Monday, March 17, 2025
Homeព័ត៌មានជាតិបណ្តាញ​សហគមន៍​ព្រៃឡង់ ទទួលពាន​រង្វាន់​នៅ​អាមេរិក

បណ្តាញ​សហគមន៍​ព្រៃឡង់ ទទួលពាន​រង្វាន់​នៅ​អាមេរិក

ភ្នំពេញ ៖ បណ្តាញសហគមន៍ព្រៃឡង់ (PLCN) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ បានទទួលពានរង្វាន់កិច្ចសហការអន្តរ​ជាតិ អ្នកការពារព្រៃឈើតំបន់ត្រូពិកឆ្នាំ២០១៧ និងទឹកប្រាក់៣០០០ដុល្លារអាមេរិក ពីសាកលវិទ្យាល័យយ៉េល (Yale University) សហរដ្ឋអាមេរិក។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ បានឱ្យដឹងថា ការផ្តល់ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការបោះឆ្នោតរបស់អ្នកចូលរួមនៅក្នុងសន្និសីទ ស្តីពីកិច្ចសហការអន្តរជាតិ អ្នកការពារព្រៃឈើតំបន់ត្រូពិក បន្ទាប់ពីលោក​ផៃ ប៊ុនលាង តំណាងបណ្តាញ សហគមន៍ទាំង៤ខេត្ត បានចូលរួមធ្វើបទបង្ហាញពីការងារ និងសមិទ្ធផលនៃកិច្ចការពារព្រៃ​ឈើ នាពេលកន្លងមករបស់បណ្តាញសហគមន៍។ ពាន រង្វាន់ស្តីពីកិច្ចសហការអន្តរជាតិអ្នកការពារ ព្រៃឈើតំបន់ត្រូពិកឆ្នាំ២០១៧នេះ គឺជា សមិទ្ធផលថ្មីមួយទៀត ដែលសហគមន៍ព្រៃឡង់ ទទួលបានការលើកទឹកចិត្តពីសហគមន៍នៅបរទេស។

រង្វាន់នេះ បានបង្កើតឡើង ដើម្បីទទួល ស្គាល់និងផ្តល់កិត្តិយសដល់គម្រោងពហុវិស័យល្អបំផុតមួយ ដែលបង្ហាញពីគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រើប្រាស់ និងអភិរក្សធនធានក្នុងតំបន់ត្រូពិក ប្រកបដោយ និរន្តរភាព និង​​​​មាន​តម្លៃជាទឹកប្រាក់សរុបចំនួន៣ពាន់ដុល្លារអាមេរិក។

សម្រាប់ឆ្នាំ២០១៧ នេះ មានអង្គការ ចំនួន២៥ នៅទូទាំងពិភពលោក បានដាក់ពាក្យចូលរួមប្រកួតប្រជែងយកពានរង្វាន់នេះ ហើយ សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ មានតែបេក្ខភាពចំនួន ពីរនាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឱ្យមកចូលរួម ធ្វើបទបង្ហាញ​ប្រកួតយកជ័យលាភី ក្នុងនោះ មាន បេក្ខភាពមកពីប្រទេសស្រីលង្កា និងកម្ពុជា គឺ បណ្តាញសហគមន៍ព្រៃឡង់។

ទាក់ទងដល់គម្រោងដែលសកម្មជនបរិស្ថាន និងជាតំណាងសហគមន៍ព្រៃឡង់ លោកផៃ ប៊ុនលាង យកទៅធ្វើបទបង្ហាញ ដើម្បីប្រកួត យករង្វាន់នៅសាកលវិទ្យាល័យយ៉េល នៅក្នុង រដ្ឋខនណិកទីខាត់ សហរដ្ឋអាមេរិក កាលពី ថ្ងៃទី២៧ និងថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៧ នោះ គឺគម្រោង ព្រៃឡង់ជាព្រៃរបស់យើងដែលជាគម្រោងរួមគ្នាមួយ រវាងបណ្តាញសហគមន៍ព្រៃ​ឡង់ និងដៃគូដែលពាក់ព័ន្ធមួយចំនួនទៀត រួមមានដូចជា អង្គការ Denmission អង្គការស្ពានដើម្បីសន្តិភាព បណ្តាញកសាង សន្តិភាពសហគមន៍ ក្រុមហ៊ុន Web Essentials និងសាកលវិទ្យាល័យកូពែនហាហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark)

គម្រោងនេះ បានបង្កើតឱ្យមានឡើងនូវ កម្មវិធីប្រើប្រាស់ក្នុងទូរស័ព្ទដៃឆ្លាតវៃ (ស្មាត ហ្វូន) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់​ផ្តល់នូវ ព័ត៌មានជាក់លាក់នានា ពាក់ព័ន្ធនឹងសញ្ញាណ នៃការរុករានដីព្រៃ ការសឹករេចរឹលព្រៃឈើ រូបភាពទីតាំងនិង​ពេលវេលានៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់៘ ព័ត៌មានដែលប្រមូលបានពីកម្មវិធីនេះ ត្រូវបានបណ្តាញ សហគមន៍ព្រៃឡង់ យកមកប្រើប្រាស់ ដើម្បី កំណត់អត្តសញ្ញាណពិតប្រាកដនៃបទល្មើសព្រៃឈើ ក៏ដូចជាចូល​រួមទប់ស្កាត់ប្រឆាំងនឹងបទល្មើសព្រៃឈើទាំងនេះ និងបង្កើនប្រសិទ្ធភាព អភិរក្សព្រៃឡង់ផងដែរ។

ឆ្លើយសំណួររបស់អ្នកចូលរួមក្នុងពេល ទទួលរង្វាន់នោះ លោកផៃ ប៊ុនលាង បានបញ្ជាក់ថា លោកបានធ្វើកិច្ចការពារព្រៃ​ឈើ នេះ រយៈពេល១៦ឆ្នាំមកហើយៗលោកត្រូវ ប្រឈមមុខនឹងបញ្ហាផ្សេងៗ ព្រោះក្រុមអ្នក កាប់ឈើខុសច្បាប់ទាំងនោះ តែងមានអាវុធ។ លើសពីនេះ សកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ គឺធ្វើការងារ ដោយស្ម័គ្រចិត្ត និង មិនមានកញ្ចប់ថវិកាស្ថិតស្ថេរទេ ដោយថវិកា ៧០ភាគរយ បានមកពីសមាជិក ដែលជាអ្នក ស្រឡាញ់ព្រៃឈើ។ ដូច្នេះរង្វាន់នេះ គឺជាផ្នែក មួយនៃការទទួលស្គាល់នូវគម្រោងបង្កើតថ្មី ប្រកបដោយលក្ខណៈច្នៃប្រឌិតជាមួយនឹងការ កសាងនូវភាពជាដៃគូចម្រុះប្រកបដោយយុទ្ធសាស្ត្រក្នុងសហគមន៍ ដើម្បីដោះស្រាយបញ្ហា ប្រឈមនានា ហើយលោកក៏សូមជំរុញឱ្យរដ្ឋាភិបាល គួរតែទទួលស្គាល់បណ្តាញព្រៃឡង់ ធ្វើការជាមួយគ្នាក្នុងនាមជាអ្នកស្ម័គ្រចិត្តក្នុងនាមជាអ្នកការពារដោយឯករាជ្យ ដើម្បីជួយការពារព្រៃ និងសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

លោកផៃ ប៊ុនលាង បានមានប្រសាសន៍ ថាតាមការពិត១៦ឆ្នាំជាងនេះ ដែលខ្ញុំបាន ចូលរួមនៅក្នុងបណ្តាញដែលជាអ្នកស្ម័គ្រចិត្តចូល រួមក្នុងបណ្តាញការពារ យើងមានគោលជំហរ ច្បាស់លាស់ទៅលើការការពារព្រៃ ត្រូវបាន គំរាមកំហែង ជាក់ស្តែងតាមទូរស័ព្ទ តាមសម្តី ផ្សេងៗជាច្រើន។ ប៉ុន្តែពួកខ្ញុំបាទមិនត្រូវការ ខ្លាចទេ ដោយសារយើងស្រឡាញ់ពិតប្រាកដ ព្រោះព្រៃនេះជាព្រៃរបស់យើងទាំងអស់គ្នា។ យើងនៅតែព្យាយាមធ្វើឱ្យឃើញ ឱ្យសង្គម ឃើញថាយើងចង់បានព្រៃឱ្យនៅល្អ ហើយជាព្រៃរបស់ខ្មែរផងដែរ

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោកហឿន សុភាព ក៏បានថ្លែងដែរថា ពានរង្វាន់នេះមានសារសំខាន់សម្រាប់បណ្តាញព្រៃឡង់ ព្រោះធ្វើឱ្យបណ្តាញសហគមន៍ព្រៃឡង់ កាន់តែមានទឹកចិត្តបន្តសកម្មភាពការងាររបស់ខ្លួនតទៅទៀត។

ជាមួយនោះដែរ បណ្តាញសហគមន៍ព្រៃឡង់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកបណ្តាញសហគមន៍ទាំងអស់អង្គការ ដៃគូ យុវជន សាធារណជន និងសហគមន៍ អន្តរជាតិ ដែលតែងតែសហការនិងគាំទ្រដល់បណ្តាញ​សហ​គមន៍នាពេលកន្លងមក។

មានការកត់សម្គាល់ពីមជ្ឈដ្ឋានតាមដានសង្គម និងបរិស្ថានផងដែរថា ថ្វីបើបណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានបង្កើតឡើង​តាំងពី ឆ្នាំ២០០១ ដោយសហគមន៍ដែលរស់នៅជុំវិញ តំបន់ព្រៃឡង់ មកពីខេត្តចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលបានរួបរួមគ្នាតស៊ូមតិដើម្បីការពារនិងអភិរក្ស ព្រៃឈើរបស់ពួកគេក៏ដោយ ក៏បច្ចុប្បន្ន រដ្ឋាភិបាលនៅមិនទាន់ទទួលស្គាល់ការងារចូលរួម ទប់ស្កាត់បទល្មើសព្រៃឈើរបស់បណ្តាញសហគមន៍នេះនៅឡើយទេ។

សូមបញ្ជាក់ថា នេះគឺជាពានរង្វាន់លើក ទី៣ហើយសម្រាប់បណ្តាញសហគមន៍ព្រៃឡង់ ដោយកាលពីខែធ្នូ ឆ្នាំ២០១៥ បណ្តាញ​សហគមន៍ ព្រៃឡង់ ក៏ធ្លាប់បានទទួលពានរង្វាន់គំនិតផ្តួច ផ្តើមអេក្វាទ័ររបស់អង្គការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP Equator Initiative Prize) នៅឯសន្និសីទក្រុងប៉ារីស ប្រទេសបារាំង និងពានរង្វាន់មូលនិធិ​អាឡិច​សាន់​ដឺរ សូរូស(Alexander Soros Foundation) កាលពី ឆ្នាំ២០១៣ ផងដែរ”៕ កុលបុត្រ

RELATED ARTICLES