ភ្នំពេញ ៖ តារាសម្តែង មេម៉ាយកូន១ ភិន សុដាលីស កូនស្រីម្ចាស់ផលិតកម្មមហាហង្ស ដែលជាអតីត សង្សាររបស់តារាសម្តែង ប៉ែន ចំរ៉ុង នោះ ពេលនេះបានរកឃើញគូស្នេហ៍ថ្មី ដោយបានដឹកដៃគ្នាភ្ជាប់ ពាក្យតាមប្រពៃណីខ្មែរ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
គូស្នេហ៍ថ្មី ដែលបានក្លាយជាគូដណ្តឹងរបស់ភិន សុដាលីស នៅពេលនេះ គឺជាបុរសសង្ហាម្នាក់ ឈ្មោះហ៊ីង លាងហេង អាយុជាង៣០ឆ្នាំ ។

តាមប្រភពមិត្តភក្តិរបស់ភិន សុដាលីស បានឲ្យដឹងថា ពិធីភ្ជាប់ពាក្យរបស់ភិន សុដាលីស មិនបានហៅ ភ្ញៀវច្រើនទេ គឺមានតែក្រុមគ្រួសារ សាច់ញាតិទាំងសងខាង និងមិត្តភក្តិជិតដិតប៉ុណ្ណោះដែលត្រូវបាន អញ្ជើញឲ្យចូលរួម។

ប្រភពដដែល បន្តថា ភិន សុដាលីស និងបុរសជាគូដណ្តឹង បានទាក់ទង សិក្សាមើលចិត្តគ្នាច្រើនឆ្នាំមកហើយ មុននឹងដាលីស សម្រេចចិត្តភ្ជាប់ពាក្យនៅពេលនេះ ដោយសារនាងធ្លាប់ឆ្លងកាត់ស្នេហាអតីតកាល បន្សល់ នូវការឈឺចាប់ ព្រោះតែនាងឆាប់ជឿសម្តីទឹកឃ្មុំរបស់ប្រុសព្រាន រហូតលង់ខ្លួនបង់ប្រាណ ក្លាយជាមេម៉ាយកូន១ ទាំងវ័យក្មេង ដែលសព្វថ្ងៃកូនស្រីរបស់នាង មានអាយុ ៧ឆ្នាំហើយ។

ភិន សុដាលីស បានថ្លែងអំណរគុណញាតិមិត្ត និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាចូលរួម និងជូនពរជ័យដល់នាងនិងគូដណ្តឹង ក្នុងពិធីភ្ជាប់ពាក្យ។

ភិន សុដាលីស បានបង្ហោះរូបភាពនៃពិធីភ្ជាប់ពាក្យរបស់នាង ជាច្រើនសន្លឹក ក្នុងទំព័របណ្តាញសង្គម ហ្វេស ប៊ុក របស់នាង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាមួយសំណេរថា «អរគុណញាតិមិត្តនិងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមនិងឲ្យពរជ័យដល់ពួកយើងទាំង២។យើងខ្ញុំសូមជូនពរឲ្យញាតិមិត្តនិងភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងសម្រេច គ្រប់បំណងប្រាថ្នា អ្នកអត់ទាន់មានគូ សូមឲ្យជួបគូសមប្រកបឆាប់ៗណា»។

លោកអ៊ិន សុភិន ឪពុកបង្កើតរបស់ភិន សុដាលីស ក៏បានបង្ហោះរូបភាពពិធីភ្ជាប់ពាក្យកូនស្រីរបស់លោក និង បញ្ជាក់ពីថ្ងៃពិសេសរបស់កូនស្រីលោកផងដែរ៕ ខៀវទុំ




