ភ្នំពេញ៖ឈិត សុវណ្ណបញ្ញា បានធ្វើបុណ្យចំរើនព្រជន្មាយុគម្រប់៦៥ឆ្នាំជូនឪពុករបស់នាងលោកសរ ប៊ុនឆេង កាលពីថ្ងៃទី២៩ ខែមករា ដោយមានតារារួមជាជីពជាច្រើនទៅចូលរួម ។គេឃើញសុវណ្ណបញ្ញា ដែលកម្របង្ហាញខ្លួនតាមបណ្ដារកម្មវិធីនានាជាយូខែមកហើយនោះនាងនៅតែមានរូបសម្រស់គូរឲ្យទាក់ទាញពិសេសគឺក្នុងឈុតប្រពៃណី។ប៉ុន្ដែនៅថ្ងៃនោះក្រៅពីបង្ហាញពីការដឹងគុណដល់ព្រះរស់(ឪពុក)សុវណ្ណបញ្ញា នៅតែមិនបានបង្ហាញមុខគូស្នេហ៍ក្នុងពិធីបុណ្យដ៍ធំរបស់គ្រួសារនាងឡើយ។ចំណែកតារាដែលចូលរួមបានសរសើរសុវណ្ណបញ្ញា ថានាងជាគំរូរល្អមួយក្នុងសិល្បៈព្រោះធ្វើបុណ្យទាន់ខែភ្លឺ ហើយទោះជារវល់យ៉ាងណាសូមកុំភ្លេចព្រះរស់ …។
គូរបញ្ជាក់ថាឈិត សុវណ្ណបញ្ញា បានចាកចេញពីហង្សមាសកាលពីឆ្នាំ២០១៧ ហើយចូលជ្រកនៅថោន តែចាប់ពីឆ្នាំ២០២០ មកនាងគ្មានបទចម្រៀងលេចធ្លោទៀតឡើយ ទើបធ្វើឲ្យគេសង្ស័យថានាងបានចាកចេញពីផលិតកម្មនេះហើយ និងខ្លះថានាងអាចនឹងវិលទៅទ្រនុំចាស់ហង្សមាសទៀតផង បើទោះជារូបនាងធ្លាប់ប៉ះទង្គិចសំដីគ្នាជាមួយលោកអ៊ឹង សុងលាភ ដែលជាអ្នកគ្រប់គ្រងផលិតកម្មមួយនេះអំឡុងពេលបញ្ញា ទៅដល់ថោន ភ្លាមៗហើយនាងទម្លាយថារងចាំអស់១០ឆ្នាំដើម្បីចេញSolo Album តែនៅចេញមិនរួច ធ្វើឲ្យលោកលាភ ប្រតិកម្មតបក្ដី ។ប្រភពបានឲ្យដឹងថាសុវណ្ណបញ្ញា នៅតែចង់ស្ដារមុខមាត់ឡើងវិញក្នុងវិស័យចម្រៀង ពោលគឺមិនចង់បាត់មុខពីឆាកតន្រ្ដីជារៀងរហូតឡើយ ព្រោះនាងបានប្រឹងក៍សាងកេរ្ដិ៍ឈ្មោះនៅហង្សមាសដល់ទៅ១០ឆ្នាំ។
ថ្វីត្បិតតែឈិត សុវណ្ណបញ្ញា ស្ងប់ស្ងាត់ពីអាជីពចម្រៀងជាង៣ឆ្នាំ ធ្វើឲ្យនាងធ្លាក់កូដខ្លាំងក្ដី ប៉ុន្ដែអំឡុងពេលដែលនាងលែងចេញបទថ្មីៗនេះបញ្ញា បង្ហាញពីជីវភាពធូធារខ្លាំងដូចជាការផ្លាស់ប្ដូររថយន្ដទំនើបៗជិះជាញឹកញាប់ និងការដើរកម្សាន្ដនៅក្រៅប្រទេសជាបន្ដបន្ទាប់ទៀតផង។ប៉ុន្ដរាល់សកម្មភាពរបស់សុវណ្ណបញ្ញា ទាំងក្នុងនិងក្រៅស្រុកនាងមិនដែលបង្ហាញមុខគូស្នេហ៍កៀកកើយដូចតារាល្បីៗផ្សេងទៀតឡើយ ពោលគឺលាក់ជិតឈឹងតាំងពីចាប់អាជីពចម្រៀងជាង១០ឆ្នាំមកនេះ បើទោះជាកាលពីឆ្នាំមុនធ្លាប់មានដំណឹងថានាងមានសង្សារជាថៅកែលក់ឡានក្ដី តែពេលនោះនាងចេញមុខអះអាងថានោះជាស្វាមីរបស់ប្អូនស្រីនាងទេ ហើយមូលហេតុដែលគេច្រឡំបែបនេះគឺដោយសារតែនាងនិងប្អូនស្រីមុខដូចគ្នាស្ទើតែពិបាកបែងចែក។
គូរបញ្ជាក់ថាឈិត សុវណ្ណបញ្ញា ស្ថិតក្នុងចំណោមតារាដែលចាកចេញពីហង្សមាសតែមិនសូវជោគជ័យមានដូចជាអ្នកនាងយក់ ឋិតរដ្ឋា ,សុន ស្រីពេជ្រ ជាដើម ខណៈដែលសុគន្ធ និសា ទៅហើយមកវិញ ។ប្រភពបានឲ្យដឹងថាតារាដែលធ្លាប់ស្និតស្នាលជាមួយសុវណ្ណបញ្ញា ទាំងអស់នៅហង្សមាសសុទ្ធតែឲ្យយោបល់ឲ្យនាងវិលមកហង្សមាសវិញ ប៉ុន្ដែរហូតមកដល់ពេលនេះគ្មានសញ្ញាភ្លើងខៀវពីថ្នាក់ដឹកនាំផលិតកម្មមួយនេះទេ ហើយរឿងនេះអាចធ្វើទៅបានក្រៅពីសុគន្ធ និសា ហាក់ពិបាកនឹងទៅរួច ព្រោះបច្ចុប្បន្នផលិតកម្មនេះមានតារាឡើងគជាន់ជើងគ្នាទៅហើយ ហេតុនេះបើសុវណ្ណបញ្ញា ចង់បកក្រោយក៍មិនប្រាកដថាមានទីផ្សារល្អដូចកាលពីជាង១០ឆ្នាំមុនដែរ ។តែប្រសិនបើនាងនៅតែគ្មានបទថ្មីៗចេញតទៅទៀតបែបនេះច្បាស់ជាអាចនឹងយឺតពេលប្រសិនបើចង់ប្រជែងទីផ្សារចម្រៀងជាថ្មី ព្រោះថាពេលនេះតារាវ័យក្មេងចេញមកច្រើនទើបធ្វើឲ្យការគាំទ្របែកខ្ញែក ។
យ៉ាងណាជុំវិញការបាត់មុខពីឆាកតន្រ្ដីធំៗរបស់ឈិត សុវណ្ណបញ្ញា ជាង៣ឆ្នាំនេះតែនាងនៅតែដើរចាយលុយនៅក្រៅស្រុកដោយមិនជួបវិបត្តិសេដ្ឋកិច្ចបែបនេះធ្វើឲ្យមានការសង្ស័យថាស្រីស្រស់រូបនេះ មានគូស្នេហ៍ជ្រោមជ្រែងក្រោយខ្នង និងខ្លះខ្សឹបខ្សៀវគ្នាថាបញ្ញា អាចត្រូវគូស្នេហ៍រារាំងការលេងសិល្បៈតទៅទៀតផង ទើបបានជានាងហាក់ដូចជាមិនក្វល់រឿងប្រជែងទីផ្សារចម្រៀងដូចមុនបែបនេះ ។ប៉ុន្ដែជុំវិញរឿងគូស្នេហ៍នេះសុវណ្ណបញ្ញា មិនដែលហ៊ានលាតត្រដាងម្ដងណាឡើយ រហូតមានអ្នកខ្លះសង្ស័យថានាងមិនទាន់ច្បាស់លាស់ទើបខ្លាចក្នុងការបញ្ចេញមុខគូស្នេហ៍ ឬគ្មានដំណឹងរៀបការបែបនេះ ៕