ភ្នំពេញ៖ប្រតិកម្មពេញបណ្ដាញសង្គមមានការវែកញែកវិភាគទៅលើការការលើកឡើងរបស់តារាចម្រៀងរ៉េបលោកឡេង តារា ហៅខ្មែរមួយជីវិត ដែលបានយល់ថាតារាចម្រៀងលំដាប់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនគូរណាច្រៀងចង្វាក់រ៉េប គូរតែច្រៀងបទបែបប្រពៃណីទើបសាកសមកេរិ៍្ដឈ្មោះអ្នកទាំងពីរនោះដោយក្នុងនោះអ្នកគាំទ្រលោកតារា យល់ថាការនិយាយបែបនេះរបស់របស់លោកមិនខុសទេ ប៉ុន្ដែFan របស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បែជាថាលោកតារាគ្មានសិទ្ធិមកបិទផ្លូវឬហាមមិនឲ្យគេច្រៀងចង្វាក់នេះ ចង្វាក់នោះតាមចិត្តរបស់លោកចង់បានឡើយ ព្រោះទីផ្សារសេរីហើយកន្លងមកលោកសុវត្ថិ-សិរីមន្ដ ក៍មិនដែលហាមឃាត់លោកខ្មែរមួយជីវិតថាមិនឲ្យច្រៀងចង្វាក់ណាផ្សេងក្រៅពីរ៉េប ដែរ។
មជ្ឈដ្ឋានមហាជនរងចាំមើលថាក្រោយមានភាពចង្រូងចម្រាសបែបនេះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលពេលនេះសុទ្ធតែទទួលបានគោរម្យងារជាឧកញ៉ាដូចគ្នានោះនៅតែបន្ដច្រៀងបទរ៉េប តទៅទៀត ឬមួយក៍ឈប់ត្រឹមនេះ?
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ដែលបច្ចុប្បន្នក្លាយទៅជាគ្រូបង្ហាត់បច្ចេកទេសច្រៀងនិងជាគណៈកម្មាការប្រលងចម្រៀងនៅកម្មវិធីមួយចំនួននោះបានឲ្យដឹងថាការលើកឡើងរបស់លោកខ្មែរមួយជីវិតនោះមិនមានអ្វីធ្ងន់ធ្ងររហូតដល់មានការសុំទោសនោះទេ ព្រោះការពិតលោកមានបំណងល្អ។លោកនូ ស៊ឹប អះអាងថាតាមលោកស្ដាប់ការលើកឡើងរបស់ប្អូនខ្មែរមួយជីវិតនោះគឺគ្នាស្រលាញ់ព្រាប សុវត្ថិ ខ្លាំងណាស់ ចង់ឲ្យIdol របស់ខ្លួននៅតែល្អតទៅទៀត ទើបនិយាយបែបនេះឡើង។លោកថាម្នាក់នេះ(ខ្មែរមួយជីវិត)ស្រលាញ់វប្បធ័មខ្លាំង ហើយនិយាយប៉ុណ្ណឹងមិនប៉ះអីដល់តារាទាំងពីរច្រើនទេ ប៉ុន្ដែបើគិតថាពាក្យនោះប៉ះខ្លាំងដល់មុខជំនួញរបស់ពួកគេរឿងនេះលោកក៍គិតមិនដល់ដែរ ។
ឆ្លើយតបសំណួរថាតើក្រោយមានរឿងបែបនេះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គូរតែនៅបន្ដច្រៀងរ៉េប ទៀតឬអត់តាមការយល់ឃើញរបស់លោកនោះលោកនូ ស៊ឹប ថាចង្វាក់រ៉េប នេះគូរតែក្មេងៗទើបត្រូវ ព្រោះពេលខ្លះច្រៀងញាប់ពេកស្ដាប់អត់បានទេ ប៉ុន្ដែបើច្រៀងយឺតបន្ដិចអាចស្ដាប់បាន អត់អីទេ ។លោកនូ ស៊ឹប សង្កត់ថាសរុបទៅការលើកឡើងរបស់ប្អូនខ្មែរមួយជីវិតបែបនេះ លោកអាចវាយតម្លៃបានថាម្នាក់ហ្នឹងស្រលាញ់ព្រាប សុវត្ថិ ខ្លាំង ទើបនិយាយចឹងគឺចង់ឲ្យល្អ ។
ទោះជាមានការលើកឡើងរបស់លោកនូ ស៊ឹប បែបនេះក្ដី ប៉ុន្ដែលោកខេមរៈ សិរីមន្ដ នៅតែចង់ឲ្យខ្មែរមួយជីវិតកែប្រែពាក្យពេជន៍របស់ខ្លួនឡើងវិញ ខណៈដែលលោកព្រាប សុវត្ថិ វិញថាលោកមានការរង្កៀសចិត្តតិចតួចនាពេលនេះ តែលោកថាសិល្បករត្រូវធ្វើគំរូល្អ ចេះរួមរួមគ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាខ្មែរតែមួយដែលពោពេញទៅដោយស្នាមញញឹម ។
ដោយឡែកសម្រាប់លោកជំទាវនឹម វណ្ណៈ ដែលជាកូនស្រីលោកជំទាវ ហ៊ុន សីណាត បានលើកឡើងថាលោកស្រីបានស្ដាប់ប្អូនខ្មែរមួយជីវិតគាត់និយាយ និងបកស្រាយគឺចង់ឃើញតារាជើងចាស់ល្បីល្បាញនៅក្នុងស្រុករក្សារតំណែងជាតារាលំដាប់កំពូលនៃជំនាញរបស់គាត់ ដើម្បីជាតំណាងប្រទេសដូចប្រទេសដ៍ទៃ ។បើពួកគាត់ឡើងដល់ចំណុចកំពូលទៅហើយ មកចង់សាងភាពល្បីល្បាញតាមរយៈRap ដូចក្មេងជំនាន់ក្រោយវាមិនសូវសាកសម និងតម្លៃនៃកេរ្ដិ៍ឈ្មោះរបស់ពួកគាត់ឡើយ ព្រោះហាក់បីដូចជាសាងកេរ្ដិ៍ឈ្មោះតាមពីក្រោយRapper ក្មេងៗដែលទើបនឹងមានឈ្មោះល្បី ដែលការRap នេះមិនមែនជាជំនាញរបស់ពួកគាត់ទៅទៀត នេះជាមតិរបស់ពួកគាត់ តែគាត់ស្រលាញ់បងព្រាប សុវត្ថិ និងប្អូនខេមរៈ សិរីមន្ដ ដែលជារាមច្បង ដែលតាមការនិយាយរបស់គាត់នៅពេលនោះ ប៉ុន្ដែម្នាក់ៗគិតថាខ្មែរមួយជីវិតហូងហែងតន្រ្ដីRap និងចង់តោងល្បីទៅវិញ។ឲ្យតែពូកែលាបព័ណគ្នាអញ្ចឹងតទៅមុខទៀត គ្មាននរណាចេញមុខនិយាយកែតម្រូវបុគ្គលល្បីៗនោះឡើយ ។សូមវែកញែកឲ្យដាច់រវាងការបញ្ចេញមតិកែតម្រូវ ,ការបញ្ចេញមតិបែបបរិហារកេរ្ដិ៍ និងញុះញង់ឲ្យមានការរើសអើង ។
គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ មានអាយុ៤៩ឆ្នាំ ខណៈដែលខេមរៈ សិរីមន្ដ អាយុ៣៩ឆ្នាំ ធ្លាប់ប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុតអំឡុងពេលដែលពួកគេឈជើងនៅហង្សមាស ឥឡូវតារាទាំងពីរមកប៉ះគ្នាជាលើកទី២នៅGalaxy នឹងមិនទាន់ដឹងថាតើ១ណាជាតួឯក ម្នាក់ណាជាតួរងឡើយ ៕