ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ បានព្រមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ នោះមក មេបក្សខ្មែរតែមួយ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា គណបក្សទាំង៣នេះ អាចប្រឈមនឹងរំលាយចោល ដូចអតីតគណបក្សសង្គ្រោះជាតិ ។
លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា ជាការយល់ឃើញរបស់លោក ក្រោយពីក្រសួងមហាផ្ទៃ ចេញសេចក្ដីព្រមាន យោងទៅលើលិខិតលោកសម រង្ស៊ី បានអំពាវនាវដល់គណបក្សទាំង៣ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ឲ្យរក្សាព្រលឹងតែមួយ ដែលនេះជាចេតនាច្រណែនឈ្នានីសរបស់លោកសម រង្ស៊ី ដែលចង់ឲ្យគណបក្សទាំងនោះត្រូវរំលាយចោល។
លោកគុជ លី បានមានប្រសាសន៍ថា “ហ្នឹងហើយ! ជុំវិញគណបក្សទាំង៣ ដែលបានក្រសួងមហាផ្ទៃ ព្រមាន យោងទៅលើលិខិតលោកសម រង្ស៊ី បានអំពាវនាវចំពោះគណបក្សទាំង៣ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ។ អ៊ីចឹងយើងយល់ឃើញថា គណបក្សទាំង៣ នេះ អាចនឹងប្រឈមរំលាយចោលរបស់ក្រសួងមហាផ្ទៃ ព្រោះដោយសារលោកសម រង្ស៊ី មានចេតនា ។ ចេតនារបស់លោកសម រង្ស៊ី ទី១ គឺធ្វើនយោបាយឈ្នានីស នៅពេលដែលគណបក្សរបស់គាត់ គឺជាគណបក្សភ្លើងទៀន ហើយនិងគណបក្សសង្រ្គោះជាតិ ដែលចាត់ទុកថាជាគំនិតផ្ដួចផ្ដើមរបស់ពួកគាត់ ត្រូវបានក្រសួងមហាផ្ទៃ រារាំងមិនឲ្យគាត់ធ្វើដំណើរការ ។ អ៊ីចឹងហើយមានតែនយោបាយឈ្នានីស គឺលោកសម រង្ស៊ី មានចេតនាធ្វើលិខិតចំហ មកគណបក្សទាំង៣ ។ អ៊ីចឹងការដែលធ្វើលិខិតចំហនេះ ហាក់ដូចជាបង្ហាញភ័ស្តុតាងដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីកត់សម្គាល់ទុក នៅថ្ងៃណាមួយដែលគណបក្សទាំងអស់ហ្នឹង ដែលគាត់បានធ្វើសកម្មភាពអ្វីប្រាសចាកនឹងច្បាប់បន្តិច គឺគេរំលាយចោល ដូចគណបក្សសង្រ្គោះជាតិ ខាងដើម ។ យើងឧទាហរណ៍ គំរូលោកកឹម សុខា នៅពេលដែលគាត់ដើរនិយាយគ្រប់ទីកន្លែងសាធារណៈ អ៊ីចឹងសំឡេងរបស់គាត់ត្រូវបានគេកត់សម្គាល់នៅកន្លែងអ្វីដែលខុសឆ្គង អ៊ីចឹងមោទនភាពរបស់លោកកឹម សុខា គឺអួតអាងថាបរទេសនៅពីក្រោយខ្នង ហើយមានលុយ តាមរយៈអង្គការ IRI អី ជួយឲ្យគាត់ធ្វើ មានអង្គការសិទ្ធិមនុស្សអីអ៊ីចឹង គឺមានអាមេរិកាំង អីនៅពីក្រោយ គាត់ភ្លេចខ្លួន គឺការអួតអ៊ីចឹង» ។
លោកគុជ លី បន្តថា «អ៊ីចឹងគំរូហ្នឹង ធ្វើឲ្យលោកសម រង្ស៊ី បានយកដកស្រង់អតីតកាល មកបង្ហាញជាភ័ស្តុតាងសម្រាប់រាជរដ្ឋាភិបាល ដើម្បីរំលាយគណបក្សទាំង៣ ហ្នឹងចោល នៅថ្ងៃណាមួយ ចៀសមិនផុត ពីព្រោះដូចខ្ញុំលើកទឡ្ហីករណ៍ខាងលើអ៊ីចឹង យើងមើលឃើញថា លោកសម រង្ស៊ី នេះ ធ្វើនយោបាយច្រណែនឈ្នានីសជាមួយនឹងគណបក្សប្រជាជន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ហើយនិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត តែម្ដង ពីព្រោះគាត់រកអ្នកបន្តវេនមិនបាន ពីព្រោះគាត់ធ្វើនយោបាយយូរៗសុញគំនិត ក្លាយទៅជាអ្នកនយោបាយឈ្នានីស ហើយអ្នកនយោបាយឈ្នានីសនេះ ពិបាកនឹងធ្វើការកសាងនូវទំនុកចិត្តខ្លួនឯងណាស់ ព្រោះដេកភ័យ ដេកខ្លាច ដេកខ្លាចស្រមោលខ្លួនឯង ដេកភ័យខ្លាចបាត់បង់ប្រជាប្រិយភាព ដេកភ័យខ្លាចអ្នកនៅជុំវិញខ្លួនរបស់យើងហ្នឹង គឺរត់ចោលទៅទៀត ។ ជាពិសេសគឺអាម៉ីអាថោង នៅប៉ុន្មាននាក់ហ្នឹង ក៏មិនសូវទុកចិត្តដែរ ដូចជាអេង ឆៃអ៊ាង មួរ សុខហួរ នៅមានមន្ទិលសង្ស័យថា ថ្ងៃណាមួយ នឹងរត់ចោលលោកសម រង្ស៊ី ខ្លួនឯងតែម្ដង ។ អ៊ីចឹងហើយមានតែបង្កើតព្រឹត្តិការណ៍ ដើម្បីទប់កម្លាំងនៅក្នុងប្រទេសកម្ពុជា ថាធ្វើម៉េចកុំឲ្យពន្លកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដុះដាលទៅតាមគណបក្សថ្មី គឺកម្លាំងជាតិ តែម្ដង ពីព្រោះកម្លាំងជាតិនេះ គឺជាគណបក្សដែលប្រមូលបំផ្លាញគណបក្សភ្លើងទៀន ដោយទាំងស្រុងតែម្ដង ។ អ៊ីចឹងហើយ លោកសម រង្ស៊ី ដេកភ័យណាស់ ពីព្រោះស្នាដៃរបស់គាត់ជាអ្នកស្ថាបនិករបស់គណបក្សភ្លើងទៀន ហើយត្រូវបានគេរំលាយដោយស្វ័យប្រវត្តិ គឺខ្លួនឯងហ្នឹងតែម្ដង ដោយសារយើងកញ្ជើធ្លុះ ទុកឯកសារ ឬហៅថាសំបុត្រកំណើត របស់គណបក្ស មិនបាន» ។
លោកគុជ លី បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយក្រោយពីបោះឆ្នោតអសកល ព្រឹទ្ធសភា រួចហើយ គណបក្សភ្លើងទៀន នឹងស្លាប់ដោយស្វ័យប្រវត្តិដោយខ្លួនឯង ។ អ៊ីចឹងលោកសម រង្ស៊ី បានឃើញនូវចំណុចហ្នឹងហើយ ក៏ឈានឱកាសធ្វើល្បែងនយោបាយសាធារណៈ ដោយធ្វើលិខិតចំហនេះ គឺថាគណបក្សកម្លាំងជាតិ នឹងស្លាប់ដោយស្វ័យប្រវត្តិ នៅថ្ងៃណាមួយ បើសិនជាលោកសម រង្ស៊ី ស្លាប់ គឺត្រូវតែឲ្យគណបក្សផ្សេងស្លាប់ ។ អ៊ីចឹងនេះ គឺជាអ្នកនយោបាយទុច្ចរិតមួយ មិនចង់ឲ្យអ្នកបន្តវេន កសាងលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមនៅប្រទេសកម្ពុជា បានរស់កសាងដោយកម្លាំងខ្លួនឯងទេ ពីព្រោះគាត់និយមប្រជាធិបតេយ្យបរទេស ធ្វើម៉េចឲ្យកូនខ្មែរយើងឈ្លោះគ្នា គ្មានថ្ងៃឈប់ឡើយ ។ អ៊ីចឹងហើយខ្ញុំត្រលប់មកវិញ ខ្ញុំយល់ឃើញថា លោកសម រង្ស៊ី គឺជាអ្នកនយោបាយឈ្នានីស ច្រណែន គុំកួន សងសឹក ពីឪពុក មកដល់កូន ឥឡូវនេះ គាត់ធ្វើជានយោបាយចាប់ផ្ដើមច្រណែនឈ្នានីសជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន សម្ដេចធិបតី ហ៊ុន ម៉ាណែត ។ អ៊ីចឹងនាទីចុងក្រោយរបស់គាត់ គឺទៅតាមកម្ទេចគ្រប់រូបភាព មុននឹងគាត់ចែកឋាន ច្បាប់ធម្មជាតិកាត់ទោសឲ្យគាត់“ ។
សូមបញ្ជាក់ថា ស្របពេលដែលការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ឆ្នាំ២០២៤ ខិតជិតចូលមកដល់ និងខណៈដែលគណបក្ស២ ដែលមានប្រភពចេញពីគណបក្សសម រង្ស៊ី គឺគណបក្សឆន្ទៈខ្មែរ (គណបក្សសម្ព័ន្ធភាពអនាគតគណបក្សភ្លើងទៀន) និងគណបក្សកម្លាំងជាតិ (គណបក្សបង្កើតថ្មី) បានដាក់បេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភា នៅភូមិភាគដូចគ្នា ហើយកំពុងប្រទាញប្រទង់គ្នារឿងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង២ពាន់នាក់នោះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានផ្ញើសារជូនចំពោះតំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា ជាពិសេស ឲ្យគណបក្សទាំង២ សហការគ្នា ចៀសវាងការប្រកួតប្រជែងគ្នា នៅតាមភូមិភាគនីមួយៗ ព្រោះបើប្រកួតប្រជែងគ្នានៅក្នុងភូមិភាគណាមួយ ច្បាស់ជាបរាជ័យទាំងពីរ ។
សាររបស់លោកសម រង្ស៊ី ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា “ខ្ញុំ សម រង្ស៊ី សូមអំពាវនាវដល់តំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា ឲ្យរួបរួមគ្នា ហើយសហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅស្រុកយើង។ ក្នុងន័យនេះ សូមកុំឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក ហើយត្រូវតែចែកតួនាទីគ្នា ដើម្បីទទួលបានជ័យជំនះរួម។ នៅពេលនេះ មានគណបក្សនយោបាយ ៣ ដែលតំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ហើយដែលមានអ្នកគាំទ្រចេញមកពីប្រភពដើមតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ“ ។
សាររបស់លោកសម រង្ស៊ី បន្តថា “សូមឲ្យអ្នកគាំទ្រ និងសកម្មជនគណបក្សទាំង ៣ នេះ រក្សាភាពស្មោះត្រង់ ចំពោះប្រទេសជាតិ និងប្រជារាស្រ្ត មានន័យថារក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នា ឈរលើសីលធម៌ សច្ចធម៌ យុត្តិធម៌។ អ្វីដែលសំខាន់បំផុត គឺឧត្តមគតិដើមរបស់យើងនេះហើយ ដែលធ្វើឲ្យព្រលឹងខ្មែរ ព្រលឹងជាតិ រស់រវើកជានិច្ច។ ឈ្មោះគណបក្ស មិនសំខាន់ប៉ុន្មានទេ ពីព្រោះយើងអាចប្តូរឈ្មោះគណបក្ស ឬប្តូរគណបក្សតែម្តង តាមអ្វីដែលកាលៈទេសៈតម្រូវ។ អ្វីដែលសំខាន់បំផុត គឺព្រលឹងយើង ដែលនៅរស់រវើក ហើយគ្មានការប្រែប្រួលអ្វីឡើយ។ យើងអាចប្តូរគណបក្ស តាមអ្វីដែលកាលៈទេសៈតម្រូវ ដូចយើងប្តូរ សម្លៀកបំពាក់អ៊ីចឹងដែរ។ គណបក្សគ្រាន់តែជាសម្បកក្រៅទេ ដែលអាចមានការប្រែប្រួល តែព្រលឹង យើងមានតែមួយ ហើយនៅដដែល“ ។
សាររបស់លោកសម រង្ស៊ី បន្តទៀតថា “ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃ ២៥ កុម្ភៈ ២០២៤ ត្រូវតែមានការសហការគ្នា រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដោយចៀសវាងការប្រកួតប្រជែងគ្នា នៅតាមភូមិភាគនីមួយៗ។ បើគណបក្ស ២ នេះ ប្រកួតប្រជែងគ្នា នៅក្នុងភូមិភាគណាមួយ គឺគណបក្សទាំងពីរ ច្បាស់ជាបរាជ័យទាំងពីរ។ ចំពោះអង្គបោះឆ្នោត ដែលជាសមាជិកគណបក្សភ្លើងទៀន ត្រូវប្រកាន់វិន័យបោះឆ្នោត ដោយសម្ងាត់ ឲ្យគណបក្សប្រជាធិបតេយ្យតែមួយ នៅក្នុងភូមិភាគនីមួយៗ ដើម្បីធានាជោគជ័យរួម នៃកម្លាំងប្រជាធិបតេយ្យ។ ការជ្រើសរើសគណបក្សណាមួយ រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ នៅក្នុងភូមិភាគនីមួយៗ នឹងត្រូវសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ តាមការចាំបាច់។ អង្គបោះឆ្នោត មិនចាំបាច់បង្ហាញជំហររបស់ខ្លួនជាសាធារណៈក៏បានដែរ មិនចាំបាច់ឲ្យអ្នកក្រៅ ដឹងពីជំហររបស់ខ្លួនក៏បានដែរ ដើម្បីធានាសន្តិសុខ និងលំនឹងនៃការងារទៅថ្ងៃមុខ សម្រាប់អង្គបោះឆ្នោតម្នាក់ៗ។ អ្វីដែលសំខាន់បំផុត គឺអង្គបោះឆ្នោត ត្រូវបោះឆ្នោតដោយសម្ងាត់ តាមសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ហើយតាមវិន័យដូចបានរៀបរាប់ពីខាងលើ ហើយដែលនឹងត្រូវបញ្ជាក់ក្នុងពេលឆាប់ៗខាងមុខនេះ“ ។
ក្រោយបានឃើញសារអំពាវនាវរបស់លោកសម រង្ស៊ី ខាងលើនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ព្រមានគណបក្សនយោបាយមួយចំនួន ជាពិសេសគណបក្ស៣ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ដែលពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា “ថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយរបស់ខ្លួន។ ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ សូមព្រមានទុកជាមុន ចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេសមាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះ បានកំណត់ច្បាស់ថា “ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬគប់គិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានហាមឃាត់ ។
ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។
ក្រសួងមហាផ្ទៃ អំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ»។
ឆ្លើយតបទៅនឹងការព្រមាន របស់ក្រសួងមហាផ្ទៃ ខាងលើនេះ គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បដិសេធថា មិនពាក់ព័ន្ធជាមួយបុគ្គលទាំងឡាយណាដែលជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋឬមជ្ឈិមឡើយ ដោយបញ្ជាក់ថា គណបក្សភ្លើងទៀន បានដំណើរការការងារនិងធ្វើសេចក្ដីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយនយោបាយណាមួយឡើយ ។
គណបក្សភ្លើងទៀន បានបញ្ជាក់ជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន បានធ្វើសកម្មភាពនយោបាយទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាល ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយអហិង្សា និងសន្តិវិធី ផ្អែកលើមូលដ្ឋានបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា ពិសេសសច្បាប់ស្តីពីគណបក្សនយោបាយ ហើយប្រឆាំងដាច់ខាត និងមិនទទួលខុសត្រូវនូវរាល់ទង្វើ និងសកម្មភាពរបស់បុគ្គលទាំងឡាយណាដែលរំលោភបំពានច្បាប់ឡើយ ។
ជាមួយគ្នានេះដែរ គណបក្សឆន្ទៈខ្មែរ ដែលត្រូវបានគណបក្សភ្លើងទៀន សម្រេចជ្រើសរើសប្រើឈ្មោះនិងរូបសញ្ញាលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ថា គណបក្សឆន្ទៈខ្មែរ មានការចាំបាច់បកស្រាយការលាបពណ៌ខុសការពិត និងបំផ្លាញផលប្រយោជន៍អ្នកប្រជាធិបតេយ្យគ្រប់ពេល ។ គណបក្សឆន្ទៈខ្មែរ មានអធិបតេយ្យ និងមានការទទួលខុសត្រូវពេញលេញលើសេចក្ដីសម្រេចនានារបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់ប្រទេស និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។
គណបក្សឆន្ទៈខ្មែរ បានបញ្ជាក់សង្កត់ធ្ងន់ថា គណបក្សឆន្ទៈខ្មែរ តំណាងគណបក្សភ្លើងទៀន ជាគណបក្សមួយ ក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត តែមួយគត់ ដែលមានម្ចាស់ឆ្នោត និងអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងស្រុង ពីឆ្នាំ២០២២ មិនអាចផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត និងគោលការណ៍ប្រជាធិបតេយ្យឡើយ ។
ដោយឡែក គណបក្សកម្លាំងជាតិ មិនបានចេញសេក្ដីថ្លែងការណ៍ ឆ្លើយតបទៅក្រសួងមហាផ្ទៃទេ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ ប៉ុន្តែលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ និងជាអតីតសហការីលោកសម រង្ស៊ី មុននេះបានប្រកាសថា លោកពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមតស៊ូ លះបង់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយគណបក្សកម្លាំងជាតិ គាំទ្រសារនយោបាយរបស់អ្នកប្រជាធិបតេយ្យគ្រប់រូប ដែលអំពាវនាវឱ្យកម្លាំងអ្នកប្រជាធិបតេយ្យនៅគ្រប់មជ្ឈដ្ឋាន រួបរួមគ្នា សហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។
ជុំវិញសារព្រមានរបស់ក្រសួងមហាផ្ទៃ ខាងលើនេះដែរ លោកអេង ឆៃអ៊ាង អនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ក្នុងន័យជំរុញទៅបក្សប្រឆាំង បានជូនយោបល់ដល់មេដឹកនាំនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា ថាប្រសិនបើភ័យខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយបក្សប្រឆាំងទៅ ព្រោះប្រជាពលរដ្ឋ នឹងមិនបោះឆ្នោតឲ្យគណបក្សដែលមានមេដឹកនាំភ័យខ្លាចនោះទេ៕ កុលបុត្រ