ភ្នំពេញ ៖ បន្ទាប់ពីកើតមានករណីយុវជនជាកូនមេធាវីម្នាក់ បើករថយន្ដទំនើប ម៉ាក Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់ ស្លាប់ចោលប្រពន្ធនិងកូនតូច ហើយស្រាប់តែម្តាយរបស់ជនបង្កហេតុបានដាក់ពាក្យប្តឹងប្រពន្ធសព និងសាច់ញាតិជនរងគ្រោះ សរុប៤នាក់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» រហូតមានដីកាកោះហៅឡើងតុលាការ បណ្តាលឲ្យផ្ទុះប្រតិកម្មពីមហាជនព្រោងព្រាតមកនោះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីនេះ គ្រួសារជនរងគ្រោះ ក្លាយជាជនល្មើសវិញ វានឹងឆ្លុះបញ្ចាំងឲ្យឃើញថា យុត្តិធម៌សង្គមមានបញ្ហា ហើយដរាបណាយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ នៅតែមានបញ្ហា ក្រុមប្រឆាំងនៅតែមានដើមទុននយោបាយ ។ ទោះបីជាយ៉ាងណា មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា រូបនេះ បានលើកឡើងថា ប្រជាជនខ្មែរ មិនល្ងង់ដូរគោ យកឆ្កែអូសរទេះនោះទេ បើអាចរស់នៅកក់ក្តៅក្រោមដំបូលរាជរដ្ឋាភិបាល។
លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា “ខ្ញុំមិនដឹងសាវតាររឿងបែបណាទេ តែរឿងនេះ បើមើលតាមការបង្ហោះរបស់លោកផែង វណ្ណៈ វាហាក់ដូចជាអាក្រក់សែនអាក្រក់ពេកហើយ។ ដរាបណាយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ នៅតែមានបញ្ហា ក្រុមប្រឆាំង នៅតែមានដើមទុននយោបាយ។ ប្រជាជនមិនល្ងង់ដល់ថ្នាក់ដូរគោ យកឆ្កែអូសរទេះទេ បើពួកគេអាចរស់នៅក្រោមដំបូលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា ដើម្បីកុំឲ្យក្រុមប្រឆាំងនិយាយវាយប្រហាររឿងយុត្តិធម៌សង្គម ឬយកបញ្ហាសង្គម ធ្វើដើមទុននយោបាយ លុះត្រាតែយើងធ្វើឲ្យសង្គមមួយល្អ មានយុត្តិធម៌ ឲ្យមនុស្សទាំងអស់គ្នាអាចរស់ក្រោមច្បាប់ស្មើគ្នា ដោយភាពកក់ក្ដៅ ជាពិសេសឲ្យមានទំនុកចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរ កុំឲ្យគេដៀលសង្គមយើងថា ជាសង្គមតិរច្ឆាន ។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា “បាទ! អ្វីដែលខ្ញុំថា យុត្តិធម៌សង្គមមានបញ្ហា ក្រុមប្រឆាំងនៅតែមានដើមទុននយោបាយ ខ្ញុំចង់និយាយថា នៅក្នុងសង្គមមួយ ធម្មតាការដឹកនាំ វាតែងតែមានមនុស្សពីរជំពូក គឺអ្នកដែលស្របជាមួយនឹងនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងមួយក្រុមទៀត ដែលហៅថាក្រុមដែលមាននិន្នាការផ្ទុយគ្នាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះប្រសិនបើយើងចង់ឲ្យសង្គមយើងមួយដែលមានភាពសុខដុមរមនា ទាល់តែសង្គមហ្នឹង ធានានូវយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប មានន័យថា បុគ្គលទាំងអស់ ត្រូវតែមានភាពស្មើគ្នាចំពោះមុខច្បាប់ ។ អ៊ីចឹងប្រសិនជាសាធារណជន មើលឃើញថា យុត្តិធម៌ វាប្រៀបបានដូចទំនិញដែលត្រូវបានទិញដូរ ឬក៏អ្នកដែលទន់ខ្សោយ អ្នកដែលមាននូវជីវភាពក្រីក្រ មិនអាចរកបាននូវភាពយុត្តិធម៌មួយតាមផ្លូវច្បាប់ អ៊ីចឹងអ្នកដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល គេអាចនឹងយកអាហ្នឹង ជាការវាយប្រហារទៅលើប្រព័ន្ធយុត្តិធម៌ ហើយវ៉ៃទៅលើរដ្ឋាភិបាល ។ អ៊ីចឹងហើយដែលខ្ញុំនិយាយថា នៅពេលយុត្តិធម៌របស់អ្នកទន់ខ្សោយនៅមានបញ្ហា ដើមទុនរបស់អ្នកប្រឆាំង ក៏នៅតែមាន ។ អ៊ីចឹងដើម្បីកុំឲ្យគេប្រឆាំង ដើម្បីកុំឲ្យគេលែងមានពាក្យនិយាយ លុះត្រាតែយើងធ្វើសង្គមមួយ ឲ្យល្អ ឲ្យយុត្តិធម៌ ឲ្យមនុស្សទាំងអស់គ្នាអាចរស់ដោយភាពកក់ក្ដៅក្នុងចិត្ត ទាំងប្រព័ន្ធយុត្តិធម៌ ទាំងការបែងចែកថវិកានៃកំណើនសេដ្ឋកិច្ច និងសេវាសង្គមផ្សេងៗទៀត“ ។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា “និយាយទៅ ករណីគ្រួសារជនបង្កបើកឡានបុកគេ មកប្ដឹងគ្រួសារជនរងគ្រោះដែលស្លាប់ទៅហើយនេះ វាពិតជាអាក្រក់សែនអាក្រក់មែនហើយ ព្រោះយើងមើល បើសិនជាផ្នែកសីលធម៌វិញ នៅពេលដែលគ្រួសារមួយត្រូវគេបុកស្លាប់ ហើយសមាជិកក្រុមគ្រួសារហ្នឹងបែរជាត្រូវរងបណ្ដឹងពីជនបង្ក សួរថា តើរឿងហ្នឹងវាបែបណាវិញ? យើងកុំទាន់និយាយដល់ផ្លូវច្បាប់ យើងនិយាយត្រឹមខាងផ្លូវសីលធម៌ទៅចុះ! សីលធម៌នៅក្នុងសង្គមហ្នឹង គឺថាវាអាក្រក់ណាស់ ។ ប៉ុន្តែគេសំអាងហេតុទៅលើការលើកឡើង ការបរិយាយអីផ្សេងៗ ធម្មតាគ្រួសារមួយ ដែលមានសមាជិកគ្រួសារដែលត្រូវគេបុកស្លាប់បែបនេះ គឺពាក្យពេចន៍ខ្លះអាចមិនពីរោះក៏អាចនិយាយដែរ ក៏ប៉ុន្តែគេមិនអាចយកពាក្យពេចន៍ទាំងអស់ហ្នឹង ធ្វើជាកម្មវត្ថុបណ្ដឹងព្រហ្មទណ្ឌទេ វាអាក្រក់មើលណាស់ វាគួរតែតុលាការបង្ហាញចំណាត់ការជនដែលបុកគេហើយរត់នោះ ឥឡូវមកទល់ពេលហ្នឹង លោកត្រូវសរសេរថា អារឿងហ្នឹងវាដល់ណាហើយ? ហើយជនបង្កហ្នឹង ឈ្មោះអី? អាយុប៉ុន្មាន ធ្វើការអី? វាធ្វើការអី? ហើយឥឡូវហ្នឹងតុលាការដំណើរការក្ដីដល់ណាហើយ? សំណងដល់គ្រួសារជនរងគ្រោះហ្នឹង គ្រួសារអ្នកដែលស្លាប់ហើយនោះ តើប៉ុន្មានដែរ? ហើយទោសទណ្ឌហ្នឹង វាសមល្មមនឹងទទួលយកសម្រាប់សាធារណជនទេ? ធ្វើឲ្យគេមានទំនុកចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរ ដែរទេ? កុំឲ្យគេដៀលសង្គមយើងថា សង្គមតិរច្ឆាន ។ ចង់និយាយថា បើកាលណាតិរច្ឆាន គឺមិនមែនមនុស្ស កាលណាតិរច្ឆាន គឺសត្វ កាលណាសត្វ គេហៅតិរច្ឆាន ។ បើសង្គមតិរច្ឆាន គឺសង្គមសត្វ សង្គមដែលអត់មានច្បាប់ សង្គមដែលអត់គោរពច្បាប់“ ។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តទៀតថា “ចំពោះខ្ញុំថា ប្រជាជនមិនល្ងង់ដូរគោ យកឆ្កែអូសរទេះ បើអាចរស់នៅកក់ក្តៅក្រោមដំបូលរាជរដ្ឋាភិបាល ខ្ញុំចង់និយាយថា រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ គួរតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ។ បើចង់ឲ្យពលរដ្ឋរស់ដោយការគាំទ្ររដ្ឋាភិបាល គាំទ្រគណបក្សកាន់អំណាច រកតែយុត្តិធម៌ឲ្យគាត់ទៅ ឲ្យតែជីវភាពគាត់ធូរធារ សម្បូរសប្បាយ រស់នៅស្មើភាពគ្នាចំពោះមុខច្បាប់ទៅ ហើយសេវាសុខាភិបាលយើងល្អ សេវាសង្គមយើងទៀតល្អ ហើយការបែងចែកថវិកានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ទៅ វាគ្មានពីណាគេចង់ទៅដូរយកគណបក្សណាទេ ចង់គណបក្សប្រជាជនកម្ពុជា កាន់អំណាច ១ម៉ឺនសតវត្សរ៍ទៀត ក៏គ្មានអ្នកណាដោះដូរដែរ ឲ្យតែប្រជាពលរដ្ឋអាចរស់បាននៅក្នុងសង្គមមួយដែលមានភាពសុខដុមរមនា រកយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា កុំឲ្យយុត្តិធម៌ ត្រូវបានដាក់លក់នៅតាមទីផ្សារ ដោយអំណាចទឹកលុយ ឬក៏បក្ខពួក ។ ជារួម មែនទែនទៅ ជាក្របខ័ណ្ឌគោលនយោបាយ រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងហើយ ខិតខំប្រឹងប្រែងអនុវត្តនូវអ្វីដែលគោលនយោបាយដែលបានដាក់ចេញ លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន អនុវត្តឲ្យតែបានត្រឹមត្រូវ ហើយជាពិសេសគឺការសន្យាទាំងឡាយរបស់អ្នកនយោបាយ ក្នុងពេលឃោសនាម្ដងៗ អនុវត្តតែកិច្ចសន្យា ការសន្យារបស់ខ្លួនទៅ អាហ្នឹងគឺវាជោគជ័យហើយសង្គមយើងនោះ មិនបាច់ទៅធ្វើអីលើសហ្នឹងទៀតទេ“ ។
ស្រដៀងនឹងការលើកឡើងរបស់លោកបណ្ឌិត គិន ភា ខាងលើនេះដែរ សម្រាប់លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា «កាន់តែចម្លែក ! កាន់តែសាហាវ ! កាន់តែខ្លាំង ! គ្រួសារសព មិនទាន់ទទួលយុត្តិធម៌ផង បែរជារងបណ្ដឹងថែមទៀត តើជាយុទ្ធសាស្រ្តវ៉ៃដើម្បីចរចារ ឬយ៉ាងណា?»។
បន្ថែមលើសំណេរខាងលើ លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “វាជារឿងចម្លែក ហើយមានតែករណីហ្នឹងមួយគត់ ដែលមិនទាន់សងសំណងគេ មិនទាន់ជម្រះឲ្យរួចស្រឡះនូវសកម្មភាពរបស់កូន ដែលធ្វើឲ្យស្លាប់ផង ហើយបែរជាប្ដឹងគេថែមនោះ គឺថា ស្រុកខ្មែរមានតែពីរហ្នឹងទេ ហើយនេះគេមើលឃើញថា ជាយុទ្ធសាស្រ្តវ៉ៃចរចា ត្រង់ថាគ្រួសារជនបង្ក មិនទាន់មានសំណងណាមួយដល់គ្រួសារសព ។ អ៊ីចឹងដាក់ពាក្យប្ដឹងទៅ ដើម្បីចរចាគ្នាក្នុងកិច្ចដែលត្រូវសងទៅឲ្យគ្រួសារសពហ្នឹង បើច្រើន វាអាចមកតិចអ៊ីចឹងទៅ ព្រោះវាប្ដឹងទៅប្ដឹងមក ។ បើប្រើយុទ្ធសាស្រ្តវ៉ៃចរចាយ៉ាងនេះ គឺវាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ខ្លាំងមែនទែន ព្រោះថាវានាំឲ្យដំណើរការក្ដីមួយច្របូកច្របល់ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺមិនទទួលបានយុត្តិធម៌ ដូចជាគ្រួសារសព មិនទាន់បានដោះស្រាយសំណងច្បាស់លាស់ផង ហើយបែរទៅជាមានរឿងក្ដីថែមមួយទៀត ដែលជនបង្កប្ដឹង អាហ្នឹងធ្វើឲ្យគាត់ពិបាកទាមទាររកយុត្តិធម៌ ដោយសារតែប្ដឹងចុះប្ដឹងឡើង ។ អ៊ីចឹងយុត្តិធម៌ វាមានពន្លឺតិចណាស់ សម្រាប់គ្រួសារសព ។ មែនទែនទៅ អាស្រ័យលើតុលាការ គាត់ឈរលើផ្លូវច្បាប់ដោយយុត្តិធម៌ បើថាអន្តរាគមន៍ហ្នឹង គឺវាមិនមែនឡើយ ដោយសារតែការប្ដឹង គឺគាត់មានសិទ្ធិប្ដឹង ប៉ុន្តែការសម្រេចទៅលើតុលាការ ។ បើសិនជាសម្រេចឲ្យគ្រួសារសព ក្នុងការចរចាណាមួយនឹងដើមបណ្ដឹងដែលជាជនបង្ក អាហ្នឹងគឺអយុត្តិធម៌ខ្លាំងមែនទែន ។ អ៊ីចឹងរឿងនេះ អាស្រ័យលើតុលាការ ថាតើគាត់មានភាពយុត្តិធម៌ច្បាស់លាស់ឬទេ? ហើយគាត់ឈរនៅលើគោលការណ៍ច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់គ្រួសារសពឬអត់? អ៊ីចឹងយើងចាំមើលទាំងអស់គ្នាទៀតរឿងនេះ“ ។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបន្សល់ទុកប្រពន្ធ និងកូនតូចម្នាក់ ឲ្យនៅកំព្រា ។
នៅពេលបង្កហេតុបណ្ដាលឲ្យអ្នកដទៃស្លាប់ហើយនោះ សាមីខ្លួនជនបង្ក មិនព្រមទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ គឺបានព្យាយាមរត់គេច រហូតរឿងរ៉ាវនេះផ្អើលដល់ថ្នាក់ដឹកនាំ ពិសេសលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ចេញមកអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យជនបង្កហេតុ ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន ទើបគ្រួសារជនបង្កហេតុ ឈ្មោះព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បាននាំខ្លួនជនបង្កហេតុ មកជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ដោយបើករថយន្ដធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យអ្នកដទៃស្លាប់។ ក្រោយមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កហេតុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ រហូតចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ទើបរឿងនេះស្ងប់ស្ងាត់វិញ ។
ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើល ផ្ទុះកក្រើកឡើងវិញ ពេញបណ្ដាញសង្គម ជុំវិញករណីខាងលើនេះជាថ្មីម្តងទៀតនោះ គឺបែរជាមានដីកាតុលាការ កោះហៅប្រពន្ធរបស់ជនរងគ្រោះ និងសាចញាតិសព សរុប៤នាក់ តាមបណ្តឹងរបស់ស្ត្រីជាម្តាយរបស់ជនបង្កហេតុ ឈ្មោះសុខ លីណា ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ», «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និងបទ «ជេរប្រមាថជាសាធារណៈ» ទៅវិញ។
ប្រពន្ធនិងសាច់ញាតិជនរងគ្រោះ (សព) សរុប៤នាក់ ដែលរងការប្តឹងនោះ រួមមាន ទី១-ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រពន្ធជនរងគ្រោះ), ទី២-ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ), ទី៣-ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងទី៤-ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) ។ តំណាងអយ្យការ កោះឲ្យចុងចម្លើយទាំង៤នាក់ ចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅជាន់ទី២ បន្ទប់ «ព» នៃសាលាដំបូងរាជធានីភ្នំពេញ ។
ដីកាកោះ៤សន្លឹក ដែលចេញដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកោះហៅប្រពន្ធនិងក្រុមគ្រួសារសាច់ញាតិសពខាងលើនេះ ត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម Facebook នាំឲ្យផ្ទុះប្រតិកម្មពីមហាជន ដោយមានការបញ្ចេញមតិទៅតាមការយល់ឃើញរៀងខ្លួន តែភាគច្រើនបានសម្តែងការហួសចិត្ត ដោយលើកឡើងថា ភាគីបង្កហេតុ បើកឡានបុកគេស្លាប់ចោលប្រពន្ធកូន បែរជាប្តឹងប្រពន្ធនិងសាច់ញាតិសពជនរងគ្រោះទៅវិញ ។
លោកផែង វណ្ណៈ អតីតមន្រ្តីក្រសួងមហាផ្ទៃ សព្វថ្ងៃជាអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់ ដែលតែងចេញមុខឈឺឆ្អាលចំពោះបញ្ហាអយុត្តិធម៌ក្នុងសង្គម បានលើកឡើងតាមគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា “ប្ដីត្រូវគេបុកស្លាប់ ប្រពន្ធនៅរស់ ម្ដាយអ្នកបុកប្ដឹងថែមទៀត តើអនាគតកូនតូច បានអ្នកណាមើលថែ បើម្ដាយត្រូវគេចាប់ខ្លួន តាមបណ្ដឹងឈ្មោះ សុខ លីណា? ខ្ញុំលែងនៅស្ងៀមហើយ យប់នេះ ខ្ញុំនឹងធ្វើអត្ថាធិប្បាយព័ត៌មាននេះ ដើម្បីការពារជនរងគ្រោះ ជាពិសេស ខ្ញុំនឹងសុំអន្តរាគមន៍ទៅឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីសុំមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ការពារជនរងគ្រោះ។ ជួយ share ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ សូមវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ពួកយើងខ្ញុំដែលស្រលាញ់យុត្តិធម៌ មិនឈរឱបដៃមើលប្អូនស្រីរងគ្រោះនោះទេ“ ។
ក្រោយប្រកាសដូចខាងលើ បានប្រហែល ១ម៉ោង នៅថ្ងៃដដែលនោះ លោកផែង វណ្ណៈ បានអះអាងថា លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចហ៊ុន សែន និងជាទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានឆ្លើយតបយល់ព្រមជួយតាមការពឹងពាក់របស់លោកហើយ ដោយលោកបានសរសេរបញ្ជាក់ថា “ខ្ញុំបាទសូមគោរពអរគុណឯកឧត្ដមទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានទទួលយកសំណូមពរខ្ញុំ ចាត់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជួយការពារក្ដី តាមផ្លូវច្បាប់ ជូនប្អូនស្រី គ្រុយ ឈិញលាំង ភរិយាជនរងគ្រោះដែលកំពុងរងបណ្ដឹងពីឈ្មោះសុខ លីណា ម្ដាយបង្កើតជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍ ។ សូមគោរពជូនពរឯកឧត្តមទេសរដ្ឋមន្រ្តី មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច“ ៕ កុលបុត្រ