ខេត្តបន្ទាយមានជ័យ ៖ លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទាន ពីធនាគារកូរ៉េ Eximbank នៃសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹក មកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ប្រឡាយស្រោចស្រពនិងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ សរុបចំនួន ១៨៧កន្លែង ស្តារអាងទឹក ចំនួន ៣កន្លែង (អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផល សរុបប្រមាណជិត ២០ ០០០ហិកតារ ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

តាមរបាយការណ៍ក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់ បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ មកដល់ពេលនេះ សម្រេចបាន ២០ភាគរយ លើផែនការ១៥ភាគរយ។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេក ទេស និងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែង ការងារសាងសង់តាមទីតាំងសំខាន់ៗរបស់គម្រោង ដែលរួមមាន ប្រឡាយលេខ២ អាងទឹកពង្រ អាងទឹកអូរខៃដន អាងទឹកវាំងហែង និងប្រឡាយលេខ១-១ និងប្រឡាយលេខ១-២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់ បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់ បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្ក លក្ខណៈឱ្យគម្រោងនេះអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះសម្រេចបានជោគជ័យ ប្រកបដោយគុណភាពខ្ពស់ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងតំបន់ បានយូរអង្វែង។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម បាននិងកំពុងអនុវត្តគម្រោង ចំនួន៣គឺ ៖ ទី១- គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥។ ទី២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ និងទី៣-គម្រោងកាត់បន្ថយទឹកជំនន់ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ខេត្តបាត់ដំបង៕


