Thursday, January 23, 2025
Homeព័ត៌មានជាតិអ្នកឃ្លាំមើលថា ខ្មែរនឹងខាតបង់ បើរកស៊ីប្រេង-ឧស្ម័ន រួមគ្នាជាមួយថៃ នៅតំបន់ត្រួតស៊ីគ្នា

អ្នកឃ្លាំមើលថា ខ្មែរនឹងខាតបង់ បើរកស៊ីប្រេង-ឧស្ម័ន រួមគ្នាជាមួយថៃ នៅតំបន់ត្រួតស៊ីគ្នា

ភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ គ្រោងបើកការចរចាជាថ្មី លើគម្រោងអភិវឌ្ឍន៍ប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំជាង ២ម៉ឺនម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ នៅក្នុងដើមខែកុម្ភៈ ខាងមុខនេះ អ្នកឃ្លាំមើលនិងអ្នកនយោបាយប្រឆាំង បានលើកឡើងថា កិច្ចចរចានេះ នឹងមិនអាចរកដំណោះស្រាយរួមគ្នា ដើម្បីបញ្ចប់ជម្លោះ និងជំរុញឱ្យគម្រោងអភិវឌ្ឍន៍ប្រេងនិងឧស្ម័ន នៅតំបន់ជម្លោះនេះ ទទួលបានជោគជ័យនោះទេ ។ ប៉ុន្តែបើខ្មែរ យល់ព្រមរកស៊ីជាមួយថៃ នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ខ្មែរ នឹងខាតបង់ទាំងធនធានធម្មជាតិ (ប្រេង ឧស្ម័ន) និងដែនសមុទ្ររបស់ខ្លួន ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងអនុប្រធានវេទិកាពលរដ្ឋ និងលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាអតីតប្រធានគណៈកម្មការកិច្ចការព្រំដែន នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានសរសេរអត្ថបទរួមគ្នាមួយ ដោយលើកឡើងថា ខ្មែរ នឹងខាតបង់ បើសិនរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅតែមានះយល់ព្រមជាមួយថៃ ដែលគ្រោងបើកការចរចាជាថ្មី លើគម្រោងរកស៊ីរួមគ្នា អំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ ។

អត្ថបទរបស់លោកម៉ែន ណាត និងលោកអ៊ុំ សំអាន មានខ្លឹមសារថា “តំបន់ត្រួតស៊ីគ្នា ចំនួន ២៦០០០គីឡូម៉ែត្រការ៉េនេះ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់ផ្ទៃសមុទ្រខ្មែរ តាមរយៈថៃ បានចុះកិច្ចព្រមព្រៀងខុសច្បាប់ទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយផ្អែកតាមកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្តខុសច្បាប់ ឆ្នាំ១៩៨២ (ដែលត្រូវបានទុកជា «មោឃៈ» ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងក្នុងទសវត្សរ៍ទី៨០ ធ្វើឡើងក្រោមការត្រួតត្រារបស់វៀតណាម) ។  ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ លោកហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកក ដែរ ករណីដែលថៃ រំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ នោះ។ ប៉ុន្តែកាលនោះ ថៃ ប្រាប់លោកហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាម។ ឮដួច្នោះ លោកហ៊ុន សែន ក៏ស្ងាត់មាត់ ហើយក៏មិនហ៊ានសួរនាំវៀតណាម នូវរឿងនេះទេ“ ។

អត្ថបទដដែល បន្តថា “គម្រោងរកស៊ីរួមគ្នា អំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នានោះ គឺជាការយកសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគត កម្ពុជា នឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ដោយបែងចែកសមុទ្រខ្មែរ ចំនួន ២៦០០០គីឡូម៉ែត្រការ៉េ ជាមួយថៃ ជាមិនខាន។ តាមពិត កម្ពុជា ត្រូវចរចាកំណត់ព្រំដែនសមុទ្រ ជាមួយថៃ ឲ្យត្រឹមត្រូវ យុត្តិធម៌ជាមុនសិន មុននឹងព្រមព្រៀងរកស៊ីរួមគ្នា។ បើមិនដូច្នេះទេ កម្ពុជា នឹងខាតបង់ដែនសមុទ្ររបស់ខ្លួន គឺការបាត់់បង់ទឹកដីមួយផ្នែកទ់ៀតជាមិនខាន។ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀម ដើរតាមចំណុចខ្ពស់បំផុត នៃកោះគុត ឆ្ពោះទៅសមុទ្រ»។ ការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ កម្ពុជា បានបាត់បង់កោះគុត ទាំងស្រុង ទៅប្រទេសថៃ នៅឆ្នាំ២០១០ ដោយសាររដ្ឋាភិបាលលោកហ៊ុន សែន មិនហ៊ានប្តឹងថៃ។ ពេលនេះ កោះគុត បានបាត់បង់ វានាំព្រំដែនសមុទ្រ ក៏បាត់បង់ច្រើនដែរ ព្រោះការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុត នៃកោះគុត ជាគោល។ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ដែលធ្វើឡើងសម័យវៀតណាមត្រួតត្រាកម្ពុជា ក៏ធ្វើឲ្យកម្ពុជា បាត់បង់ដែនសមុទ្រខ្មែរ ទៅថៃនឹងវៀតណាម យ៉ាងច្រើន“ ។

អត្ថបទខាងលើ បន្តទៀតថា “សូមរំឭកទៅរដ្ឋាភិបាលកម្ពុជា នៃលោកហ៊ុន សែន ហ៊ុន ម៉ាណែត ម្តងហើយម្តងទៀតថា ត្រូវធ្វើនិរាករណ៍រាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយ ជាមួយប្រទេសជិតខាង រួចហើយត្រូវចេញមុខតវ៉ាទាមទារទឹកដីខ្មែរ ត្រឡប់មកឲ្យខ្មែរវិញ។ សម្គាល់ ៖ ថៃ រំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ ឆ្នាំ១៩៩៧ (តាមឯកសារលោកស៊ាន ប៉េងសែ)“ ។

បន្ថែមលើខ្លឹមសារក្នុងអត្ថបទខាងលើនេះ លោកម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា ទាក់ទងនឹងតំបន់ត្រួតស៊ីគ្នានេះ បើកម្ពុជា ចរចា ក៏ចាញ់ប្រៀបគេ ហើយបើព្រម ក៏ខាតបង់ ។ ដូច្នេះកម្ពុជា ត្រូវតែប្ដឹងទាំងយួន ប្ដឹងទាំងថៃ ដើម្បីកាន់កាប់ដែនសមុទ្រខ្មែរ សរុប ៩ម៉ឺន៥ពាន់គីឡូម៉ែត្រក្រឡាឡើងវិញ ហើយដំណោះស្រាយបញ្ហាព្រំដែនទឹកនេះ វាមានឯកសារគោល ៣សំខាន់ គឺទី១ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ សម័យអាណានិគមទី២ កិច្ចព្រមព្រៀងក្រុងប៉ារីស និងឯកសារទី៣ គឺអនុសញ្ញាស្ដីពីដែនសមុទ្រ របស់អង្គការសហប្រជាជាតិ ហៅ UNCLOS ឆ្នាំ១៩៨២ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ការដែលរដ្ឋាភិបាលខ្មែរ និងថៃ ព្រមជជែកគ្នាអំពីការរកស៊ីរួមគ្នា នៅលើដែនសមុទ្រត្រួតស៊ីគ្នាហ្នឹង ដែលមានទំហំផ្ទៃក្រឡា ២ម៉ឺន៦ពាន់គីឡូម៉ែត្រក្រឡាហ្នឹង តាមពិតទៅ អាតំបន់ហ្នឹងជាដែនទឹករបស់ខ្មែរទេ យើងមើលតាមផែនទីទៅ ពីព្រោះខ្មែរយើង មានកិច្ចព្រៀមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយក្នុងអនុសញ្ញាហ្នឹង ដូចបានសរសេរនៅក្នុងឯកសារហ្នឹងអ៊ីចឹង បានសរសេរប៉ុន្មានថ្ងៃមុនហ្នឹង អនុសញ្ញាហ្នឹង គេកំណត់យកកោះគុត ជាតំបន់ព្រំដែន តំបន់ខ្ពស់បំផុត តំបន់សម្រាប់កំណត់ព្រំដែនកម្ពុជា-ថៃ លើឈូងសមុទ្រសៀមហ្នឹង ។ ប៉ុន្តែឯកសារហ្នឹង ខ្ញុំបានសិក្សាស្រាវជាមួយលោកអ៊ុំ សំអាន ដែរ ហើយកាលជំនាន់វិស្វករ ស៊ាន ប៉េងសែ គាត់នៅរស់ ក៏បានជជែកគ្នាដែររឿងហ្នឹង គឺវាមានពាក់ព័ន្ធទៅនឹងការងារបច្ចេកទេសខ្លះ ប៉ុន្តែតំបន់ហ្នឹងជាតំបន់របស់ខ្មែរទេ ប៉ុន្តែថៃ ទាមទារការចែកមករកស៊ីរួម ។ ផ្ទៃក្រឡាសមុទ្រខ្មែរយើងទាំងអស់ វាមាន៩៥ពាន់គីឡូម៉ែត្រក្រឡា ហើយខាងសៀម គេយក ៣ម៉ឺនទៅ ខាងយួន គេយក ៣ម៉ឺនទៅ តាមកិច្ចព្រមព្រៀងសៀម-យួន ឆ្នាំ១៩៩៧ ក្រោយរដ្ឋប្រហារ ហើយជំនាន់ហ្នឹង លោកហ៊ុន សែន ក៏គាត់តវ៉ាដែរ ប៉ុន្តែដូចបានបញ្ជាក់ក្នុងឯកសារហ្នឹង គឺខាងទីក្រុងបាងកក ហ្នឹង គេប្រាប់ឲ្យលោកហ៊ុន សែន ទៅតវ៉ាជាមួយយួន ទៅ ពីព្រោះគេធ្វើកិច្ចព្រមព្រៀងជាមួយយួន ហ្នឹង គេផ្អែកទៅលើកិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្រ្ត ដែលលោកហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម ឆ្នាំ១៩៨២នោះ ។ ទាល់តែគេរំលឹកកន្លែងហ្នឹងទៅ លោកហ៊ុន សែន ក៏អត់ហ៊ានតវ៉ាជាមួយយួនទេ ស្ងាត់រហូតមកដល់ឥឡូវហ្នឹង“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងបានមកដល់ឆ្នាំ២០១០ ហ្នឹង គឺម្ដុំកោះគុត ហ្នឹង ខ្ញុំមិនបានជាក់លាក់ដែរទេ ប៉ុន្តែលោកអ៊ុំ សំអាន គាត់បានបញ្ជាក់ថា សៀម យកបាត់ នៅឆ្នាំ២០១០ តំបន់កោះគុត ហ្នឹង ហើយពេលដែលសៀម ដណ្ដើមកាន់កាប់ហើយ ខាងកម្ពុជា អត់ហ៊ានតវ៉ាទេ ។ អ៊ីចឹងសព្វថ្ងៃហ្នឹង ព្រំដែនទឹកយើង ដែលយើងមើលតាមឯកសារគណៈកម្មការព្រំដែន របស់លោកស៊ាន ប៉េងសែ ហ្នឹង គឺខ្មែរយើង នៅសល់ប្រមាណជាង៣ម៉ឺន៥ពាន់គីឡូម៉ែត្រក្រឡាទេ ព្រោះយួន គេយកទៅ ៣ម៉ឺន ទៅបូកទាំងកោះត្រល់ ទាំងអីហ្នឹង ហើយសៀម គេកាត់យក ៣ម៉ឺនទៅ ។ អ៊ីចឹងហើយបានជាយើងថា កម្ពុជា អត់មានត្រូវទៅចែក ទៅរកស៊ីអីជាមួយថៃ ទេ គំនិតរបស់យើង បំណងរបស់យើង កម្ពុជា ត្រូវតែប្ដឹងទាំងយួន ប្ដឹងទាំងថៃ ដើម្បីដណ្ដើមកាន់កាប់ដែនសមុទ្រខ្មែរ សរុប ៩ម៉ឺន៥ពាន់គីឡូម៉ែត្រក្រឡាឡើងវិញ ។ អាហ្នឹងតាមជំហររបស់ក្រុមការងារយើងអ៊ីចឹង គឺយើងត្រូវការធ្វើឯកសារប្ដឹងទាំងថៃ ទាំងវៀតណាម ទៅលើការបែងចែកព្រំដែន ទៅលើការបែងចែកព្រំដែនទឹក ដោយរំលោភទៅលើដែនសមុទ្រខ្មែរ អាហ្នឹងមួយទៅ ។ ប៉ុន្តែរឿងដែលនិយាយពីព្រំដែនទឹក តំបន់ត្រួតស៊ីគ្នានេះ ដូចបានបញ្ជាក់អ៊ីចឹង ពាក់ព័ន្ធនឹងការប្ដឹងផ្ដល់ហ្នឹងឯង ប៉ុន្តែយើងត្រូវដោះស្រាយ រដ្ឋាភិបាលកម្ពុជា អត់ត្រូវព្រមព្រៀងជាមួយថៃ ទេ រឿងហ្នឹង ត្រូវតែដោះស្រាយបញ្ហាព្រំដែនទឹកហ្នឹងជាមុនសិន ហើយកាលណាត្រូវដោះស្រាយ ត្រូវវាស់វែង ហើយបើវាស់វែង ត្រូវទាមទារឯកសារដើមហើយ ហើយឯកសារដើម ពាក់ព័ន្ធនឹងព្រំដែនទឹក ជាមួយថៃ គឺវាមានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហ្នឹង យកអាហ្នឹងមកមើលឡើងវិញ ហើយមើលកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ឡើងវិញ ព្រោះថៃ ក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងដែរ យើងត្រូវតែដោះស្រាយបញ្ហាហ្នឹងជាមុន មិនចេះតែព្រមព្រៀងទេ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងខ្ញុំនិយាយនេះ និយាយពីការខាតបង់ អត់មានចំណេញទេ ទៅដាក់ស៊ីជាមួយថៃ ថៃ យកដែនទឹកយើងហ្នឹង រំលោភយកដែនទឹកយើងហើយ ដាក់ដែនទឹកយើងមករកស៊ី ហើយបើកម្ពុជា យល់ព្រម មានន័យថា កម្ពុជាខាតបង់ កម្ពុជា ចរចាក៏ចាញ់ប្រៀបគេ ហើយបើព្រម ខាតបង់! ហើយដំណោះស្រាយបញ្ហាព្រំដែនទឹក វាមានឯកសារគោល ៣សំខាន់ ។ ឯកសារទី១ សន្ធិសញ្ញាបារាំង-សៀម ១៩០៧ សម័យអាណានិគម ។ ឯកសារទី២ កិច្ចព្រមព្រៀងក្រុងប៉ារីស ហ្នឹងឯង ហើយឯកសារទី៣ គឺអនុសញ្ញាស្ដីពីដែនសមុទ្រ របស់អង្គការសហប្រជាជាតិ ហៅ UNCLOS ឆ្នាំ១៩៨២ ។ អាហ្នឹងកម្ពុជា យកឯកសារហ្នឹងទៅតវ៉ាជាមួយថៃ ដោះស្រាយជាមួយថៃ ហើយបើថាដោះស្រាយទ្វេភាគី មិនចេញទេ រឿងអស់ហ្នឹងត្រូវឡើងទៅតុលាការអន្តរជាតិ ហើយទំនាស់ព្រំដែន កន្លែងប្ដឹងវាមាន គឺតុលាការមជ្ឈិតការអន្តរជាតិ ដែលជាសេនាធិការមួយរបស់អង្គការសហប្រជាជាតិនោះ ។ អ៊ីចឹងបានថា យើងយល់ច្បាស់ណាស់រឿងហ្នឹងថា កម្ពុជា មិនត្រូវទៅស៊ុមគ្រលុំជាមួយថៃ ទេ កាលណាស៊ុមគ្រលុំ យើងខាតបង់ ហើយផលប៉ះពាល់ហ្នឹង គឺបន្ទាប់ពីខាតបង់ហើយ យើងបានអី? គឺរដ្ឋាភិបាលរងគ្រោះ រងនូវការទិតៀនពីប្រជាពលរដ្ឋ រងនូវការទិតៀនពីអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ ដែលគេយល់ដឹងពីបញ្ហាហ្នឹងដែរ ។ អ៊ីចឹងទេ រដ្ឋាភិបាល ត្រូវតែគិតឡើងវិញរឿងហ្នឹង ហើយបើចរចា ត្រូវតែធ្វើឲ្យច្បាស់លាស់ ប្រាកដនិយម អត់ស៊ុមគ្រលុំទេ ហើយបើរដ្ឋាភិបាលហ៊ុន ម៉ាណែត ហ្នឹងស៊ុមគ្រលុំ កម្ពុជាយើង គឺវេទនាធំហើយ“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា បើកម្ពុជា រកស៊ីនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃ អ្វីដែលត្រូវខាតធំ គឺយកធនធានធម្មជាតិ (ប្រេង) របស់យើងទៅចែកជាមួយសៀម នៅថ្ងៃអនាគត តំបន់ ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ដែលជាដែនសមុទ្រខ្មែរ ត្រូវចែកជាមួយសៀម ។ ដូច្នេះដើម្បីកុំឲ្យខាត គឺត្រូវកំណត់ព្រំដែនសមុទ្រជាមុនសិន ដោយយកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហ្នឹង ដែលជាមរតករបស់បារាំង ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! យើងខាតហើយ ព្រោះយើងយកដែនសមុទ្រយើង ទៅរកស៊ីជាមួយសៀម ។ ដែនសមុទ្រ ២ម៉ឺន៦ពាន់គីឡូម៉េត្រការ៉េ ជាដែនសមុទ្ររបស់ខ្មែរ តាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ។ បើយើងគិតពីយកតំបន់ខ្ពស់បំផុត នៃកោះគុត ឆ្ពោះទៅសមុទ្រហ្នឹង គឺតំបន់ ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េហ្នឹង គឺស្ថិតនៅក្នុងដែនសមុទ្រខ្មែរ ១០០% ហើយនៅឆ្នាំ១៩៩៧ ហ្នឹង សៀម ហើយយួន ចុះហត្ថលេខាទ្វេភាគីហ្នឹង ដោយគ្មានកម្ពុជា ដោយសម្អាងទៅលើសន្ធិសញ្ញាដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ដែលលោកហ៊ុន សែន ចុះហត្ថលេខាជាមួយយួន ហ្នឹងទៅយកដែនសមុទ្រខ្មែរយើង អស់៣០ពាន់គីឡូម៉េត្រការ៉េ ។ អ៊ីចឹងតំបន់ត្រួតស៊ីគ្នា ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េហ្នឹង គឺស្ថិតនៅក្នុងតំបន់៣០ពាន់គីឡូម៉ែត្រការ៉េ ដែលសៀម យកពីកម្ពុជា ដណ្ដើមកាន់កាប់ពីកម្ពុជា ឆ្នាំ១៩៩៧ ។ ដូច្នេះខាតហ្នឹង ទី១ យកធនធានធម្មជាតិយើងទៅចែកជាមួយសៀម ទី២ ដល់ថ្ងៃអនាគត តំបន់ ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េហ្នឹង ជាដែនសមុទ្រខ្មែរហ្នឹង ត្រូវចែកជាមួយសៀម ៥០%ម្នាក់ ឬក៏សៀមយក ៦០% យើងយក ៤០% អ៊ីចឹងទៅ ។ អ៊ីចឹងមានន័យថា នៅថ្ងៃអនាគត នៅពេលកំណត់ព្រំដែនសមុទ្រហ្នឹង គឺយើងនឹងខាតមួយតង់ទៀត ខាតដែនសមុទ្រយើងតែម្ដង មិនមែនខាតត្រឹមតែធនធានធម្មជាតិដែលរកស៊ីជាមួយសៀម ទេ ។ ដើម្បីកុំឲ្យខាត គឺត្រូវកំណត់ព្រំដែនសមុទ្រជាមុនសិន ជាមួយសៀម យ៉ាងម៉េចម៉ា គិតរកស៊ីជាមួយគ្នា មិនរកស៊ីជាមួយគ្នា រឿងក្រោយទៀត កំណត់ព្រំដែនសមុទ្រហ្នឹង ត្រូវយកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហ្នឹង ដែលជាមរតករបស់បារាំងហ្នឹង ពេលហ្នឹងយើងកំណត់ព្រំដែនសមុទ្រទៅ ។ បើមិនទាន់កំណត់ព្រំដែនសមុទ្រផង ទៅរកស៊ីរួមគ្នាជាមួយសៀម“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកឃ្លាំមើល និងអ្នកនយោបាយប្រឆាំង ខាងលើនេះ បានធ្វើឡើងក្រោយមានព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ គ្រោងបើកការចរចាជាថ្មី លើគម្រោងអភិវឌ្ឍប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំជាង ២ម៉ឺនម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។ ការចរចាជាថ្មី រវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ  លើការរកផ្លូវចេញនៃជម្លោះតំបន់អភិវឌ្ឍប្រេង និងឧស្ម័នធម្មជាតិ នៅឈូងសមុទ្រថៃ នេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមកាសែតក្នុងស្រុកមួយរបស់ថៃ ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានដកស្រង់សម្ដីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ប៉ានព្រីយ៍ ផៈហិធថានុកន ថាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅប្រទេសថៃ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រធានបទធនធានថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នឹងត្រូវលើកយកមកពិភាក្សា។

ជាមួយគ្នានេះ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីថាមពលថៃ លោកភិឆ័យ ណារីពថាផាន់ បានលើកឡើងដែរថា កិច្ចពិភាក្សានឹងផ្តោតលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ធនធានថាមពលត្រួតស៊ីគ្នា ជាជាងការលើកឡើងពីជម្លោះព្រំដែនសមុទ្រ។ កិច្ចពិភាក្សានេះ គួរតែត្រូវបានបញ្ចប់ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ពោលគឺឱ្យបានមុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបានបញ្ចប់ ដោយលោកអះអាងថា ភាគីកម្ពុជា ក៏ចង់បញ្ចប់កិច្ចចរចានេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរផងដែរ។

ជុំវិញព័ត៌មានខាងលើនេះ “នគរធំ” មិនអាចទាក់ទងការបកស្រាយ ឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អាន សុខខឿន និងអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោកអ៊ឹង ឌីប៉ូឡា បានទេ កាលពីម្សិលមិញ ។ ចំណែកលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មិនអាចទាក់ទងសុំមតិយោបល់បានដូចគ្នា នៅថ្ងៃដដែលនោះ ។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា ការពិភាក្សារវាងកម្ពុជា និងថៃ ដើម្បីផលប្រយោជន៍រៀងខ្លួនទាំងអស់គ្នា នេះគឺជាការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធ្លាប់ទទួលជោគជ័យទាំងសងខាង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ត្រង់កន្លែងហ្នឹងហើយ គឺយើងអនុវត្តនយោបាយឈ្នះ-ឈ្នះទៅ វាបានផលប្រយោជន៍ទាំងអស់គ្នា ។ បើយើងតឹងរ៉ឹងរៀងខ្លួន អាហ្នឹងវាអត់រកចំណុចរួមបាន អាហ្នឹងវាខាតប្រយោជន៍ទាំងអស់គ្នា ខាងថៃ ក៏អត់មានបានផល ខាងកម្ពុជា ក៏អត់មានបានផល តែបើយើងឯកភាពគ្នា រកចំណុចរួមណាមួយបាន វាចេញជាលទ្ធផលរួមហ្នឹង គឺថាជាផលប្រយោជន៍ទាំងអស់គ្នា ។ ហ្នឹងហើយដែលថា ជានយោបាយឈ្នះ-ឈ្នះទាំងអស់គ្នាហ្នឹងឯង ។ បានន័យថា យើងរឹងត្អឹងរៀងខ្លួន អាហ្នឹងបានយើងខាត តែបើសិនណាជាយើងអាចសម្របសម្រួលរកចំណុចរួមណាមួយបាន អាហ្នឹងយើងចំណេញទាំងអស់គ្នា ។ សរុបទៅ ការប្ដឹងផ្ដល់គ្នារកខុសរកត្រូវនេះ វាមិនហុចលទ្ធផលជាវិជ្ជមានទេ តែផ្ទុយទៅវិញ វាផ្ទុយអំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន ធ្លាប់ដាក់នៅកម្ពុជាហ្នឹង ។ អ៊ីចឹងទេ បានជាយើងខិតខំជំរុញធ្វើម៉េច ឲ្យអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា“ ។

សូមបញ្ជាក់ដែរថា តំបន់ទាមទារត្រួតស៊ីគ្នា (OCA) មានទំហំជាង ២ម៉ឺនគីឡូម៉ែត្រការ៉េ (២៦.០០០) ដែលគេប៉ាន់ប្រមាណថា អាចស្តុកទុកប្រេងនិងឧស្ម័ន រហូតដល់ ៥រយលានបារ៉ែល នៅក្រោមបាតសមុទ្រ និងត្រូវការពេលយ៉ាងហោច ៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិ ចេញពីឈូងសមុទ្រនោះ។ ប៉ុន្តែកិច្ចចរចាអភិវឌ្ឍន៍ប្រេងនិងឧស្ម័ន រវាងកម្ពុជា-ថៃ នៅតំបន់នេះ បានជាប់គាំង ជាង ២០ឆ្នាំមកហើយ ដែលបានប្រែក្លាយជាចំណុចនៃជម្លោះរវាងប្រទេសកម្ពុជា និងថៃ។ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចាអភិវឌ្ឍន៍ប្រេងនិងឧស្ម័ន នៅតំបន់នោះ តាំងពីខែមិថុនា ឆ្នាំ២០០១ ប៉ុន្តែត្រូវបានផ្អាកក្នុងពេលថៃ ផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០០៩ ហើយកិច្ចចរចាបានផ្អាកម្ដងទៀត កាលពីចុងឆ្នាំ២០១៩ ដោយសារវិបត្តិជំងឺកូវីដ-១៩ ៕ កុលបុត្រ

RELATED ARTICLES