ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ ត្រូវបានម្តាយប្រើឱ្យទៅឃ្វាលគោ ស្រាប់តែត្រូវយុវជនម្នាក់ ល្បួងរួមភេទបានសម្រេចចំនួន ១លើក លុះបែកធ្លាយដឹងដល់ម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។
ករណីចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ក្នុងភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី។ រហូតមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវង្ស ភក្តី ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិឫស្សី១ ឃុំមោង ស្រុកមោឫស្សី។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ដ.ស.ដ អាយុ១៤ឆ្នាំ (កើតថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩) និងមានលំនៅក្រុមទី១៥ ភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ឈ្មោះ ដ.ស.ដ អាយុ១៤ឆ្នាំ (កើតថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩) បានសម្រេច ចំនួន១លើក ខណៈក្មេងស្រីរងគ្រោះទៅឃ្វាលគោ នៅចំណុចភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី។

ប្រភពដដែល បន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស ភក្តី នៅនឹងផ្ទះជនសង្ស័យ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រួចនាំយកទៅសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវង្ស ភក្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះ ឈ្មោះ ដ.ស.ដ បានសម្រេចចំនួន១លើក ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕