ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីតូចចំនួន២នាក់ ដែលរស់នៅក្បែរផ្ទះគ្នា ឆ្លៀតពេលឪពុកម្តាយ មិននៅផ្ទះ ក៏នាំគ្នាចុះងូតទឹកប្រឡាយលេង ស្រាប់តែអកុសលក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ ទឹកមួយកន្លែង ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់– ទឹកស្លាប់នោះ រួមមាន ទី១–ឈ្មោះសួរ ស្រីតូច អាយុ៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ។ ទី២–ឈ្មោះអេម ស្រីនៀត អាយុ៥ឆ្នាំ មានឪពុកម្តាយរស់នៅ ភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងស្រី តូចៗទាំង២នាក់ មិនបាននៅផ្ទះនោះទេ ព្រោះ រវល់ចេញទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតរៀងៗ ខ្លួន ដោយទុកឱ្យកូនស្រីតូចនៅចាំផ្ទះ។ លុះ ក្រោយពេលឪពុកម្តាយចេញបាត់ពីផ្ទះ ក្មេងស្រី តូចទាំង២នាក់ ក៏បបួលគ្នាដើរលេង រួចនាំគ្នា ចុះទៅងូតទឹកប្រឡាយនៅចំណុចកើតហេតុ រួច ក៏លង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មាន អ្នកប្រទះឃើញសោះ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ បន្ទាប់ពីឪពុកម្តាយក្មេងស្រីទាំង២នាក់ត្រឡប់ មកដល់ផ្ទះវិញ បាត់កូនស្រីមិនឃើញនៅផ្ទះ ក៏ នាំគ្នាដើររកពេញភូមិ តែមិនមានអ្នកណាម្នាក់ ប្រទះឃើញសោះ លុះនឹកសង្ស័យថា កូនស្រី លង់ទឹកស្លាប់ ក៏នាំគ្នាចុះរាវនៅក្នុងទឹកប្រឡាយ ស្រាប់តែប្រទះឃើញក្មេងស្រីទាំង២នាក់លង់ ទឹកស្លាប់យ៉ាងអាណោចអាធ័ម រួចក៏ស្រង់ឡើង មកលើគោក រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះ រួច បញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជា លង់ទឹកស្លាប់ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះទេ។
សពក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕
អ៊ុំ ណូន