Wednesday, October 30, 2024
Homeព័ត៌មានជាតិខ្មែរចំណាកស្រុក សម រង្ស៊ី ចោទសម្តេចហ៊ុន សែន បំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់

ខ្មែរចំណាកស្រុក សម រង្ស៊ី ចោទសម្តេចហ៊ុន សែន បំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានចោទសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាអតីតនាយករដ្ឋមន្រ្តី ថាបានបំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់ ដោយសារតែនៅក្នុងស្រុកគ្មានការងារធ្វើ ហើយសង្គមមានអំពើពុករលួយ បក្ខពួក-គ្រួសារនិយម ពង្វក់យុវជនឲ្យភ្លើតភ្លើននឹងគ្រឿងស្រវឹង និងគ្រឿងញៀន ធ្វើឲ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរ ត្រូវធ្វើចំណាកស្រុក ទៅធ្វើជាពលករនៅបរទេស។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មឆ្លើយតបថា ចំពោះការដែលគណបក្សហៅសម រង្ស៊ី ជាជនក្បត់ជាតិ ៣ជំនាន់ គឺជាការពិតដែលមាននៅក្នុងប្រវត្តិសាស្រ្តជាក់ស្ដែង អ្នកណាក៏ដឹងដែរ តែចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម និយាយថា សម្ដេចហ៊ុន សែន បំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់នោះ គឺវាផ្ទុយពីការពិត ព្រោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន មានទស្សនវិស័យនិងគោលនយោបាយលើកកម្ពស់យុវជន តាំងពីដើមមក ។

សូមបញ្ជាក់ថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពយុវជនខ្មែរ ចំណាកស្រុកទៅធ្វើជាពលករនៅបរទេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ជាមួយសំណេរថា «ហ៊ុន សែន បានបំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់។ អំពើពុករលួយ បក្ខពួកនិយមជាប្រព័ន្ធ គឺជាដើមហេតុធ្វើឱ្យខ្សោយប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ច។ ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសជិតខាង ព្រោះគ្មានឱកាស គ្មានការងារធ្វើនៅកម្ពុជា។ ហ៊ុន សែន បានបំផ្លាញទាំងបច្ចុប្បន្នកាល និងអនាគតកាលរបស់យុវជនខ្មែរ»។

ជាមួយគ្នានេះ ថ្លែងតាមវីដេអូ ក្នុងវេទិកាសំឡេងសង្គ្រោះជាតិ បង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ លោកសម រង្ស៊ី បានមានប្រសាសន៍ថា “សុំបញ្ជាក់ថា អ្វីដែលហ៊ុន សែន បានបំផ្លាញអនាគតកូនខ្មែរ អនាគតយុវជននោះ គឺបំផ្លាញមិនចាំដល់អនាគតទេ បំផ្លាញបច្ចុប្បន្នកាល គឺជីវភាពរស់នៅសព្វថ្ងៃ ការមានការងារធ្វើ ឬខ្វះការងារធ្វើ ការដែលត្រូវបង្ខំចិត្តចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសជិតខាង ខ្មែររាប់លាននាក់ ដែលបង្ខំចិត្តចំណាកស្រុក អាហ្នឹងគឺហៅថា បំផ្លាញទាំងបច្ចុប្បន្នកាល ហើយបំផ្លាញទាំងអនាគតកាលទៅទៀត ពីព្រោះការកសាងអនាគត គឺគេរៀបចំរាប់សិបឆ្នាំ ពីមុននោះ នយោបាយខុសរបស់ហ៊ុន សែន អំពើអាក្រក់របស់ហ៊ុន សែន ការបំផ្លិចបំផ្លាញជាតិ ទម្លាប់បក្ខពួកនិយម គ្រួសារនិយមរបស់ហ៊ុន សែន វាជះឥទ្ធិពលមកដល់សព្វថ្ងៃ និងជះឥទ្ធិពលទៅថ្ងៃមុខបន្តិចទៀត ។ អ៊ីចឹងអ្វីដែលធ្វើឲ្យយើងជួបការលំបាក ប្រជាពលរដ្ឋខ្មែរ យុវជនជាទូទៅនេះ ជួបការលំបាក ខ្វះការងារធ្វើ ខ្វះប្រាក់ចំណូល ជំពាក់លុយគេវ័ណ្ឌក អត់មានសេចក្ដីសង្ឃឹម មិនដឹងទៅជាយ៉ាងម៉េចថ្ងៃមុខ ។ ហ្នឹងហើយបច្ចុប្បន្នកាល ដែលយើងជួបការលំបាកហ្នឹង គឺវារងឥទ្ធិពលពីអ្វីដែលហ៊ុន សែន បានធ្វើម្ភៃសាមសិបឆ្នាំមុនមកហើយ ហើយហ៊ុន សែន គាត់កាន់តំណែងដឹកនាំប្រទេស ៣៨ឆ្នាំ ។ ម៉េចក៏ខ្ញុំបាននិយាយថា ហ៊ុន សែន បំផ្លាញទាំងបច្ចុប្បន្នកាល បំផ្លាញទាំងអនាគតកាល របស់កូនខ្មែរ យុវជនដល់ទៅ៣ជំនាន់? ពីព្រោះដើម្បីកសាងអនាគត យើងត្រូវចាប់ផ្ដើមរៀនសូត្រ ចូលសាលា តាំងពីមធ្យម ចូលអាយុ៦ឆ្នាំ ហើយយ៉ាងហោចមធ្យមដែរ គឺរៀន១២ឆ្នាំ ថែមទៀត អ៊ីចឹងក្មេងអាយុពី៦ឆ្នាំ ទៅដល់១៨ឆ្នាំ ក្នុងរយៈពេល១២ឆ្នាំ ។ អ៊ីចឹង១២ឆ្នាំហ្នឹង ដូចយើងហៅថា ជាជំនាន់ យើងសិក្សា១វគ្គ ១២ឆ្នាំ អាហ្នឹង១ជំនាន់ ។ យុវជន ១ជំនាន់ទៀត សិក្សា១វគ្គ ១២ឆ្នាំទៀត ជំនាន់ទី២ ។ បន្ទាប់មកទៀត យុវជន១ជំនាន់ទៀត ទី៣ សិក្សា១២ឆ្នាំទៀត អាហ្នឹងយើងបូកទាំងអស់ទៅ វា៣៦ឆ្នាំ ៣ជំនាន់ហ្នឹង ហើយហ៊ុន សែន គាត់ដឹកនាំប្រទេស ៣៨ឆ្នាំ គឺវាគ្របដណ្ដប់ ៣ជំនាន់ ។ ចំពោះយុវជន ៣ជំនាន់ហ្នឹង បើប្រព័ន្ធអប់រំមិនល្អ មានការខ្វះខាតច្រើនមែនទែន សិស្សមិនអាចរៀនសូត្របានត្រឹមត្រូវ ដោយសារខ្វះសាលា ខ្វះថ្នាក់រៀន ខ្វះគ្រូបង្រៀន គ្រូបង្រៀនខ្វះប្រាក់ខែ ខ្វះសម្ភារៈសិក្សា កម្មវិធីសិក្សារៀបចំមិនបានល្អ គឺគេព្រងើយកន្តើយ គេបណ្ដោយធ្វើឲ្យប្រព័ន្ធអប់រំនៅស្រុកខ្មែរ រយីករយាក ។ រយីករយាកហ្នឹង គឺថាយើងមិនបានទទួលការអប់រំ ការបណ្ដុះបណ្ដាលឲ្យត្រឹមត្រូវ ឆ្ពោះទៅរកការងារធ្វើបានល្អ ។ ការងារធ្វើបានល្អ ការងារធ្វើត្រឹមត្រូវ គឺប្រាក់ខែខ្ពស់ ជីវភាពរស់នៅខ្ពស់ ហើយធ្វើការនៅលើទឹកដីប្រទេសកម្ពុជា មិនចាំបាច់ទៅចំណាកស្រុកទៅក្រៅទេ“ ។

លោកសម រង្ស៊ី បន្តថា “អ៊ីចឹងភាគច្រើនយុវជន ខ្ញុំជឿថា ៨០% ដែលខ្វះការងារធ្វើ ការងារត្រឹមត្រូវ ខ្លះគេមានការងារធ្វើបន្តិចបន្តួច ប៉ុន្តែវាមិនគ្រប់គ្រាន់ ធ្វើយ៉ាងលំបាក ហើយប្រាក់ចំណូលវាអត់គ្រប់គ្រាន់ ហើយរបបហ៊ុន សែន នេះ ក៏ពូកែភូតភរទៀត គាត់ថា ប្រជាពលរដ្ឋខ្មែរ មានការងារធ្វើ ៩៩% គឺស្ទើរតែទាំងអស់ មានការងារធ្វើ។ ប៉ុន្តែទៅរាប់ថាមានការងារធ្វើហ្នឹង ការងារអ្វីខ្លះ? អ្នករើសសំរាម ក៏គេហៅថាមានការងារ អ៊ីចឹងគេបូកបញ្ចូលអ្នករើសសំរាម ថាអ្នកហ្នឹងមានការងារហើយ កុំខ្វល់ ព្រោះជាអ្នករើសសំរាម រើសតទៅទៀតទៅ អត់អីទេ បានហើយប៉ុណ្ណឹង ។ អ្នកសុំទាន ក៏គេចាត់ទុកថាមានការងារធ្វើដែរ អ្នកធ្វើការបន្តិចបន្តួច លក់លៀសហាល លក់អីបន្តិចបន្តួច រស់ពីមួយថ្ងៃទៅមួយថ្ងៃហ្នឹង ក៏គេចាត់ទុកថា មានការងារធ្វើហើយ ។ អ៊ីចឹងហើយបានគេថា ពលរដ្ឋខ្មែរ ៩៩% ស្ទើរតែ ១០០% មានការងារធ្វើគ្រប់គ្នា ។ នេះជាការភូតភរសុទ្ធ ។ សួរទៅវិញ ថាបើមានការងារធ្វើគ្រប់គ្នាហើយ ម៉េចក៏មានខ្មែរ ២លាននាក់ ចំណាកស្រុក? ចាំបាច់ទៅចំណាកស្រុកទៅរកការងារធ្វើនៅស្រុកក្រៅធ្វើអី ប្រទេសជិតខាងធ្វើអី បើមានការងារធ្វើមែនទែន នៅលើទឹកដីស្រុកកំណើតរបស់យើង? មានន័យថា ការពិតអត់មានការងារធ្វើត្រឹមត្រូវទេ ។ អ៊ីចឹងជីវភាពវាធ្លាក់ចុះ ហើយវេទនាទៅមុខទៀត ពីព្រោះកូន ដូចអ្នកដែលទៅធ្វើការនៅស្រុកថៃ ជួនកាលយកកូនទៅជាមួយ ប៉ុន្តែនៅស្រុកគេ អត់បានរៀនសូត្រ អត់បានអីទេ រើផ្ទះ ដូចជាងសំណង់ ពីការដ្ឋានមួយ ទៅការដ្ឋានមួយ ហើយគេអត់ជួយយើងដូចជួយប្រជាពលរដ្ឋគេទេ ។ អត់បានចូលសាលា អត់បានចូលអីហ្នឹង វាខូចអនាគតតទៅមុខទៀត ។ ហ្នឹងហើយដែលយើងនិយាយសរុបទៅថា ហ៊ុន សែន បានបំផ្លាញបច្ចុប្បន្នកាល ជីវភាពរាល់ថ្ងៃ ពេលនេះ ហើយនិងបំផ្លាញតទៅទៀត ពីព្រោះអ្វីដែលហ៊ុន សែន ធ្វើអាក្រក់ម្ភៃសាមសិបឆ្នាំមុន ហើយធ្វើអាក្រក់ថ្មីៗ បួនដប់ឆ្នាំចុងក្រោយនេះ វានឹងជះឥទ្ធិពលទៅថ្ងៃមុខទៀត ឲ្យប្រជាពលរដ្ឋ គឺនៅតែវេទនា…” ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ខាងលើនេះ  លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ជាការត្រឹមត្រូវ តាមរយៈបញ្ហាជាច្រើនកំពុងកើតមាននៅក្នុងសង្គមកម្ពុជា ដូចជាពលរដ្ឋអត់មានការងារធ្វើ ចំណាកស្រុកទៅធ្វើការនៅបរទេស ជំពាក់បំណុលធនាគារ បក្ខពួកនិយម គ្រួសារនិយម ជាដើម បង្ហាញថា សម្ដេចហ៊ុន សែន បានបំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ជាការត្រឹមត្រូវហើយ ហ៊ុន សែន ហ្នឹងបំផ្លាញអនាគតយុវជន ៣ជំនាន់ហ្នឹងឯង សម័យឪហើយ មកសម័យកូនហើយ អនាគតទៅទៀត របស់កម្មករខ្មែរ ធ្វើការនៅថៃ ហ្នឹង កូនមិនបានរៀនសូត្រទៀត ខូចអនាគតហើយ ឃើញទេ? ដូច្នេះបំផ្លាញអនាគតយុវជន ៣ជំនាន់ហើយ ហ៊ុន សែន ហ្នឹង ហើយត្រឹមត្រូវហើយ អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ជាប្រព័ន្ធហ្នឹង គឺជាដើមហេតុធ្វើឲ្យវិស័យអប់រំយើងខ្សោយជាងគេក្នុងតំបន់អាស៊ាន សុខាភិបាល យើងក៏ខ្សោយជាងគេ យើងឃើញប្រជាពលរដ្ឋខ្មែរយើង ទៅព្យាបាលនៅថៃ នៅវៀតណាម អ៊ីចឹង ហើយមេដឹកនាំយើងហ្នឹង ពេលឈឺអី អត់មាននៅក្នុងស្រុកទេ ទៅមើលនៅក្រៅប្រទេស សាំងហ្គាពួរ អាមេរិក បារាំង អីនោះ ហើយសេដ្ឋកិច្ចយើងហ្នឹង ដឹងហើយ ប្រទេសកម្ពុជា យើងក្រជាងគេក្នុងតំបន់អាស៊ាន ដោយសារតែអំពើពុករលួយហ្នឹងឯង សេដ្ឋកិច្ចយើងហ្នឹង ពឹងផ្អែកតែទៅលើកម្ចីពីចិនហ្នឹង ការនាំចូលបន្លែ ផ្លែឈើ សូម្បីស្លឹកគ្រៃអី នាំចូលតែពីយួនមកហ្នឹង ដោយពឹងផ្អែកទៅលើសេដ្ឋកិច្ចដែលចិនបន្តក់ឲ្យហ្នឹង យើងដឹងហើយ សេដ្ឋកិច្ចយើងឥឡូវនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ថន់ធ្ងរណាស់នៅកម្ពុជា អត់មានការងារធ្វើ លក់ក៏មិនដាច់ ភ្ញៀវទេសចរណ៍ក៏អត់មាន មានបន្តិចបន្តួច “ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ដូច្នេះសួរថា តើបន្ទោសអ្នកណា? គឺបន្ទោសលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹងឯង ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង ជាដើម ដោយសារអី? ដោយសារតែនៅស្រុកខ្មែរ គ្មានការងារធ្វើ មេដឹកនាំ គាត់មិនយកចិត្តទុកដាក់ពីទុក្ខរបស់ប្រជាពលរដ្ឋ ។ ដល់អ៊ីចឹងទៅ ប្រជាពលរដ្ឋអត់មានការងារធ្វើ ទៅធ្វើការនៅស្រុកគេហើយ ហើយដោយសារឥឡូវនេះ កាន់អំណាចផ្ដាច់ការតពូជទៀត អ៊ីចឹងគេផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% អាមេរិក មិនផ្ដល់ការអនុគ្រោះពន្ធទូទៅ GSP ។ អ៊ីចឹងរោងចក្របិទទ្វារបណ្ដើរៗ ព្យួរការងារទៅដល់កម្មករ កម្មករអត់ការងារធ្វើ ទៅធ្វើការនៅស្រុកថៃ អ៊ីចឹងទៅ ជំពាក់លុយធនាគារ គ្មានលុយសង ទៅធ្វើការនៅថៃ អ៊ីចឹង ។ អាហ្នឹងហើយដោយសារមេដឹកនាំ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង កាន់អំណាចផ្ដាច់ការ ដល់អ៊ីចឹង បានធ្វើឲ្យប្រជាពលរដ្ឋគ្មានការងារធ្វើ“។

ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបការលើកឡើងរបស់លោកសម រង្ស៉ី និងសហការី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ការដែលគណបក្សប្រជាជនកម្ពុជា ហៅសម រង្ស៊ី ជាជនក្បត់ជាតិ ៣ជំនាន់ គឺជាការពិតដែលមាននៅក្នុងប្រវត្តិសាស្រ្តជាក់ស្ដែង អ្នកណាក៏ដឹងដែរ តែដោយឡែកចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម និយាយថា សម្ដេចហ៊ុន សែន បំផ្លាញអនាគតយុវជនខ្មែរ ៣ជំនាន់ គឺវាផ្ទុយពីការពិតទាំងស្រុង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការដែលគណបក្សប្រជាជនកម្ពុជា ហៅជនក្បត់ជាតិ ៣ជំនាន់នេះ គឺជាការពិត វាមាននៅក្នុងប្រវត្តិសាស្រ្តជាក់ស្ដែង អ្នកណាក៏ដឹងដែរ តែដោយឡែកចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ និយាយមក វាផ្ទុយពីការពិត ។ ឥឡូវនេះក្នុងយុគសម័យថ្មី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ គឺថា គេដាក់យុវជនឲ្យបន្តវេន ។ ដូច្នេះអាហ្នឹងគឺជាផែនការរបស់គណបក្សប្រជាជន ដើម្បីបណ្ដុះបណ្ដាលជំនាន់ក្រោយ ដើម្បីធ្វើជាទំពាំងស្នងឫស្សី ក្នុងការដឹកនាំជោគវាសនារបស់ប្រទេសជាតិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ។ អ៊ីចឹងទាំងអស់នេះហើយ វាផ្ទុយពីការពិត ដែលទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ និយាយ ។ វាផ្ទុយ ត្រង់ដែលគាត់ថា គណបក្សប្រជាជន ធ្វើឲ្យបាត់បង់អនាគតរបស់យុវជន តែផ្ទុយទៅវិញ យុវជនជំនាន់ក្រោយ កំពុងតែមានអនាគតដ៏ភ្លឺស្វាង ដើម្បីបន្តវេនដឹកនាំប្រទេសជាតិកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព អាហ្នឹងហើយដែលការផ្ទុយនោះ ។ និយាយទៅ គណបក្សប្រជាជន នយោបាយដើម្បីកសាងទំពាំងស្នងឫស្សី ជាយូរមកហើយ តាំងពីនៅក្នុងរដ្ឋាភិបាលនីតិកាលមុនៗមកម្ល៉េះ ។ អ៊ីចឹងទេ យើងដឹងហើយថា ការបណ្ដុះបណ្ដាលមនុស្ស មិនមែនថាភ្លាម បានភ្លែតទេ មិនដូចការដាំដើមឈើ ក្នុងរយៈពេល ៥ឆ្នាំ ១០ឆ្នាំនោះ បានផ្លែផ្កាទេ ការកសាងធនធានមនុស្សហ្នឹងរាប់សិបឆ្នាំ ។ អ៊ីចឹងទេ បានជាទស្សនវិស័យនៃការដឹកនាំរបស់គណបក្សប្រជាជន មានតាំងពីនីតិកាលមុនៗមក យើងការកសាងធនធានមនុស្ស ធ្វើជាអាទិភាពទី១ ហើយបន្ទាប់មក បានផ្លូវ ទឹក ភ្លើង ហ្នឹងឯង គឺមាន៤ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ អ៊ីចឹងអាហ្នឹងគឺការដាក់ចេញនូវទស្សនវិស័យនេះ មានតាំងពីនីតិកាលដែលសម្ដេចតេជោ ហ៊ុន សែន លោកធ្វើជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មកម្ល៉េះ ។ អ៊ីចឹងទេ ឥឡូវចូលដល់នីតិកាលទី៧ នៃរដ្ឋសភានេះ ទើបយើងបានទទួលផល គឺយុវជនទាំងឡាយដែលមានគុណសម្បត្តិ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានតែងតាំងជាតួនាទីកំពូលៗរបស់ស្ថាប័នជាតិទាំងមូល ។ ដូច្នេះការដែលទណ្ឌិតរូបនេះ ចោទសម្ដេចហ៊ុន សែន បំផ្លាញអនាគតយុវជន ៣ជំនាន់នេះ គឺជាការមួលបង្កាច់ពីការពិតហើយ ហើយប្រជាជនកម្ពុជា លោកដឹងច្បាស់ហើយ ។ ឥឡូវនេះ គឺថាមើលឃើញហើយ អំពីសក្ដានុពល និងនិរន្តរភាពនៃការបន្តវេនរបស់យុវជនជំនាន់ក្រោយ ដែលកំពុងតែមានសកម្មភាពដ៏មមាញឹកនៅក្នុងការទទួលខុសត្រូវជោគវាសនារបស់ប្រទេសជាតិខ្លួនឯង ហើយចំណាកស្រុករាប់លាននាក់នេះ មិនមែនមកពីវិបត្តិពលករអត់មានការងារធ្វើទេ តែជានយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាល មានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាមិត្ត ទើបមានការដែលពលករយើងចំណាកស្រុកទៅ ហើយចំណាកស្រុកនេះ ភាគច្រើនលើសលប់ គឺជាចំណាកស្រុក មានរបៀបរៀបរយ ជាចំណាកស្រុកស្របច្បាប់ ។ អាហ្នឹងហើយកើតចេញពីនយោបាយការបរទេសដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “មិនមែនពលករចំណាកស្រុកច្រើនហ្នឹង ថាវាជាវិបត្តិពលករដែលអត់ការធ្វើទេ មិនមែនទេ គឺរាជរដ្ឋាភិបាល រកការងារធ្វើ ឲ្យពលករយើង ។ បើគ្មានគណបក្សប្រជាជន គ្មានរាជរដ្ឋាភិបាលគណបក្សប្រជាជន មាននយោបាយការបរទេសត្រឹមត្រូវទេ យើងមិនអាចមានកូតាដើម្បីឲ្យពលករយើងបានទៅធ្វើការនៅបណ្ដាប្រទេសជាមិត្ត នៅឯបរទេសនោះទេ ។ ការបណ្ដុះបណ្ដាល គឺថាយើងបណ្ដុះបណ្ដាលតាមការអនុវត្តជាក់ស្ដែង ពីព្រោះការដែលពលករយើងទៅធ្វើការនៅក្រៅប្រទេស ទី១ គឺដោះស្រាយបញ្ហាបានប្រាក់ឈ្នួលខ្ពស់ជាងនៅក្នុងស្រុក ហើយបានឈ្នួលខ្ពស់ហ្នឹងហើយ ដែលបងប្អូនយកមកចិញ្ចឹមក្រុមគ្រួសារនៅក្នុងស្រុក ។ អាហ្នឹងយើងមើលឃើញហើយ គ្រួសារណាដែលមានកូនចៅធ្វើចំណាកស្រុកទៅបរទេសហ្នឹង គឺសុទ្ធតែមានផ្ទះក្បឿង ៣ខ្នង ៥ខ្នងឯណោះ ។ អាហ្នឹងជាការកែប្រែជីវភាពរស់នៅ ហើយទី២ គឺថា យើងមានបច្ចេកទេស ពលករដែលទៅធ្វើការជាក់ស្ដែងនៅបណ្ដាប្រទេសជាមិត្តហ្នឹង គឺសុទ្ធតែទទួលបាននូវបច្ចេកទេសទំនើប ។ ឧបមាថា ខាងផ្នែកកសិកម្ម ឬឧស្សាហកម្មអី សុទ្ធតែទទួលបច្ចេកវិទ្យាទំនើបពីផ្នែកឧស្សាហកម្ម ពីផ្នែកកសិកម្ម ដើម្បីយកមកប្រកបមុខរបរ បើថាមិនចង់ធ្វើការរដ្ឋទេ គឺថា យើងប្រកបមុខរបរជាឯកជន តែលើមូលដ្ឋានដែលមានយើងបច្ចេកទេស បច្ចេកវិទ្យាទំនើប ដែលយើងទទួលបានពីបណ្ដាប្រទេសជាមិត្តហ្នឹងឯង។ ហើយទី៣ គឺថាចំណូលរបស់បងប្អូនពលករចំណាកស្រុកហ្នឹង ក៏ចូលរួមចំណែកនៅក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ធ្វើឲ្យសេដ្ឋកិច្ចជាតិកម្ពុជា មានការរីកចម្រើនទៅមុខដែរ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ជារួម ការដែលទណ្ឌិតមេឧទ្ទាមជ្រុលនិយមក្បត់ជាតិ ៣ជំនាន់ ថាសម្ដេចតេជោ ហ៊ុន សែន បំផ្លាញអនាគតយុវជន ៣ជំនាន់ ហើយថា សម្ដេចហ៊ុន សែន បានបំផ្លាញទាំងបច្ចុប្បន្នកាល និងអនាគតកាលរបស់យុវជនខ្មែរនោះ ខ្ញុំយល់ថា ប្រជាពលរដ្ឋកម្ពុជា ដែលលោកទទួលបានផលនៅក្នុងការកែប្រែជីវភាពរស់នៅ ក៏ដូចជាកូនចៅមានបច្ចេកទេសទំនើបពីបណ្ដាប្រទេសមក លោកសុទ្ធតែទទួលស្គាល់ការពិត នៃនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលកែច្នៃតាមរយៈរាជរដ្ឋាភិបាលដែលជាប់ឆ្នោតនេះ ។ អ៊ីចឹងទេ ប្រជាជន យើងមិនបាច់ពន្យល់អីទេ គឺថា ការឃោសនាអកុសលណាដែលមួយលបង្កាច់ការពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតសម រង្ស៊ី នេះ មិនទទួលបានផលទេ តែផ្ទុយទៅវិញ ប្រជាជនកាន់តែថ្កោលទោសពួកអស់នេះកាន់តែខ្លាំងក្លាឡើង ។ អ៊ីចឹងទេ បានជាយើងឃើញថា កម្លាំងនយោបាយរបស់ក្រុមប្រឆាំង នៅក្នុងស្រុក នៅក្រៅស្រុក សុទ្ធតែថមថយពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេមករួមរស់ គេជឿជាក់និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងឡើងៗថែមទៀត“ ៕ កុលបុត្រ

RELATED ARTICLES