Saturday, July 27, 2024
Homeព័ត៌មានជាតិជាប់គុកផ្ទះ ២៧ឆ្នាំ អ្នកវិភាគថា ដោះលែងកឹម សុខា លុះត្រាមានសន្ទនានយោបាយ

ជាប់គុកផ្ទះ ២៧ឆ្នាំ អ្នកវិភាគថា ដោះលែងកឹម សុខា លុះត្រាមានសន្ទនានយោបាយ

ភ្នំពេញ ៖ អ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួន បានលើកឡើងថា លោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមកាត់ទោសឲ្យជាប់ពន្ធនាគារ (ជាប់ឃុំក្នុងផ្ទះ) ២៧ឆ្នាំ និងដកសិទ្ធិគ្រប់បែបយ៉ាងនោះ នឹងមិនអាចទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ តាមការទាមទារចង់បានពីអតីតមេបក្សប្រឆាំងរូបនេះ និងសហមេធាវីរបស់លោកនោះទេ ដោយសារករណីនេះ ជារឿងនយោបាយ ដូច្នេះការដោះលែងកឹម សុខា លុះត្រាតែមានការសន្ទនានយោបាយ រវាងអ្នកកាន់អំណាច និងអ្នកនយោបាយអហិង្សា។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា លោកកឹម សុខា នឹងមិនអាចទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ទេ ព្រោះទាក់ទងនឹងនយោបាយ លោកកឹម សុខា ត្រូវគណបក្សកាន់អំណាច បិទផ្លូវហើយ មិនបើកផ្លូវឲ្យចេញមកធ្វើនយោបាយប្រឆាំងវិញទេ ខ្លាចប៉ះពាល់ដល់ការគ្រប់គ្រងអំណាច។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ករណីកាត់ក្ដីលោកកឹម សុខា នេះ យើងមើលទៅ គ្រាន់តែធ្វើតាមនីតិវិធីរបស់តុលាការ ចេញពីសាលាដំបូង ត្រូវតែបញ្ជូនទៅសាលាឧទ្ធរណ៍ តាមបណ្ដឹងរបស់កូនក្ដី បណ្ដឹងសើរើហ្នឹង ។ អ៊ីចឹងគេធ្វើទៅតាមនីតិវិធីតែប៉ុណ្ណឹង ។ តែរឿងយុត្តិធម៌សម្រាប់គាត់ គឺគេនឹងមិនផ្ដល់ឲ្យទេ គាត់មិនអាចទទួលយុត្តិធម៌អីបានពីតុលាការហ្នឹងទេ ។ យើងមើលអ៊ីចេះ! មើលសេណារីយោជុំវិញស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នហ្នឹង យើងមើលទៅសព្វថ្ងៃហ្នឹង លោកកឹម សុខា គេដាក់គាត់ទៅក្នុងរឿងក្ដីក្បត់ជាតិ ប្រព្រឹត្តគប់គិតក្បត់ជាតិ គេចោទប្រកាន់អ៊ីចឹង ហើយសាលាដំបូង គេកាត់គាត់ឲ្យជាប់ ២៧ឆ្នាំរួចហើយ ។ សម្រាប់ថ្ងៃទី៣០ មករា នៅសាលាឧទ្ធរណ៍ហ្នឹង គេនឹងកាត់ក្ដីមិនឲ្យមានយុត្តិធម៌ទេ ហើយក៏គ្មានការសម្របសម្រួលសម្រាលទោសអីច្រើនដែរ គ្មានទេ ដោយសារសេណារីយោបច្ចុប្បន្ន យើងឃើញគណបក្សផ្សេងៗទៀត ដែលជាគណបក្សក្រៅរដ្ឋាភិបាល នៅតែរងទុក្ខទោមេ្នញពីអ្នកកាន់អំណាច ដូចជាការចាប់សកម្មជនគណបក្សភ្លើងទៀន ឬគំរាមកំហែងគណបក្សផ្សេងៗ ក្រៅពីគណបក្សកាន់អំណាចហ្នឹង ។ មានរឿងច្រើន ជុំវិញរឿងហ្នឹង អាហ្នឹងដូចយើងធ្លាប់ជជែកពីមុនអ៊ីចឹង រដ្ឋាភិបាលហ៊ុន ម៉ាណែត ហ្នឹង និងលោកហ៊ុន សែន ហ្នឹង មិនអនុញ្ញាតឲ្យអ្នកប្រជាធិបតេយ្យណាដែលមានឥទ្ធិពល មកប្រកួតប្រជែងនយោបាយជាមួយគាត់ទេ ហើយជាពិសេសលោកកឹម សុខា ហ្នឹង គឺមិនបានទេ យើងនិយាយឲ្យខ្លីទៅ ពីព្រោះវាពាក់ព័ន្ធនឹងការប្រជែងអំណាច ប្រសិនបើបើកឲ្យលោកកឹម សុខា មានឱកាសប្រជែង ប្រកួតអីត្រឹមត្រូវ គឺលោកហ៊ុន ម៉ាណែត ទៅអត់រួចទេ ហើយលោកហ៊ុន សែន ក៏ពិបាកដែរ ។ អ៊ីចឹងហើយបានជាបិទហ្នឹង បិទអ្នកប្រជាធិបតេយ្យ អ្នកដែលមានឥទ្ធិពលហ្នឹង ។ ដូច្នេះហើយដំណើរការហ្នឹង ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹង គឺមិនអាចផ្ដល់យុត្តិធម៌ជូនលោកកឹម សុខា បានទេ នៅក្នុងការកាត់ក្ដីសាលាឧទ្ធរណ៍ហ្នឹង“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “យើងមើលសេណារីយោមួយទៀត យើងមើលសម្ពាធអន្តរជាតិ តាំងពីមុនសាលាដំបូងកាត់ក្ដីម្ល៉េះ មានសហភាពអឺរ៉ុប មានសហរដ្ឋអាមេរិក រហូតទៅដល់គេព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA  ហើយសហរដ្ឋអាមេរិក ហ្នឹងផុតកំណត់ GSP ក៏អត់ពិចារណាផ្ដល់ឲ្យកម្ពុជា វិញទៀតទេ ។ អ៊ីចឹងជាការខាតបង់ធំណាស់ ខាងសេដ្ឋកិច្ច វិនិយោគកម្ពុជា សួរថារដ្ឋាភិបាលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹងបានព្រឺរោម បានសម្រុះសម្រួលទេ? អត់ទេ! បើនិយាយរឿងអីផ្សេង និយាយរឿងពីនេះពីនោះអីកំប៉ិកកំប៉ុកអីផ្សេង ប៉ុន្តែនិយាយរឿងប៉ះពាល់ដល់ការអនុវត្តនយោបាយរបស់ក្រុមគ្រួសារត្រកូលហ៊ុន គឺអត់បាន គឺអត់សម្រុះសម្រួលអីទាំងអស់ ។ អ៊ីចឹងហើយលោកហ៊ុន សែន អត់ខ្វល់ច្រើនទេ ដែលធ្វើឲ្យកម្ពុជា ហ្នឹងមានប្រក្រតីភាពឡើងវិញ ខាងវិស័យសិទ្ធិមនុស្ស ក៏គាត់អត់ខ្វល់ដែរ គាត់មានតែកែសម្រួលច្បាប់ គាត់ពង្រឹងអំណាចក្រុមគ្រួសារគាត់ថែមទៀត ។ មួយទៀត ចង់បញ្ជាក់ជូនថា ទោះបីលោកកឹម សុខា ហ្នឹងសន្យាណាមួយជាមួយគណបក្សកាន់អំណាច ជាពិសេសលោកហ៊ុន សែន ថានឹងចេញមកធ្វើនយោបាយវិញ ឧទាហរណ៍ថា គេផ្ដល់យុត្តិធម៌ មានសំណួរសួរអ៊ីចឹង បើគេផ្ដល់យុត្តិធម៌ឲ្យ ហើយគេដាក់លក្ខខណ្ឌថា គាត់ចេញមកធ្វើគណបក្ស ហើយប្រឆាំងជាមួយនឹងគណបក្សប្រឆាំងគ្នាឯងហ្នឹង គេដោះលែងគាត់ដែរទេ? ហើយខ្ញុំក៏ធ្លាប់បានបញ្ជាក់ដែរថា អត់ទេ! លោកហ៊ុន សែន មិនអាចទុកចិត្តលោកកឹម សុខា ថាទោះបីលោកកឹម សុខា ហ្នឹងចង់មកធ្វើគណបក្ស ដូចសម័យគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី កាលពី២០០៨ ដល់២០១២ ហ្នឹង គឺប្រជែងគ្នា ប្រឆាំងគ្នា គ្នាឯងយ៉ាងណា ក៏ភាគីលោកហ៊ុន សែន អត់ទុកចិត្តដែរ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះហើយ សំណុំរឿងហ្នឹង គេបិទផ្លូវគាត់ហើយ គេបិទផ្លូវមិនផ្ដល់យុត្តិធម៌ឲ្យគាត់ទេ គេបិទនយោបាយគាត់ យើងនិយាយឲ្យខ្លី ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងអំពាវនាវសុំឲ្យរដ្ឋាភិបាលហ្នឹង មកគិតគូរអំពីផលប្រយោជន៍ជាតិ ដូចជាស្ដារស្ថានភាពសិទ្ធិមនុស្ស ស្ដារស្ថានភាពនយោបាយ ស្ដារផ្សះផ្សាជាតិ ស្ដារវិបត្តិផ្សេងៗនៅក្នុងសង្គមហ្នឹង គឺមានតែសម្រួល ផ្ដល់យុត្តិធម៌ដល់លោកកឹម សុខា និងដោះលែងអ្នកទោសមនសិការ សកម្មជនបក្សប្រឆាំង សកម្មជនផ្សេងៗ ហើយជជែកគ្នាទៅ គ្មានអីជាជាងខ្មែរ ជជែកខ្មែរគ្នាឯង ដោះស្រាយបញ្ហាជាតិទេ ហើយបើយើងដោះស្រាយបញ្ហាហ្នឹងបាន យើងកែសម្រួលប្រព័ន្ធនីតិរដ្ឋ គ្រប់គ្រងនីតិរដ្ឋឲ្យបានត្រឹមត្រូវទៅ យើងមិនពិបាកទេ ក្នុងការទាក់ទាញវិនិយោគទុនឲ្យមករកស៊ីស្រុកខ្មែរនោះ គេអាចនឹងមានទំនុកចិត្តឡើងវិញហើយ“ ។

ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា នៅក្នុងកាលៈទេសៈបែបនេះ លោកកឹម សុខា នឹងបន្តនៅក្នុងពន្ធនាគារ ឬក៏ឃុំនៅក្នុងផ្ទះ ជាបន្តទៅទៀត រហូតទៅដល់មានកិច្ចសន្ទនានយោបាយណាមួយ ដែលអាចបើកច្រកឲ្យមានភាពល្អប្រសើរឡើង ប៉ុន្តែបើមិនដូច្នោះទេ គឺនឹងមិនមានផ្លូវណាមួយបើកឲ្យលោកកឹម សុខា រួចខ្លួនពីសំណាញ់ច្បាប់ ដែលគណបក្សកាន់អំណាច បានរៀបចំឡើងនេះទេ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ហ្នឹងហើយ! ខ្ញុំក៏យល់ដូចអ្នកវិភាគ បញ្ញវន្ត ដែលតាមដានកិច្ចការសង្គមហ្នឹងដូចគ្នា យល់ថា ការងារនេះ គឺសាលាឧទ្ធរណ៍ នឹងមិនអាចធ្វើឲ្យលោកកឹម សុខា ហ្នឹងរួចផុតពីសំណាញ់ច្បាប់ទេ ។ អានេះគឺជាគោលការណ៍ ហើយយើងក៏បានដឹង និងតាមដានដូចគ្នា ពាក់ព័ន្ធជាមួយនឹងករណីរបស់លោកកឹម សុខា នេះ វាជាករណីនយោបាយសុទ្ធសាធ វាមិនពាក់ព័ន្ធជាមួយនឹងបទល្មើសក្បត់ជាតិ ឬក៏ព្រហ្មទណ្ឌណាមួយទេ ។ ដូច្នេះហើយបញ្ហាទាំងអស់នេះ គឺមានតែការដោះស្រាយតាមគោលការណ៍នយោបាយតែប៉ុណ្ណោះ ទើបអាចធ្វើឲ្យមានភាពយុត្តិធម៌ មានភាពត្រឹមត្រូវសម្រាប់លោកកឹម សុខា ហើយអាចមកធ្វើសកម្មភាពនយោបាយដូចប្រក្រតីវិញ“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “បើខុសពីការសម្របសម្រួលផ្នែកនយោបាយ ករណីរបស់លោកកឹម សុខា នេះ គឺយើងបានដឹងហើយថា នឹងមិនមានលទ្ធភាពល្អទេ ហើយក៏មិនអាចយកវិធីសាស្រ្តផ្សេងមកដោះដូរ ឬក៏រៀបចំសម្រួលនីតិវិធីឲ្យល្អប្រសើរជាងនេះណាស់ ដោយសារតែករណីរបស់លោកកឹម សុខា ជាករណីនយោបាយ ហើយជាករណីនយោបាយនេះ ជានយោបាយមួយ ដែលគណបក្សកាន់អំណាច មិនចង់ឃើញ មិនចង់ឲ្យមានវត្តមានរបស់ឥស្សរជននយោបាយទាំងអស់នោះ ពីព្រោះពួកគាត់គឺជាឆ្អឹងទទឹងក ឬក៏ថាជាអ្នកនយោបាយដែលអាចនឹងធ្វើឲ្យគណបក្សកាន់អំណាច នាពេលបច្ចុប្បន្ន អាចបាត់បង់អំណាចដឹកនាំប្រទេស នៅក្នុងនីតិកាលបន្តបន្ទាប់ ។ ដូច្នេះនៅក្នុងកាលៈទេសៈបែបនេះ យើងមើលឃើញថា លោកកឹម សុខា នឹងបន្តនៅក្នុងពន្ធនាគារ ឬក៏ឃុំនៅក្នុងផ្ទះ ជាបន្តទៅទៀត រហូតទៅដល់មានកិច្ចសន្ទនានយោបាយណាមួយ ដែលអាចបើកច្រកឲ្យមានភាពល្អប្រសើរឡើង ទើបអាចដំណើរការទៅបាន ហើយបើមិនដូច្នោះទេ ខ្ញុំនៅតែមើលមិនឃើញ ដូចអ្នកសិក្សា អ្នកស្រាវជ្រាវ បញ្ញវន្ត និងអ្នកវិភាគផ្សេងទៀតដូចគ្នា គឺនឹងមិនមានផ្លូវណាមួយបើកឲ្យលោកកឹម សុខា រួចខ្លួនពីសំណាញ់ច្បាប់ ដែលគណបក្សកាន់អំណាច បានរៀបចំឡើងនេះដែរ“ ។

ដោយឡែក លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែរថា សម្រាប់លោកកឹម សុខា អតីតមេបក្សប្រឆាំង លោកមើលមិនឃើញពីពន្លឺនៃការចេញក្រៅឃុំ ឬមួយក៏ការរួចពីទោសក្បត់ជាតិទេ គឺសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ នៅពេលខាងមុខ ក៏នឹងនៅតែតម្កល់នូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យជាប់គុក២៧ឆ្នាំនោះ ចាត់ទុកជាបានការដដែល ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធជាមួយនឹងករណីលោកកឹម សុខា នេះ ខ្ញុំយល់ឃើញថា ការពន្យារនីតិវិធីរបស់សាលាឧទ្ធរណ៍ ដើម្បីលើកពេលជុំនំជម្រះក្ដីរបស់គាត់នៅពេលខាងមុខ នៅថ្ងៃ០៨ កុម្ភ: ខាងមុខនេះ ខ្ញុំគិតថា វាជាបច្ចេកទេសនីតិវិធីនៃការកាត់ក្ដីរបស់សាលាឧទ្ធរណ៍ វាមានច្បាប់របស់គេ អាចធ្វើបាន ។ ក៏ប៉ុន្តែសម្រាប់ខ្ញុំៗមិនឃើញពីពន្លឺនៃការចេញក្រៅឃុំ ឬមួយក៏ការរួចពីទោសក្បត់ជាតិនេះ គឺខ្ញុំមើលឃើញថា វាមិនអាចទៅរួចទេ ព្រោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ នៅពេលខាងមុខ ក៏ខ្ញុំនៅតែមើលឃើញថា ការតម្កល់នូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យជាប់គុកជាង ២០ឆ្នាំនោះ គឺខ្ញុំយល់ឃើញថា នៅតែដដែលហ្នឹងឯង មិនអាចមានអ្វីប្រែប្រួលទេ ពីព្រោះករណីលោកកឹម សុខា នេះ បានចប់សព្វគ្រប់ទៅហើយ ហើយជីវិតនយោបាយរបស់លោកកឹម សុខា ក៏បានជីកកប់ជាមួយនឹងអតីតគណបក្សសង្រ្គោះជាតិ នេះផងដែរ ។ អ៊ីចឹងខ្ញុំមើលឃើញថា ជាហេតុផលនយោបាយនោះ គ្រាន់តែជាការភ្ជាប់ខ្លួនទេ ប៉ុន្តែរឿងពិត គឺទោសក្បត់ជាតិ បានឃើញជាចំហ សម្រាប់លោកកឹម សុខា ហើយខ្ញុំបញ្ជាក់ឡើងវិញថា ពន្លឺនៃការលើកលែងទោស ឬមួយក៏ដំណើរការនីតិវិធីក្ដីនេះ គ្រាន់តែការធ្វើដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះឯង“ ។

សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសសាលក្រម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ តែលោកត្រូវបានដាក់ឱ្យឃុំខ្លួននៅក្នុងផ្ទះ ។ តុលាការ បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះលោកកឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមការបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរ អស់រយៈពេលជិត១ឆ្នាំ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោកកឹម សុខា តាមការប្ដឹងជំទាស់របស់សាមីខ្លួន លោកកឹម សុខា ដែលមានសហមេធាវីការពារក្ដី ចំនួន៤នាក់  ។

សវនាការឧទ្ធរណ៍ នៅថ្ងៃនោះ ចូលរួមសង្កេតដោយមន្ត្រីអង្គការសហប្រជាជាតិ (UN) ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតអាមេរិក អូស្ត្រាលី អាល្លីម៉ង់ និងអង្គការលីកាដូ ប៉ុន្តែអាជ្ញាធរបានបិទផ្លូវគ្រប់ច្រកជុំវិញសាលាឧទ្ធរណ៍ ហើយមិនឱ្យនរណាចូលក្នុងបរិវេណសាលាឧទ្ធរណ៍ និងចូលស្ដាប់សវនាការឡើយ បើគ្មានការអនុញ្ញាត និងប័ណ្ណសម្គាល់ ទោះបីជាការជំនុំជម្រះក្ដីនេះ ជាសវនាការសាធារណៈក៏ដោយ។

ក្រុមអ្នកគាំទ្រលោកកឹម សុខា ដែលនាំគ្នាប្រមូលផ្ដុំក្បែរសាលាឧទ្ធរណ៍ភ្នំពេញ បានអំពាវនាឱ្យតុលាការ និងរដ្ឋាភិបាល ផ្ដល់សេរីភាពឱ្យលោកកឹម សុខា បើមិនដូច្នោះទេ លទ្ធិប្រជាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា កាន់តែធ្លាក់ស្រុតខ្លាំង ។

ទោះយ៉ាងណា សវនាការសាលាឧទ្ធរណ៍ ដែលចំណាយពេលអស់ជិត ៤ម៉ោងនោះ បានត្រឹមអានសាលក្រម មិនទាន់បានលទ្ធផលអ្វីទេ គឺតុលាការសម្រេចបន្តនីតិវិធីនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះទៀត ។

បើតាមការបញ្ជាក់របស់សហមេធាវីលោកកឹម សុខា សវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងក្បត់ជាតិ របស់លោកកឹម សុខា នេះ នឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៤ ៕ កុលបុត្រ

RELATED ARTICLES