ភ្នំពេញ៖កែវ ពេជ្រពិសី បានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាងអាចនឹងបោះបង់មុខរបរដែលខ្លួនឯងស្រលាញ់និងប្រឹងធ្វើជាង២០ឆ្នាំមកហើយនោះនៅឆ្នាំ២០២៤ នេះតែម្ដងព្រោះពិបាកប្រឈមទីផ្សារ និងមិនចង់ចំណាយខាតតទៅទៀតនោះគឺ”កែវ ពេជ្រពិសី សំអាងការ” ។ពេជ្រពិសី បានលើកហេតុផលថានាងបានដាក់ទុនបន្ដិចម្ដងៗជាមួយមុខរបរនេះចូលទុកខ្ទង់២០ម៉ឺនដុល្លារ សម្រាប់តំណើរការរយៈពេល២០ឆ្នាំនេះ ហើយនាងចង់ផ្ទេរមុខរបរនេះទៅឲ្យអ្នកដែលស្រលាញ់រកស៊ីបន្ដពីនាងដោយសេងតែ៣ម៉ឺនដុល្លារវិញទេ ប្រសិនបើមានអ្នកចង់បានសម្ភារៈ សម្លៀកបំពាក់ និងគ្រឿងសំអាងការពីហាងរបស់នាងដ៍ច្រើនសម្បូរបែប។ប៉ុន្ដែនាងថាអំឡុងពេលដែលសំអាងការនាងមិនទាន់មានម្ចាស់ថ្មីនេះរូបនាងនៅតែទទួលចេញសំអាងការឲ្យភ្ញៀវជាធម្មតាដូចមុនដដែល ។
តើហេតុអ្វីទៅបានជាកែវ ពេជ្រពិសី ចង់បោះបង់អាជីពសំអាងការដែលបានតស៊ូជាង២ទសវត្សន៍មកនេះ ?
កែវ ពេជ្រពិសី បានប្រាប់បទពិសោធន៍ចំពោះមុខរបរសំអាងការរបស់នាងថាការរកស៊ីផ្នែកនេះមិនមែនជារឿងធម្មតាដូចការគិតនោះទេ ព្រោះការប្រជែងទីផ្សារពិតជាខ្លាំងក្លាណាស់ទើបអាចទៅរួច ។ពិសី ថាពី១ឆ្នាំទៅ១ឆ្នាំ គេត្រូវការUpdate ម៉ូដសម្លៀកបំពាក់ថ្មីៗ គ្រឿងអលង្ការទំនើបៗ ខ្លះច្នៃសឹងតែដូចរបស់ពិតជាមាស ពេជ្រ ទៀតហើយបើយើងមិនធ្វើតាមគេ ដើរមិនទាន់គេហេតុនេះត្រូវទិញសម្ភារៈចូលជារៀងរាល់ឆ្នាំហើយរបស់ទាំងនោះថ្លៃៗ ពេលខ្លះកាន់លុយទាំងម៉ឺនទៅបានតែមួយផ្នែកក៍មាន ។នាងថាចូលដល់ឆ្នាំ២០២៤ នេះសំអាងការធំៗកាន់តែចំណាយខ្ពស់ និងសម្បូរបែប ហេតុនេះបើនាងនៅតែប្រឹងទៀតការចំណាយអាចរឹតតែកើន ឬគ្មានដែនកំណត់ ទើបនាងសម្រេចចិត្តចង់សេងសំអាងការនៅឆ្នាំ២០២៤ នេះហើយសម្លឹងមើលការរកស៊ីមុខរបរថ្មីណាផ្សេងទៀតដែលខ្លួនស្រលាញ់ដែរ ។
ថ្វីត្បិតតែកែវ ពេជ្រពិសី សម្រេចចិត្តថាសេងសំអាងការនៅឆ្នាំ២០២៤ លែងរកស៊ីផ្នែកនេះតទៅទៀតក្ដី ប៉ុន្ដែនាងថារបរនេះបើយើងកុំហក់លោតតាមគេ គឺអាចទៅរួច ពោលគឺមានន័យថាពេលភ្ញៀវកុម្មង់សម្លៀកបំពាក់ គ្រឿងអលង្ការប្រភេទណាទើបយើងទៅទិញនោះមិនប្រឈមហានិភ័យដូចការទិញមកទុកច្រើនជាមុនឡើយ ។ប៉ុន្ដែពេជ្រពិសី ថាប៉ុន្មានឆ្នាំចុងក្រោយនេះនាងឃើញអ្នករកស៊ីធំផ្នែកសម្អាងការនេះ មានខ្លះបោះទុនចូលដល់លានដុល្លារក៍មាន ហេតុនេះទីផ្សារសំអាងការនេះកាន់តែមិនស្រួលនោះទេ គឺពិតជាត្រូវការដើមទុនច្រើន ហើយបត់បែនទៅតាមសម័យកាលរហូតទើបយើងអាចឈជើងបាន។
គូររំលឹកថាកែវ ពេជ្រពិសី បានបង្កើតមុខរបរខាងក្រៅសិល្បៈដែលខ្លួនស្រលាញ់គឺសំអាងការ នេះតាំងពីមុនឆ្នាំ២០១០ ម្លេះ ហើយនាងបានផ្លាស់ប្ដូរហាងជាច្រើនទីតាំង និងពិបាកប្រឈមខ្លាំងអំឡុងពេលដែលកូវីដ ផ្ទុះនៅឆ្នាំ២០២១-២០២២ ដែលស្ទើតែធ្វើឲ្យនាងគ្មានចំណូលពីមុខរបរមួយនេះឡើយ ។ ពេជ្រពិសី ថា២០ឆ្នាំមកនេះសំអាងការនាងត្រូវបានគេជួលទាំងនៅក្រុងនិងខេត្ត ហើយនាងតែងតែចុះទៅផ្ទាល់ ហេតុនេះការរកស៊ីរបរនេះទាល់តែដាក់ចិត្តដាក់កាយទើបអាចទៅរួច ។នាងថាក្រោយស្ងាត់កូវីដ នេះសំអាងការនាងក៍មិនសូវមានគេជួលច្រើនដែរ ព្រោះចំនួនអ្នករៀបការក៍មិនច្រើនដូចមុន ដោយសាតែគូស្នេហ៍ខ្លះពួកគេស្រលាញ់គ្នា ត្រូវការស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមុន ទើបរៀបការ ខ្លះអត់ទាន់ចង់ការ ទើបធ្វើឲ្យទីផ្សារចុះខ្សោយទៅៗ តែចិត្តនាងនៅស្រលាញ់ ប៉ុន្ដែក៍អាចបត់បែនទៅតាមពេលវេលា ដែលនឹងសម្លឹងមុខរបរថ្មីនាពេលបន្ទាប់ក្រោយសេងសំអាងការរួចហើយ។
សូមរំលឹកថាកែវ ពេជ្រពិសី បានប្រើជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេល១០ឆ្នាំក្រោយចែកផ្លូវជាមួយអតីតគូស្នេហ៍បុរសអាណិកជនខ្មែរនៅអូស្រា្ដលីកាលពីឆ្នាំ២០១០ ហើយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០បានភ្ជាប់ពាក្យជាមួយបុរសពោះម៉ាយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ អាយុជាង៥០ឆ្នាំ និងបានសម្រាលកូនប្រុសថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយដាក់ឈ្មោះថា Dura Peou ។ពេជ្រពិសី ថានាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ ព្រោះរូបនាងនិងស្វាមីសុទ្ធតែធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ម្ដងរួចទៅហើយ ប៉ុន្ដែនាងមានផែនការណ៍យកកូនទី២ ជាកូនស្រី ដោយសារតែកូនមុនរបស់ប្ដីនាង២នាក់សុទ្ធតែប្រុស ហើយមកចាប់ដៃនាងបានកូនប្រុសទៀត ហេតុនេះនាងនិងប្ដីចង់បានកូនស្រីដូចគ្នា ។
ក្រៅពីកែវ ពេជ្រពិសី តារាដែលរកស៊ីសំអាងការមានដូចជាសឿ សុធារ៉ា ,ឱក សុគន្ធកញ្ញា ,លី ច័ន្ទសីហា ,ស៊ីនឌី និងលោកណុប បាយ៉ារិទ្ធ ជាដើម ។ប៉ុន្ដែក្នុងចំណោមនេះមានភាគច្រើនបានផ្អាក ឬបិទទ្វាអាជីវកម្មនេះទៅហើយ តែខ្លះនៅបន្ដមកដល់សព្វថ្ងៃ៕