ភ្នំពេញ៖តារាសម្ដែងអ្នកនាងលី ម៉ារីណា និងហ៊ិន ច័ន្ទនីរ័ត្ន សុទ្ធតែបានរៀបការតាមប្រពៃណីខ្មែរដូចគ្នា ហើយស្វាមីរបស់ពួកគេក៍ជាបុរសពោះម៉ាយដូចគ្នាដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នោះទាំងម៉ារីណា និងច័ន្ទនីរ័ត្ន សុទ្ធតែចង់បានកូនក្រោយរៀបការរួចដូចគ្នាដែរ ហេតុនេះហើយគេចាំមើលថាតើម្នាក់ណា នឹងពពោះបានមុន ?
អ្នកនាងលី ម៉ារីណា មានកូនប្រុស១អាយុជិត១០ឆ្នាំហើយជាមួយអតីតស្វាមីលោកសាត ចាន់ថន ប៉ុន្ដែក្រោយចែកផ្លូវគ្នាទាំងចម្រូងចម្រាសបានជាង១ឆ្នាំម៉ារីណា ក៍រៀបការស្វាមីថ្មីកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយទទួលបាននូវថ្លៃបណ្ដាការ(ថ្លៃទឹកដោះ)ដល់ទៅ៩ម៉ឺនដុល្លារ ។មង្គលការរបស់ម៉ារីណា លើកទី៣នេះពិតជាធ្វើធំជាងនាងរៀបការ២លើកកន្លងមក ហើយភ្ញៀវចូលរួមដល់ថ្នាក់លើសចំនួន១១០តុ និងការត្រៀម៣០តុ នោះទៀតផងព្រោះភ្ញៀវភាគច្រើនជាមន្រ្ដីធំៗខាងស្វាមីនាងលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ។យ៉ាងណាប្រសិនបើម៉ារីណា ពពោះក្នុងពេលឆាប់ៗនេះនោះប្រាកដជានឹងធ្វើឲ្យលោកអធិការកាន់តែស្រលាញ់នាងទ្វេដងជាមិនខាន ព្រោះលោកបានដាក់ចិត្តស្នេហាលើអ្នកមេម៉ាយរូបនេះអស់រយៈពេល៨ឆ្នាំមកហើយទើបបានសម្រេចបំណងធំមួយនេះ ។ប៉ុន្ដែក្រោយក្លាយទៅជាភរិយាមន្រ្ដីធំរូបនេះម៉ារីណា នៅតែបន្ដលក់អ៊ឺវ៉ាន់តាមOnline និងថតភាពយន្ដជាធម្មតា ពោលគឺមិនផ្ដាច់ពីអាជីពចាស់ភ្លាមៗនោះទេ ទោះជាមានអ្នករួមអាជីពខ្លះបានហៅនាងថាជំទាវៗតាំងពីមុនចូលរោងការក្ដី ។
ចំណែកស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន វិញថ្មីៗនេះបានធ្វើតេស្ដតាមឧបករណ៍ស្ទង់មួយនៅចំពោះមុខស្វាមីនាងលោកឌី ពេជ្រ ដើម្បីចង់ដឹងថាលទ្ធផលមានកូនប៉ុន្មានហើយជាលទ្ធផលឧបករណ៍តេស្ដនោះឆ្លើយថានាងមានកូនដល់ទៅ៣នាក់ ធ្វើឲ្យស្វាមីនាងញញឹមបិទមាត់មិនជិតឡើយ ។តាមរយៈសកម្មភាពនេះគេជឿរថាច័ន្ទនីរ័ត្ន ចង់បានកូនខ្លាំង គឺដូចទៅនិងមាន សូនីតា ថានីរ័ត្ន ប្រាប់នាងថារៀបការរួចយកកូនភ្លាមនោះមែន។ប៉ុន្ដែទោះជាមិនទាន់ពពោះកូនដំបូងមែន ក៍ច័ន្ទនីរ័តុ្ន បានហៅកូនស្រីរបស់លោកពេជ្រ ថាជាកូនៗហើយនាងស្រលាញ់កូនភរិយាដើមរបស់ប្ដីដូចជាកូននាងបង្កើតដែរ ។ទាក់ទងអាជីពសិល្បៈវិញច័ន្ទនីរ័ត្ន ដែលបានការប្ដីតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នោះពេលនេះគេឃើញនាងនៅតែចេញធ្វើMC នៅបាយ័ន និងតាមបណ្ដារកម្មវិធីផ្សេងៗជាធម្មតា ពោលគឺស្វាមីនាងមិនហួងហែងឡើយ បើទោះជាលោកពេជ្រ មានទ្រព្យស្ដុកអាចឲ្យនាងសោយសុខដោយមិនចាំបាច់លេងសិល្បៈយកប្រាក់ល្អិតទៀតក្ដី ។
សូមបញ្ជាក់ថាលី ម៉ារីណា និងហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជនចាត់ទុកថាតារាទាំងពីរមានសំណាងព្រោះតែធ្លាប់បរាជ័យស្នេហាច្រើនលើកច្រើនសារដូចគ្នា តែចុងក្រោយពួកគេរៀបការស្វាមីផ្អើលពេញផ្ទៃប្រទេស ព្រោះមង្គលការនោះជប់លៀងធំចំណាយលុយរាប់សិបម៉ឺនដុល្លារ របៀបជាលំដាប់អភិជនតែម្ដង ។ម៉ារីណា ធ្លាប់ប្រាប់ថានាងនៅបន្ដអាជីពសម្ដែងតែ១ឆ្នាំទទួលថតរឿងតែមួយប៉ុណ្ណោះ សល់ពេលប៉ុន្មានប្រឹងផ្ដោតលើការរកស៊ី ។ចំណែកច័ន្ទនីរ័ត្ន វិញគេជឿរថានាងនៅបន្ដតែអាជីពMC ប៉ុណ្ណោះ តែការសម្ដែងភាពយន្ដឬMV នឹងត្រូវផ្ដាច់ខ្លួនស្ទើតែទាំងស្រុង ព្រោះប្ដីនាងនឹងមិនសប្បាយចិត្តឡើយ ប្រសិនបើឃើញនីរ័ត្ន ត្រូវបានតារាសម្ដែងប្រុសផ្សេងលេងឈុតពិសេសអោបថើបនាងដូចកាលនៅលីវនោះ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាបច្ចុប្បន្នអត្រាតារាស្រីស្អាតៗយកស្វាមីជាបុរសពោះម៉ាយ កាន់តែមានមានបរិមាណច្រើនទៅៗ ព្រោះតែប្រុសៗប្រភេទនេះមានទ្រព្យច្រើនស្រាប់ មិនដូចយកប្រុសក្មេងដែលក្រោយរៀបការរួច ត្រូវប្រឹងរកប្រាក់សងបំណុលធនាគារដែលខ្ចីយកមករៀបការនោះឡើយ ។ប៉ុន្ដែទាក់ទងរឿងគូស្រករនេះដែរតារាស៊ិចស៊ីនាងហ្វា ហ្វា ធ្លាប់អះអាងថានាងជឿរលើនិស្ស័យច្រើនជាងព្រោះមនុស្សជួបគ្នាកាន់ដៃគ្នាគឺជានិស្ស័យ។
មជ្ឈដ្ឋានមហាជនចាំមើលថាតើលី ម៉ារីណា-ហ៊ិន ច័ន្ទនីរ័ត្ន មួយណានឹងបានកូនង៉ាមុន ខណៈដែលតំណែងជំទាវកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ហើយបើមានកូននោះចំណងស្នេហានឹងកាន់តែរក្សារបានសុវត្ថិភាពជាមិនខាន បើទោះជាមតិខ្លះថាយកប្ដីប្រុសអ្នកមានច្រើនតែប្រឈមហានិភ័យព្រោះប្ដីអាចមើលឃើញស្រីខាងក្រៅស្អាតជាងប្រពន្ធក្ដី ៕