ខេត្តព្រះសីហនុ ៖ កម្មការិនីរោងចក្រផលិតកាបូបមួយកន្លែង កំពុងបំពេញការងារសុខៗ ស្រាប់តែកើតមានអាការដួលសន្លប់ជាបន្ត– បន្ទាប់រហូតដល់ទៅ២៥នាក់ និងត្រូវបានគេ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ តាមការអះអាងរបស់ក្រុមគ្រូពេទ្យ មូលហេតុ ដែលនាំឱ្យមានការដួលសន្លប់ គឺបណ្តាលមកពី ខ្វះជាតិស្ករ តែក្រុមកម្មការិនីរងគ្រោះ បាន អះអាងថា មុនពេលដួលសន្លប់ ពួកនាងធុំក្លិនស្អុយដូចត្រីងាប់។
ករណីកម្មការិនីរោងចក្រ២៥នាក់ ដួល សន្លប់ជាបន្តបន្ទាប់ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចរោង– ចក្រ រ៉ូមេន ធីក លេឌើរ ខេមបូឌា ខូអិលធីឌី ជារោងចក្រផលិតកាបូបមានទីតាំងនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ ក្រុមកម្មករ–កម្មការិនី នៅក្នុងរោងចក្រផលិតកាបូបខាងលើ ដែលមានចំនួនជាង៤០០នាក់ បាននាំគ្នាចូល បំពេញការងារដូចសព្វមួយដង។ លុះមកដល់ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ខណៈ ដែលកម្មករទាំងអស់កំពុងបំពេញការងាររៀងៗ ខ្លួនសុខៗ ស្រាប់តែគេឃើញកម្មការិនីម្នាក់ បានដួលសន្លប់ និងត្រូវអ្នករួមការងារជាមួយ បាននាំគ្នាជួយគក់ច្របាច់សង្គ្រោះបឋម ភ្លាមនោះ ក៏មានកម្មការិនីជាច្រើននាក់ទៀត បាន ដួលសន្លប់ជាបន្តបន្ទាប់ និងកើនដល់ទៅចំនួន ២៥នាក់ និងត្រូវបានខាងរោងចក្រ ប្រញាប់ ជួយដឹកបញ្ជូនកម្មការិនីរងគ្រោះទាំងអស់ទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
តាមប្រភពពីកម្មការិនីម្នាក់ ឈ្មោះយង់ វណ្ណី បានអះអាងថា នៅមុនពេលកើតហេតុ ខណៈដែលពួកនាងកំពុងបំពេញការងារសុខៗ ស្រាប់តែធុំក្លិនស្អុយចម្លែក ដូចជាក្លិនត្រីងាប់ បន្ទាប់មក ក៏មានកម្មការិនីដួលសន្លប់ជាបន្ត– បន្ទាប់ដល់ទៅ២៥នាក់តែម្តង ហើយភ្លាមនោះ ខាងរោងចក្របានជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។
តាមប្រភពពីក្រុមគ្រូពេទ្យ បានបញ្ជាក់ ថា មូលហេតុដែលនាំឱ្យកម្មការិនីដួលសន្លប់ជា បន្តបន្ទាប់ខាងលើនេះ គឺបណ្តាលមកពីខ្វះជាតិ ស្ករ ទើបធ្វើឱ្យខ្សោះកម្លាំង រួចក៏ដួលសន្លប់បែប នេះតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានកម្មការិនីរោង– ចក្រដួលសន្លប់ភ្លាម លោកយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសួរ សុខទុក្ខកម្មការិនីរងគ្រោះនៅមន្ទីរពេទ្យផង ដែរ។
ក្រោយកើតហេតុ ខាងរោងចក្របានតម្រូវ ឱ្យកម្មករ ដែលកំពុងបំពេញការងារទាំងអស់ ឈប់សម្រាកជាបណ្តោះអាសន្ន៕