Saturday, July 27, 2024
Homeតារាខ្មែរ ទូច ស៊ុននិច ថាមោទនភាពជាសិល្បការិនី និងសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ

 ទូច ស៊ុននិច ថាមោទនភាពជាសិល្បការិនី និងសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ

សហរដ្ឋអាមេរិក ៖ តារាចម្រៀង ទូច ស៊ុននិច ដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីមហាអំណាច សហរដ្ឋអា មេរិក បានលើកឡើងថា នាងមានមោទនភាពណាស់ ដែលមិនត្រឹមតែជាសិល្បការិនីម្នាក់ តែនាងបានក្លាយជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ មួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ចាំបាច់មួយ សម្រាប់សង្គមជាតិ ក្នុងការផ្ដល់ចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរ ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

កញ្ញាទូច ស៊ុននិច បានបង្ហោះរូបភាព និងសំណេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា «បងប្អូនណារកឃើញខ្ញុំគឺ Top Fans ! រូបថតអនុស្សាវរីយ៍ឆ្នាំ២០០១ គរុនិស្សិតជំនាន់ទី០៦ (២០០០-២០០១) Faculty of Pedagogy   នឹករលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់ និងមិត្តរួមជំនាន់។ កូនសូមសំពះដឹងគុណលោកឪពុក អ្នកម្ដាយ ដែលបានបង្កើតកូនមកហើយ បានអប់រំទូន្មានប្រៀនប្រដៅកូនបានល្អ ឲ្យកូនក្លាយជាកូនល្អ និងជាមនុស្សល្អក្នុងសង្គម។ នាងខ្ញុំក៏សូមលើកដៃសំពះដឹងគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្ហាត់បង្រៀន ផ្ដល់ចំណេះដឹងដល់នាងខ្ញុំ តាំងពីនាងខ្ញុំចូលរៀននៅសាលាមត្តេយ្យ រហូតដល់នាងខ្ញុំបានបញ្ចប់មហាវិទ្យាល័យគរុកោសល្យ ហើយគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យទាំងអស់នេះហើយ ដែលឲ្យនាងខ្ញុំទទួលបានចំណេះដឹងក្លាយជាបញ្ញវន្តនិងជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ មួយរូប ដែលបានបង្រៀន ផ្ដល់ចំណេះដឹងបន្តទៅសិស្សនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ»។

ទូច ស៊ុននិច បន្តថា «នាងខ្ញុំមានមោទនភាពណាស់ដែលខ្ញុំមិនត្រឹមតែជាសិល្បការិនីមួយរូបទេ គឺនាងខ្ញុំបានក្លាយជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ មួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ចាំបាច់មួយសម្រាប់សង្គម ជាតិ នោះគឺត្រូវផ្ដល់ចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ ស្រលាញ់និងនឹករលឹកបងប្អូនទាំងអស់គ្នា»។

គួររំលឹកថា អតីតតារាចម្រៀងសំនៀងពីរោះ និងជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ កញ្ញា ទូច ស៊ុននិច ជាអតីតនិស្សិតជំនាន់ទី១៧ (១៩៩៦-២០០០) ផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP (Royal University of Phnom Penh)  ។ នាងទទួលបានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅឆ្នាំ២០០០ ហើយបានបន្តការសិក្សានៅមហាវិទ្យាល័យគរុកោសល្យ (បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ) ១ឆ្នាំ បន្ថែមទៀត (២០០០-២០២១) ទើបទទួលបានសញ្ញាបត្រសាស្ត្រាចារ្យមធ្យមសិក្សាកម្រិត២ ។ ប៉ុន្តែគួរឲ្យសោកស្តាយ ទូច ស៊ុននិច បែរជារងការបាញ់ប្រហារពីខ្មាន់កាំភ្លើង ប៉ងផ្តាច់ផ្តិលជីវិតនាង នៅកណ្តាលរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៣ បណ្តាលឲ្យម្តាយនាងបានស្លាប់ និងរូបនាងបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិក ដែលទោះបីជីវិតនាងត្រូវបានសង្គ្រោះ តែនាងត្រូវរស់ក្នុងពិការភាពមួយកំណាត់ក្រោម មិនអាចដើរបាន ហើយនាងនិងក្រុមគ្រួសារ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅជាអចិន្ត្រៃយ៍ លើទឹកដីសហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃ៕ ខៀវទុំ

RELATED ARTICLES