Thursday, June 19, 2025
Homeសង្គម និងជីវិតសិស្សស្រី ជិះម៉ូតូបុ...ក...យាយ របួ...ស...ធ្ងន់...៣

សិស្សស្រី ជិះម៉ូតូបុ…ក…យាយ របួ…ស…ធ្ងន់…៣

ភ្នំពេញ ៖ យុវតីជាសិស្សសាលា ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកស្ត្រីវ័យចំណាស់ម្នាក់ កំពុងឈរទិញម្ហូបនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ និងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច  ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់។

ជនរងគ្រោះទាំង៣នាក់ ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រួមមាន ទី១-ឈ្មោះទិត វិច្ឆិកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់។ ទី២-ឈ្មោះនួន ស្រីនាថ អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទំនប់ជ្រៃ ឃុំគុស ស្រុកត្រាំកក់ និងទី៣-ឈ្មោះម៉ឹង ផា ភេទ ស្រីអាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃស្នួល ឃុំគុស ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-6160 បើកបរដោយឈ្មោះទិត វិច្ឆិកា (មិនពាក់មួកសុវត្ថិភាព) រួមដំណើរដោយឈ្មោះនួន ស្រីនាថ (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចខាងលើ (ផ្លូវកោង) មិនបង្អង់លឿន ក៏ធ្វើឱ្យជ្រុលចង្កូតទៅបុកស្ត្រីចំណាស់ ឈ្មោះម៉ឹង ផា ដែលកំពុងឈរទិញម្ហូបនៅចិញើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រួវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ភ្លាមៗ។

បន្ទាប់ពីចុះធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុបណ្តាលមកពីការបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

វត្ថុតាង ម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគុស រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES