ភ្នំពេញ ៖ បុគ្គលចំនួន ៦នាក់ ដែលអះអាងជាគ្រូបារមីខ្លាំងពូកែ ខាងមន្តវិជ្ជា ទស្សន៍ទាយ ស្រោចទឹក ដោះអំពើផ្សេងៗ រហូតដល់ខ្លះអួតអាងថា ចេះដល់ទៅជាង១០ភាសា និងធ្លាប់បានផ្តល់បទសម្ភាសន៍ផ្សព្វផ្សាយវីដេអូជាច្រើនតាមបណ្តាញសង្គម ធ្វើឱ្យប្រជាពលរដ្ឋយល់ ច្រឡំ មានជំនឿទាំងខ្វះការពិចារណា និងនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ពិសេសនាំឱ្យមានភាពច្របូកច្របល់ពេញបណ្តាញសង្គម រហូតដល់នាយករដ្ឋមន្ត្រី ក៏ថ្លែងថាវិលមុខនឹងគ្រូបារមីទាំងនោះដែរនោះ ទីបំផុតត្រូវបានក្រសួងធម្មការនិងសាសនា កោះហៅមកធ្វើកិច្ចសន្យា ឱ្យបញ្ឈប់នូវរាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីខ្មែរ។
គ្រូបារមីទាំង៦រូប ដែលត្រូវបានក្រសួងធម្មការ កោះហៅធ្វើកិច្ចសន្យា រួមមាន ៖

ទី១-កញ្ញា សុខ នី អាយុ៣៩ឆ្នាំ ជាគ្រូទាយជោគវាសនា និងមើលជំងឺ មានលំនៅ ភូមិអូរឫស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តក្រចេះ ហៅមកធ្វើកិច្ចសន្យា កាល ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ទី២-លោក ប៉ាន់ វណ្ណៈ អាយុ៤១ឆ្នាំ ជាគ្រូបារមី មានលំនៅ ភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពត ហៅមកធ្វើកិច្ចសន្យា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ទី៣- លោក គឹន បុត្តា អាយុ៤៤ឆ្នាំ មានលំនៅ ភូមិដង្កោ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាគ្រូដោះអំពើអាបធ្មប់ ត្រូវបានលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម ហៅមកធ្វើកិច្ចសន្យា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

ទី៤-លោក ស៊ីវ សុផល អាយុ៣៩ឆ្នាំ មានលំនៅ ផ្ទះលេខ១៣៤ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាគ្រូហុងស៊ុយ នាមបារមីមុនីឥសីខ្លា ត្រូវបានលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ហៅធ្វើកិច្ចសន្យា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
ទី៥-លោក ញ៉ឹប សុភិន អាយុ៤៥ឆ្នាំ មានលំនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជាគ្រូបារមីលោកគ្រូឥណ្ឌា ១២ភាសា ត្រូវបានលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ហៅមកធ្វើកិច្ចសន្យា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
និងទី៦-លោក វ៉ាត វុធ មានលំនៅក្នុងរាជធានីភ្នំពេញ ជាគ្រូបារមី លោកតាបារមីឥសីសំរឹទ្ធ ត្រូវបានលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ហៅមកធ្វើកិច្ចសន្យា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
ក្រសួងធម្មការនិងសាសនា បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ អំពីកិច្ចសន្យាចំនួន៦ច្បាប់ផ្សេងៗគ្នា របស់គ្រូបារមី ចំនួន៦រូប ដែលធ្លាប់បានសម្ភាសន៍ និងផ្សព្វផ្សាយតាមបណ្តាញសង្គម នាពេលកន្លងមក។

ចំពោះខ្លឹមសារក្នុងកិច្ចសន្យាដែលគ្រូបារមី ទាំង៦នាក់ បានធ្វើឡើងនៅចំពោះមុខប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត បានសន្យាថា «ដើម្បីបញ្ចៀសបាននូវការយល់ច្រឡំ និងការរិះគន់ពីមហាជន មកលើរូបខ្ញុំបាទ/នាងខ្ញុំ តទៅទៀត ដូច្នេះចាប់ពីពេលនេះទៅ ខ្ញុំបាទ/នាងខ្ញុំ សូមធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ដូចខាងក្រោម ៖
១- លុបចេញរាល់សកម្មភាពដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម ដូចជា Facebook YouTube TitTok ជាដើម។

២- ឈប់បង្ហោះ ឬអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន ឬអ្នកលេងបណ្តាញសង្គម មកសម្ភាសន៍ថតផ្សព្វផ្សាយពីសកម្មភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ទៀតឡើយ។
៣- ក្នុងករណីមានបង្ហោះ ឬមិនលុបចេញរាល់សកម្មភាពដែលបានធ្វើក្នុងពេលកន្លងមក ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។»៕
