ភ្នំពេញ៖តារាសម្ដែងសិទ្ធី នីកា នៅតែរក្សារបានរាងស្វែលស្អាត បើទោះជានាងមានស្វាមីនិងកូនប្រុស១ក្ដី តែមិនបែកសាច់ឬ ឡើងគីឡូជ្រុលដូចតារាខ្លះដែលមានគ្រួសារហើយនោះទេ ។ចំណុចសំខាន់នេះហើយដែលនាំឲ្យស្រីស្អាតនីកា រក្សារបានទីផ្សារសិល្បៈធម្មតា មិនថមថយចុះក្រោយមានស្វាមីនិងកូនឡើយ ។
សិទ្ធី នីកា ប្រាប់ថាការរក្សាររូបរាងបានល្អរបស់នាងដោយសារតែនាងគ្រប់គ្រងលើរបបអាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំផងដែរ ។នាងថាកាលនៅលីវ មានទម្ងន់៥០គ.ក្រ តែពេលនេះចុះ៥គ.ក្រ នៅសល់តែ៤៥ គ.ក្រ ។តារាសម្ដែងដែលមានគូស្នេហ៍ជាសែរាជ្យវង្សរូបនេះប្រាប់ថានៅដើមឆ្នាំ២០២៤ នេះនាងមានគម្រោងថតភាពយន្ដដុំក្នុងពេលដ៍ខ្លីខាងមុខនេះផងដែរ ពោលគឺមិនបានបន្ថយអាជីពសិល្បៈនោះទេគឺធ្វើការដូចមុនទោះជានាងមានស្វាមីនិងកូន១ហើយមែន។
សូមបញ្ជាក់ថាតារាសម្ដែងសិទ្ធី នីកា ជាក្មួយរបស់តារាសម្ដែងព្រំ រដ្ឋា ហើយនីកា ត្រូវបានគេទទួលស្គាល់ថានាងមានរូបសម្រស់ស្អាតនិងទីផ្សារសិល្បៈលេចធ្លោព្រោះគ្រងតំណែងជាតួឯកបន្ដបន្ទាប់។សម្រាប់មហាជនឆ្ងល់ថាហេតុអ្វីបានជានីកា ដែលមានស្វាមីជាសែរាជវង្ស ពោលគឺមានប្រាក់ចាយមិនចេះអស់ហើយ នៅតែបន្ដអាជីពសិល្បៈតទៅទៀត ?ម៉េចបានស្វាមីមិនឲ្យនាងឈប់ពីអាជីពសម្ដែង ?
សិទ្ធី នីកា ថានាងមានការបែងចែកដាច់ស្រឡះរវាងពេលវេលាជួបជុំគ្រួសារ និងការថតសម្ដែង ហើយស្វាមីសម្របខ្លួនតាមនាង យល់ច្បាស់ពីអាជីពនាង។នាងថាការថតភាពយន្ដដំបូងមិនមែននាងចូលភ្លាមគេឲ្យធ្វើជាតួឯកភ្លែតនោះទេ ពោលគឺនាងក៍ធ្លាប់ថតជាតួរងដែរ តែក្រោយមកផលិតករឃើញពីសម្ថភាពរបស់នាងក៍ហៅថតជាតួឯកជាបន្ដបន្ទាប់។តារាកូន១រូបនេះថាតាមបទពិសោធន៍របស់នាងដើម្បីឲ្យការងារសិល្បៈមួយជោគជ័យ មិនថាការងារនោះធំឬតូចទេ គឺទី១ត្រូវតែផ្ដោតយកចិត្តទុកដាក់លើរឿងនោះឲ្យបានខ្ពស់ និងទី២គោរពពេលវេលា ។នាងថាបច្ចុប្បន្នក្រៅពីនៅថតភាពយន្ដធម្មតា នាងក៍នៅតែថតMV ដូចមុនដែរ ។
ឆ្លើយតបសំណួរថាតើសិទ្ធី នីកា គ្រោងយកកូនទី២នៅពេលណានោះស្រីស្រស់រូបនេះថាអត់ទាន់រៀបគម្រោងយកកូនទី២ទេ តែដល់ពេលមានកូន១ទៀតជាកូនស្រីក៍បានប្រុសក៍បានដែរ ហើយពេលនេះកូនទី១របស់នាងមានអាយុ៤ឆ្នាំហើយ ។
តាមព័តមានថាស្វាមីរបស់សិទ្ធី នីកា គឺជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ ផងដែរ ។បើទោះជានីកា តែងតែឆ្លៀតនាំស្វាមីទៅលំហែកាយនៅតាមបំបន់រម្យនីយ៍ដ្ឋានជាញឹកញាប់មែន ប៉ុន្ដែនៅតាមបណ្ដារកម្មវិធីសិល្បៈគេកម្រឃើញនាងនាំប្ដីទៅជាមួយណាស់ ពោលគឺនាងច្រើនតែបង្ហាញខ្លួនជាមួយក្រុមតារាសម្ដែងដែលជិតស្និតមានដូចជាលលោកខាត់ វ៉ៃហាំង និងSummer ជាដើម។
ក្រៅពីសិទ្ធី នីកា តារាដែលមានស្វាមីហើយតែមិនឡើងគីឡូ និងបែកសាច់មានដូចជាអ្នកនាងសុគន្ធ និសា ,ពេជ្រ សូលីកា និងសារ៉ាយ សក្ខណា ជាដើម ។តារារួមអាជីពបានសរសើរនីកា ថារកបានស្វាមីជាអ្នកយល់ចិត្តពោលគឺគេកម្រនិងឃើញបុរសដូចស្វាមីនាងដែលជារាជវង្សម្នាក់មានភរិយាជាតារាហើយនៅបន្ដអនុញ្ញាត្តិឲ្យប្រពន្ធលេងសិល្បៈដោយសេរី និងតាមចិត្តចង់ ហើយលោកសម្របខ្លួនតាមភរិយាគ្រប់យ៉ាងបែបនេះណាស់ ។ប៉ុន្ដែគេជឿរថាការនៅបន្ដអាជីពសិល្បៈរបស់នីកា នាពេលនេះគឺដោយសារតែនាងដើរតាមបេះដូងខ្លួនដែលស្រលាញ់ ហេតុនេះស្វាមីបើស្រលាញ់នាងត្រូវតែសម្របតាមអ្វីដែលនាងស្រលាញ់ដែរ ពោលគឺនាងលេងសិល្បៈមិនមែនផ្ដោតលើប្រាក់ចំណូលពីអាជីពមួយនេះជាធំឡើយ ព្រោះថាតាមសម្ថភាពស្វាមីអាចផ្គត់ផ្គងឲ្យនាងរស់នៅដោយសុខសាន្ដដោយមិនចាំបាច់ថតសម្ដែងទាំងយប់អាទ្រាធ ដូចពេលនេះឡើយ ៕