ភ្នំពេញ៖មង្គលការរបស់តារាចម្រៀងថោនសុវត្ថិឌី ធារិកា និងលោកពូ សុផានិត ប្រជុំទៅដោយតារាល្បីៗ និងមន្ត្រីធំៗជាច្រើនបានចូលរួមសាទរគូស្នេហ៍នេះ ដែលកម្មវិធីជប់លៀងធំរៀបចំ២អគារបញ្ចូលគ្នាគឺនៅOCIC ហើយនៅចុងបញ្ចប់នៃកម្មវិធីក៍មានDJ ចាក់ចម្រៀងហ៊ីបហម ឲ្យភ្ញៀវរាំកម្សាន្ដផងដែរ។តារានិងបុគ្គលល្បីៗដែលបង្ហាញខ្លួនថ្ងៃជប់លៀងមង្គលការសុវត្ថិឌី ធារិកា មានដូចជាលោកគួច ខេវិន ,ប៉ែន ចំរ៉ុង ,ងួន ចាន់ដេវីត ,សាវិន ហ្វីលីព,នាយក្រឹម,ជា សុវណ្ណារិទ្ធ ,ផាណូ ,អ៊ាម វន្នី,អ្នកនាងខាត់ សុឃីម ,ប៉ាចគីមមួយ ,ចំរើន សុភ័ក្រ ,វី ឌីណែត ,រ័ត្ន រចនា ,ឌី សូនីតា,ចាន់ កែវនិមល និងច័ន្ទ ឡាយវរលក្ខណ៍ ជាដើម ។
សុវត្ថិឌី ធារិកា បានក្លាយទៅជាភរិយាស្របច្បាប់របស់លោកពូ សុផានិត ហើយនាងក៍ជាកូនប្រសាររបស់លោកផ្កាយ៣ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ហេតុនេះហើយបានជាអ្នករួមអាជីពសរសើរពីភ័ព្វវាសនារបស់នាងថាចាប់ពីពេលនេះតទៅនាងលែងរស់នៅឯកោដូចមុនទៀតហើយ។
តាមរូបភាពវីដេអូមួយចំនួនបង្ហោះនៅលើបណ្ដាញសង្គមឃើញថានៅព្រឹកថ្ងៃទី២៦ ខែមករា នៅវគ្គដែលសុវត្ថិឌី ធារិកា កំពុងតែធ្វើពិធីសែនកួចចងដៃនោះធារិកា បានស្រក់ទឹកភ្នែករលីងរលោងព្រោះនាងនឹកតូចចិត្តដែលឪពុកម្ដាយរបស់ខ្លួនមិនបានឃើញនាងរៀបការ ដោយសារតែលោកទាំងពីរបានស្លាប់ចោលនាងក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ។ប៉ុន្ដែតារារួមអាជីពបានព្យាយាមលួងលោមនាងនឹងថាព្រលឹងរបស់ឪពុកម្ដាយនាងឃើញកូនមានសុភមង្គលបែបនេះលោកនឹងអោយពរជ័យហើយតាមថែរក្សារនាងជានិច្ច។
ប្រភពពីសាច់ញាត្តិក្រុមគ្រួសារខាងប្រុសបានបង្ហើបប្រាប់អ្នកយកព័តមានយើងថាលោក ពូ សុផានិត ស្វាមីសុវត្ថិឌី ធារិកា ទោះជាលោករស់នៅបរទេសជាច្រើនឆ្នាំក្ដី ប៉ុន្ដែគ្រាន់តែបានឃើញធារិកា ភ្លាមលោកលង់ស្រលាញ់ភ្លែត ហើយចិត្តចង់តែរៀបការអំឡុងពេលដែលពួកគេស្គាល់គ្នាជាង៣ឆ្នាំមកនេះ ខណៈក្រុមគ្រួសារគាំទ្រស្នេហានេះពេញទំហ៊ឹង ព្រោះឪពុកម្ដាយលោកសុផានិត ក៍ស្រលាញ់ពេញចិត្តតារាថោន រូបនេះដែរ ។ប៉ុន្ដែទាក់ទងរឿងថារៀបការរួចធារិកា នឹងទៅរស់នៅតាមប្ដីនៅអាមេរិកភ្លាមឬយ៉ាងណានោះ អ្នកស្និតក្រុមគ្រួសារស្វាមីតារាថោនរូបនេះថារឿងនេះមិនទាន់ដឹងច្បាស់លាស់នៅឡើយ ។
សុវត្ថិឌី ធារិកា បានចេញសារយ៉ាងខ្លីទៅស្វាមីថា “អរគុណបង អោយអូនមានថ្ងៃនេះ” ។
ថ្វីត្បិតតែសុវត្ថិឌី ធារិកា ក្លាយទៅជាកូនប្រសារមន្រ្ដីធំផ្កាយ៣មែន ប៉ុន្ដែភ្លាមៗក្រោយមានប្ដីនេះនាងផ្អាកការងារសិល្បៈតែត្រឹមរយពេលខ្លីប៉ុណ្ណោះ ពោលគឺក្រោយតំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំ(honey moon)ចប់ នាងនៅតែទទួលការច្រៀងសម្ដែងជាធម្មតាឡើងវិញដែលនេះបញ្ជាក់ថាស្វាមីមិនហួងហែងអាជីពចាស់របស់នាងឡើយ។ប៉ុន្ដែធារិកា នឹងបង្កើតមុខជំនួញខាងក្រៅសិល្បៈដូចតារាផ្សេងៗទៀតដែលមានប្ដីកូនអ្នកធំដែរ ។ដោយឡែកទាក់ទងរឿងយកកូនវិញអ្នកកំដសុវត្ថិឌី ធារិកា បានប្រាប់ថាធារិកា ចង់បានកូនឆាប់ៗពោលគឺមិនខ្លាចការមានកូនរំខានដល់អាជីពសិល្បៈរបស់នាងទេ។
គូរបញ្ជាក់ថាសុវត្ថិឌី ធារិកា អតីតបេក្ខភាពCambodian Idol រដូវកាលទី១ មានភាពលេចធ្លោមធ្យមនៅផលិតកម្មថោន តែនាងបានប្រែប្រួលរូបសម្រស់នារយៈពេលចុងក្រោយនេះ បន្ទាប់ពីបានពត់ធ្មេញដែលធ្លាប់រងការរិះគន់ថានាងមានធ្មេញមិនស្អាតនោះ មកជាធ្មេញសស្អាតនិងត្រង់។ឥឡូវធារិកា ថែមទាំងត្រូវបានគេសរសើរថានាងជានារីមានសំណាងម្នាក់ថែមទៀត ព្រោះមានប្ដីជាកូនអ្នកធំហើយមិនយូទេតារាកម្សត់ ព្រោះឪពុកម្ដាយស្លាប់ចោលព្រមគ្នាក្នុងថ្ងៃតែមួយរូបនេះអាចនឹងឡើងជាជំទាវទៀតផង ៕