំនយោបាយបុគ្គល ដោយសារតែការមិនទុកចិត្តគ្នា ខ្លាចបាតបង់អំណាចរៀងៗខ្លួន ក៏កើតឲ្យមានព្រឹត្តិការណ៍បង្ហូរឈាមគ្នា ហើយលេសក្នុងរូបភាពបញ្ហានិន្នាការនយោបាយ ធ្វើឲ្យកើតជាជម្លោះផ្ទៃក្នុងដោយគំនុំចេញពីបុគ្គល យើងឃើញថា ទាំងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ដែលត្រូវបានបណ្ដេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានបណ្ដេញចេញពីតំណាងរាស្រ្ត ដោយសារតែអាគំនុំបុគ្គលរវាងសម្ដេចក្រុមព្រះ ជាមួយនឹងលោកសម រង្ស៊ី ទាក់ទងទៅនឹងលោកហ៊ុន សែន អី យើងឃើញថា មានជម្លោះទាស់ទែងគ្នា នៃគំនុំបុគ្គល រហូតដល់ប្រើពាក្យមានស៊ី អត់សែន មានសែន អត់ស៊ី បន្តបន្ទាប់មក ទោះបីជាក្នុងនយោបាយទុច្ចរិតបែបណា គឺបក្សកាន់អំណាចគាត់មានរូបភាព គ្រប់ទម្រង់ណាដែលកម្ចាត់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ។ ដល់អ៊ីចឹងខ្ញុំចង់បង្ហាញថា គំនុំនយោបាយនៃអ្នកជំនាន់ចាស់ហ្នឹង មិនថាទាំងសម្ដេចក្រុមព្រះ​ ដែលបានសុគតទៅហើយ ក៏ដូចជានៅអ្នកនយោបាយជើងចាស់ នៃអ្នកប្រជាធិបតេយ្យ លោកសម រង្ស៊ី លោកកឹម សុខា ក្ដីហ្នឹង គឺថា បានផុតទៅហើយ សករាជចាស់ ចូលសករាជថ្មី អ៊ីចឹងអ្វីដែលជាគំនុំបុគ្គលរវាងលោកហ៊ុន សែន ជាមួយលោកសម រង្ស៊ី មានស៊ី អត់សែន មានសែន អត់ស៊ី រហូតដល់មានការគុំកួនគ្នាបន្តពីអាណត្តិឪពុករហូតមកដល់អាណត្តិកូនហ្នឹង គឺថា នៅតែមានការវាយប្រហារនៃគំនុំបុគ្គលឥតឈប់ឈរ ផ្សារភ្ជាប់ទៅនឹងអ្វីជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ ខ្ញុំថា បញ្ចប់នូវអាវប្បធម៌សងសឹក វប្បធម៌គុំកួនរវាងខ្មែរនិងខ្មែរ ហើយយកគំនុំបុគ្គលហ្នឹងមកបូកដកជាមួយនឹងផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ ធ្វើឲ្យជាតិ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ នៅក្នុងអ្វីដែលមេដឹកនាំជំនាន់មុនហ្នឹង ចេះតែចង់ឈ្នះចាញ់គ្នា ដោយមិនមានការជជែកគ្នានូវវប្បធម៌សន្ទនាបែបណាឲ្យមានការជឿជាក់ ផ្សះផ្សារបួសស្នាមបែកបាក់ ធ្វើយ៉ាងម៉េចកុំឲ្យវាមានគំរូអាក្រក់មកដល់អ្នកជំនាន់ថ្មី “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងបានខ្ញុំចង់ឲ្យអ្នកជំនាន់ថ្មីហ្នឹង គឺថា ចែកឲ្យដាច់ កុំផ្សារភ្ជាប់នូវគំនុំបុគ្គលនៃអ្នកជំនាន់ចាស់ ដូចថាអ្នកដឹកនាំចាស់ៗហ្នឹង គាត់ឈ្លោះគ្នា គាត់វាយប្រហារគ្នា រហូតដល់ប្រើពាក្យអសុរោះ បាត់នូវសីលធម៌ ក្នុងភាពជាអ្នកដឹកនាំ អ៊ីចឹងហើយយកអាការផ្សារភ្ជាប់នៃការបន្តវេនយកមកវ៉ៃប្រហារ យកមកសាបព្រោះឥតឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ពីមួយអាណត្តិទៅមួយអាណត្តិ ខ្ញុំថា សូមចែកគ្នាឲ្យដាច់ កុំផ្សារភ្ជាប់នៃអំពើទុច្ចរិតនយោបាយណា ហើយអ្នកបន្តវេន អ្នកជំនាន់ថ្មីនេះ មានគំនិតថ្មី ឈាមថ្មី គិតថ្មី ធ្វើថ្មី ត្រូវរកវិធីណាដែលយើងអាចធ្វើនយោបាយជាមួយគ្នា ក្នុងនាមខ្មែរដូចគ្នា និន្នាការបក្សខុសគ្នា ប៉ុន្តែជាគោលនយោបាយប្រកួតប្រជែងដោយចំណេះ ដោយបញ្ញា ដោយសីលធម៌ និងគុណធម៌ ហើយកុំផ្សារភ្ជាប់នៃអំពើទុច្ចរិត អំពើអាក្រក់ណាយកមកឲ្យសម្រាប់ឈាមចាស់ ។ បើឈាមចាស់វាល្អ វាមិនអីទេ តែបើអាឈាមចាស់នៃមេរោគចាស់ នៃជំងឺតួឯក ជំងឺអាត្មានិយម ជំងឺមានតែអញបានធ្វើកើត ក្រៅពីអញ គ្មានអ្នកណាធ្វើកើត អាហ្នឹងហើយដែលវាផ្សារភ្ជាប់មកអ្នកថ្មី វាជាទម្លាប់អាក្រក់មួយសម្រាប់ដល់អ្នកជំនាន់ថ្មី ក្នុងការរៀបចំប្រទេសជាតិ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ ខ្ញុំថាបទពិសោធន៍ដែលធ្វើឲ្យយើងជួបវិបត្តិនយោបាយ ការបែកបាក់ផ្ទៃក្នុងជាតិ ការបែកបាក់នៃការយកគំនុំបុគ្គលហ្នឹងមកធ្វើការឈ្លោះប្រកែកគ្នា ដោយសារតែជំងឺតួឯក ដោយសារតែចង់ដណ្ដើមគ្នា បង្ហាញនូវមហិទ្ធិឫទ្ធិ ដែលជាមហិទ្ធិឫទ្ធិមួយគ្រោះថ្នាក់ប្រទេសជាតិ គ្រោះថ្នាក់ដល់ប្រជារាស្រ្ត ហើយមិនបានគោរពតាមគោលការណ៍នីតិរដ្ឋ គោរពរដ្ឋធម្មនុញ្ញ នៅតែមានការវាយប្រហារគ្នានៃគំនុំបុគ្គល ស៊ីសាច់ហុតឈាមគ្នា ដើម្បីតែអំណាច ដើម្បីតែបក្ខពួក ខ្ញុំថា វាជារឿងមួយមិនមែនជាគំរូសម្រាប់អ្នកជំនាន់ថ្មីទេ ។ អ៊ីចឹងហើយទុកឲ្យអ្នកជំនាន់ថ្មីនេះ ដែលពោរពេញទៅដោយចំណេះដឹង ពោរពេញដោយភាពក្លាហាន ហើយចង់ឲ្យឃើញមានមេត្តា ករុណា ក្នុងការធ្វើនយោបាយបែបណា រក្សានូវវិន័យ ។ វិន័យហ្នឹង មានន័យថា នីតិរដ្ឋ យកច្បាប់ជាធំ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស អ្នកដឹកនាំគឺជាអ្នកបម្រើ ខ្ញុំរបស់រាស្រ្ត ។ អ៊ីចឹងហើយយើងធ្វើទៅតាមតម្លាភាព សុចរិតភាព គណនេយ្យភាព នៃការដឹកនាំរដ្ឋបាលសាធារណៈ ក៏ដូចជាអភិបាលកិច្ចល្អហ្នឹង គឺថា យើងរក្សានូវសណ្ដាប់ធ្នាប់នយោបាយថ្មីមួយប្រកបទៅដោយគុណធម៌ គុណធម៌ដែលយើងមានសីល សមាធិ បញ្ញា សីលធម៌ដែលមាន សច្ច ខន្តី កត្តញ្ញូ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ អ៊ីចឹងហើយយើងក្នុងនាមជាអ្នកដឹកនាំ យើងត្រូវធ្វើយ៉ាងម៉េចកុំឲ្យជាតិហ្នឹងយើងលិចលង់ដោយសារតែភាពអនាធិបតេយ្យនៃការដឹកនាំ បក្ខពួក គ្រួសារនិយម ។ យើងធ្វើម៉េចដើម្បីឲ្យប្រទេសជាតិហ្នឹងមានសណ្ដាប់ធ្នាប់ មានអ្វីដែលជាការមើលទៅមានសុភមង្គល សុខដុមរមនា ដើម្បីសម្រាប់ជាតិ សម្រាប់ប្រជារាស្រ្ត ខ្ញុំថាអ្នកដឹកនាំហ្នឹងហើយ អ្នកជំនាន់ថ្មីហ្នឹងហើយ ដែលយកយកចំណេះដឹងមកហើយ ហើយរៀនចេះអៀនខ្មាស មានសេចក្ដីថ្លៃថ្នូរ កុំភូតភរកុហក បញ្ចើចបញ្ចើរ នយោបាយប្រជាភិថុតិហ្នឹងហើយ ដែលធ្វើឲ្យជាតិគ្រោះថ្នាក់ ធ្វើឲ្យប្រជារាស្រ្តហ្នឹងមានការរើសអើង និន្នាការបក្ស ។ អាហ្នឹងហើយដែលធ្វើឲ្យយើងមិនអាចទទួលយកនូវសុខសន្តិភាពពិតបាន ក្រៅពីបញ្ចើចបញ្ចើរ ភូតភរ កុហក អាហ្នឹងហើយភូតច្រើន ចាញ់អាត្មា តាមទាន់ជាន់កែង ដល់យូរៗទៅ វាជាទៅជាអនាធិបតេយ្យនៃការដឹកនាំ គ្រួសារ បក្ខពួកនិយម មិនយកច្បាប់ជាធំ យកអញធំជាងច្បាប់ ច្បាប់របស់អញ អាហ្នឹងគឺប្រទេសជាតិនឹងរលាយហើយ “ ៕

RELATED ARTICLES