ភ្នំពេញ ៖ កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃអតីតគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ដែលត្រូវជាកូនស្រីបង្កើតរបស់លោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា ឈប់ឬបញ្ចប់ការយាយីអ្នកប្រជាធិបតេយ្យ បង្កើតអនាគតថ្មីភ្លឺស្វាងដល់ប្រជាជាតិ ។
កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា បានលើកឡើងខាងលើនេះ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងន័យអំពាវនាវដល់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងរាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងឪពុកនាង ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» ជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំនោះ ឲ្យមានសេរីភាពវិញ ។
ជុំវិញការលើកឡើងតាមបណ្តាញសង្គម ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បន្ថែមពីកញ្ញាកឹម មនោវិទ្យា បានទេ កាលពីម្សិលមិញ ។ ប៉ុន្តែមជ្ឈដ្ឋានតាមដាន និងអតីតសហការីលោកកឹម សុខា យល់ថា សំណេររបស់កូនស្រីលោកកឹម សុខា ខាងលើនេះ ជាសារអំពាវនាវទៅដល់អ្នកកាន់អំណាច ឲ្យដោះលែងឪពុករបស់នាង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ព្រោះសំណេរនិងរូបភាពតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់កញ្ញាកឹម មនោវិទ្យា នេះ នាងបានសរសេរបង្ហោះ ចំថ្ងៃដែលសំណុំរឿងរបស់ឪពុកនាងប្តឹងឧទ្ធរណ៍ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ លើកមកបើកសវនាការ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ហើយបានសម្រេចបន្តនីតិវិធី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះទៀត ។
លើសពីនេះ ការលើកឡើងរបស់កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ក៏ធ្វើឡើងក្រោយពេលដែលអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទាមទារឱ្យសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់បទចោទ «ក្បត់ជាតិ» លើអតីតមេដឹកនាំបក្សប្រឆាំង លោកកឹម សុខា រួមនិងសកម្មជនយោបាយផ្សេងទៀត។ អង្គការអន្តរជាតិ មួយនេះ យល់ថា ការផ្តន្ទាទោសលោកកឹម សុខា ឱ្យជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា មិនបានគោរពសិទ្ធិមនុស្ស និងដើរផ្ទុយពីនីតិរដ្ឋ ។
លោកហ៊ីង សុខសាន្ត ប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សារអំពាវនាវរបស់កញ្ញាកឹម មនោវិទ្យា វាពុំមានអ្វីក្រៅពីចង់បង្ហាញឆន្ទៈឲ្យមានការផ្សះផ្សាជាតិនោះទេ ហើយវាជារឿងចាំបាច់ណាស់ ព្រោះបើសិនជាយើងនៅបន្តឈ្លោះគ្នា ឬយាយីអ្នកប្រជាធិបតេយ្យអ៊ីចឹងទៀត វាអត់មានអីចំណេញសម្រាប់ជាតិនិងប្រជាពលរដ្ឋទេ ។ ដូច្នេះទាំងអ្នកដឹកនាំបច្ចុប្បន្ន និងបក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ត្រូវពិចារណាឡើងវិញ ដើម្បីឲ្យអនាគតកម្ពុជា ភ្លឹស្វាងទៅមុខ តាមរយៈការឈប់យាយីអ្នកប្រជាធិបតេយ្យ ឬអ្នកប្រឆាំង ហើយងាកមករួបរួមសាមគ្គីគ្នា ធ្វើការងារជាមួយគ្នា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “បាទ! ចំពោះការយល់ឃើញរបស់ខ្ញុំ នូវអ្វីដែលជាសាររបស់កឹម មនោវិទ្យា បានបញ្ចេញជាការអំពាវនាវបញ្ឈប់ឲ្យមានការយាយីលើអ្នកប្រជាធិបតេយ្យហ្នឹង ហើយបង្កើតអនាគតដ៏ភ្លឺស្វាងដល់ប្រជាជាតិយើងហ្នឹង វាពុំមានអីក្រៅពីចង់បង្ហាញឆន្ទៈឲ្យមានការផ្សះផ្សាជាតិ ហើយមកដល់សម័យនេះហើយ វាអត់មានប្រទេសនៅលើពិភពលោកណាដែលប្រកាន់ប្រជាធិបតេយ្យហើយ បែរជាមកធ្វើបាបអ្នកប្រជាធិបតេយ្យទេ ។ អ៊ីចឹងនៅមានកម្ពុជា យើងនេះឯង ហើយមកដល់ដំណាក់កាលមួយឈានទៅដល់ឲ្យមានអ្នកបន្តវេនអីអ៊ីចឹង ហើយបើយើងនៅបន្តការយាយីដល់អ្នកប្រជាធិបតេយ្យ វាអត់មានអីចំណេញ ក្រៅតែពីធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសមុខមាត់រដ្ឋាភិបាល និងគណបក្សកាន់អំណាចខ្លួនឯងទៅវិញទេ ហើយបើបញ្ឈប់ការយាយីដល់អ្នកប្រជាធិបតេយ្យ ហើយយើងងាកមកការផ្សះផ្សាជាតិ ហើយយើងឈានទៅដល់ដំណាក់កាលមួយដែលអ្នកបន្តវេនថ្មីឡើងមកដឹកនាំប្រទេសបែបនេះ យើងគួរតែមានអីថ្មី ក្រៅតែពីអ្នកនយោបាយចាស់ៗជំនាន់មុន ដើម្បីបង្ហាញឆន្ទៈថា យើងប្រកួតប្រជែងគ្នាដោយគំនិត ប្រកួតប្រជែងគ្នាដោយទស្សនៈ បញ្ឈប់ការយាយីដោយធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង លើអ្នកប្រជាធិបតេយ្យហ្នឹង អ្វីៗគឺទុកឲ្យប្រជាពលរដ្ឋអ្នកសម្រេចលើជោគវាសនាហ្នឹងឯង នេះនៅក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ ។ ដូច្នេះបើកាលណាយើងធ្វើបាន គឺមានន័យថា អនាគតប្រជាធិបតេយ្យស្រុកយើង វាភ្លឺស្វាង ហើយនៅក្នុងហ្នឹង សហគមន៍អន្តរជាតិ គេមិនមើលមករដ្ឋាភិបាល មើលមកកម្ពុជា ក្នុងន័យផ្លូវអវិជ្ជមានថា កម្ពុជា យ៉ាងម៉េចៗអ៊ីចឹងទៅ ។ នេះគឺអ្វីដែលកញ្ញាកឹម មនោវិទ្យា គាត់បានបង្ហាញនេះ វាជាការល្អមួយមែនទែន“ ។
លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហើយការអំពាវនាវនេះទៀតសោត គឺវាជារឿងចាំបាច់ណាស់ ។ បើសិនជាយើងនៅបន្តអ៊ីចឹង វាអត់មានអីចំណេញសម្រាប់ជាតិនិងប្រជាពលរដ្ឋទេ ហើយទន្ទឹមនឹងហ្នឹង វាមានតែការខាត ប៉ុន្តែបើសិនជាយើងបញ្ឈប់ការយាយីអ្នកប្រជាធិបតេយ្យ ហើយយើងចាប់ផ្ដើមកសាងជាតិ ដោយមានការឯកភាព ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិហ្នឹងឯង គឺយើងចំណេញ ហើយយើងដឹងស្រាប់ថា កន្លងមក គឺសហគមន៍អន្តរជាតិ ទាំងសហគមន៍អឺរ៉ុប ក្ដី សហរដ្ឋអាមេរិក ក្ដី ដែលបានដកឬកាត់ EBA ឬ GSP ហ្នឹង គឺសុទ្ធតែផ្សារភ្ជាប់ទៅនឹងការចាប់ខ្លួន ឬក៏ការយាយីទៅលើអ្នកប្រជាធិបតេយ្យ ជាពិសេសគឺការចាប់ខ្លួនមេបក្សប្រឆាំងដ៏ធំ គឺលោកកឹម សុខា ។ ដូច្នេះបើសិនជាមានការដោះលែងលោកកឹម សុខា គឺនឹងទទួលបានផលប្រយោជន៍ច្រើន ហើយកន្លងមក យើងដឹងហើយថា ជំហររបស់សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនជាងនេះ បើសិនជាមានការដោះលែងដល់លោកកឹម សុខា ហើយបើកលំហសិទ្ធិនយោបាយ លំហប្រជាធិបតេយ្យ បើកដំណើរការឲ្យមានសារព័ត៌មានឯករាជ្យធ្វើការឡើងវិញ ឲ្យមានអង្គការសង្គមស៊ីវិលធ្វើការឡើងវិញ វាបានផលប្រយោជន៍ច្រើន ។ អ៊ីចឹងមានន័យថា បើយើងបន្តយាយីអ្នកប្រជាធិបតេយ្យ ជាពិសេសការឃុំខ្លួនលោកកឹម សុខា មេបក្សប្រឆាំងហ្នឹង រឹតត្បិតសេរីភាពសារព័ត៌មាន បង្រួមនូវសិទ្ធិនយោបាយ សិទ្ធិចូលរួមសកម្មភាពនយោបាយនានាហ្នឹង វាអត់មានអីចំណេញទេ ផ្ទុយទៅវិញ បើយើងដោះស្រាយបញ្ហាអស់ហ្នឹង គឺមានន័យថា យើងបានផលប្រយោជន៍ជាតិយើងថែមទៀតផង ហើយការធ្វើឲ្យអ្វីៗប្រសើរទាំងអស់ហ្នឹង គឺវាចាប់ផ្ដើមដំបូង គឺត្រូវតែមានការដោះលែងមេបក្សប្រឆាំងដ៏ធំជាងគេហ្នឹងឯង ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្វីៗវានឹងប្រសើរ បើសិនជាកម្ពុជា យើងមកដល់ពេលនេះ យើងមានការផ្លាស់ប្ដូរមេដឹកនាំជំនាន់ចាស់ ហើយយើងបានឈានមកដល់ដំណាក់កាលអ្នកបន្តវេនដឹកនាំប្រទេសហើយ ដូច្នេះយើងត្រូវធ្វើអីថ្មីក្រៅពីមនុស្សចាស់ ហើយសង្គមយើងជាសង្គមប្រជាធិបតេយ្យ ។ ដូច្នេះបើកាលណាយើងនៅបន្តរឹតត្បិតសកម្មភាព ឬក៏រឹតត្បិតសេរីភាពអ្នកប្រជាធិបតេយ្យទៀត វាអត់មានខុសថ្មីពីអ្នកចាស់ទេ ហើយអនាគតសម្រាប់កម្ពុជា ក៏វាអត់មានភ្លឺស្វាងទៅមុខដែរ វានៅតែដដែលហ្នឹងឯង ហើយមតិជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមើលមកក្នុងផ្លូវអវិជ្ជមានសម្រាប់ប្រជាជាតិរបស់យើង ។ ដូច្នេះខ្ញុំជឿថា នឹងយល់ហើយ ទាំងអ្នកដឹកនាំបច្ចុប្បន្ន និងបក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ដើម្បីឲ្យអនាគតកម្ពុជាភ្លឹស្វាងទៅមុខ“ ។
លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តទៀតថា “ហើយជាការមើលឃើញរបស់ខ្ញុំ ខ្ញុំចង់ឆ្លៀតឱកាសនេះ គឺថាវាឈានដល់ដំណាក់កាលហើយ វាដល់ពេលវេលាហើយ ដែលខ្មែរ ត្រូវចេះធ្វើការជាមួយគ្នា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ផ្សះផ្សាជាតិគ្នា ជឿទុកចិត្តគ្នា ខ្ញុំគិតថា វាអត់អាចជាតិមួយរុងរឿង ជាតិមួយរីកចម្រើនទៅមុខបាន ដល់តែមានការបែកបាក់ទេ ។ ដូច្នេះជាតិមួយរុងរឿង ជាតិមួយរីកចម្រើនទៅបាន លុះត្រាតែមានការផ្សះផ្សាជាតិ ការឯកភាពជាតិគ្នា រួមគ្នាធ្វើការជាមួយគ្នា ចេះដោះស្រាយបញ្ហាគ្នា ខ្មែរនិងខ្មែរ ដោយមិនចាំបាច់ពឹងបរទេស ពីព្រោះបញ្ហានយោបាយកម្ពុជា ខ្មែរជាអ្នកបង្កើត ។ ដូច្នេះខ្មែរ ត្រូវចេះដោះស្រាយ យើងចេះឈ្លោះគ្នា យើងត្រូវចេះដោះស្រាយរវាងខ្មែរនិងខ្មែរ កុំចាំបាច់ដល់តែមានបរទេសមកប្រាប់ ហើយបានយើងចេះឈប់ឈ្លោះគ្នា អាហ្នឹងវាមិនមែនជាការល្អទេ ព្រោះនយោបាយមកដល់ពេលនេះ យើងសុទ្ធតែចាស់ទុំនយោបាយអស់ហើយ បើទោះបីជាដល់ដំណាក់កាលអ្នកជំនាន់ថ្មី ក៏សុទ្ធតែមានបទពិសោធន៍ យើងយល់ដឹងច្បាស់ពីបញ្ហានយោបាយហើយ ។ ដូច្នេះយើងអត់អាចនៅបន្ត នៅរ៉ាំរ៉ៃអ៊ីចឹងទៀតទេ ហើយយើងបន្តដោះស្រាយទៅ កាលណាយើងចេះធ្វើការជាមួយគ្នា យើងមានការផ្សះផ្សា យើងជឿទុកចិត្តគ្នា ថាមិនមានអ្វីមួយទៅថ្ងៃក្រោយ យើងរួមគ្នាធ្វើការជាមួយគ្នា ទោះបីយើងមានមនោគមន៍វិជ្ជា ទស្សនៈក្នុងការដឹកនាំប្រទេសវាបែបខុសគ្នាតិចតួចក៏ពិតមែន ប៉ុន្តែគោលដៅរបស់យើងគឺតែមួយ គឺចង់ឲ្យប្រជាជនកម្ពុជា និងជាតិកម្ពុជា ទាំងមូល គឺថារីកចម្រើនរុងរឿងទៅមុខដូចគ្នាតើ! ដូច្នេះសំខាន់គឺយើងកុំឈ្លោះគ្នា ហើយយើងប្រកួតប្រជែងគ្នាដោយទស្សនៈ និយាយសាមញ្ញថា ដណ្ដើមគ្នាបម្រើរាស្រ្តទៅ ហើយទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចទៅ យើងប្រកួតគ្នាដោយទស្សនៈអ៊ីចឹងទៅ ខ្ញុំគិតថា អនាគតរបស់យើងវាភ្លឺស្វាងហើយ សម្រាប់ទាំងប្រជាជនកម្ពុជា និងប្រទេសជាតិរបស់យើង ។ ដូច្នេះខ្ញុំគិតថា វាហួសសម័យហើយ ដែលយើងអះអាងថា ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែយើងបែរជាធ្វើទុក្ខបុកម្នេញលើអ្នកប្រជាធិបតេយ្យ វាអត់ល្អទេ ហើយសហគមន៍អន្តរជាតិ ជាតិ និងប្រជាពលរដ្ឋ មើលមកវាអត់ល្អ ។ ដូច្នេះខ្ញុំគិតថា វាដល់ពេលហើយ ដែលយើងត្រូវចេះរួបរួមសាមគ្គីគ្នា ហើយធ្វើការងារជាមួយគ្នា ក្នុងនាមផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា ហើយបញ្ឈប់ការយាយីពីពេលនេះទៅ វាហួសសម័យហើយ“ ។
ជាមួយគ្នានោះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា មួយរូបទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការអំពាវនាវរបស់កញ្ញាកឹម មនោវិទ្យា ខាងលើនេះ ជាការត្រឹមត្រូវ និងស័ក្ដិសម លោកគាំទ្រ១០០% ហើយក៏មើលឃើញថា មិនមែនត្រឹមតែកឹម មនោវិទ្យា ម្នាក់ទេ ដែលបានយល់ឃើញថា នៅកម្ពុជា មានការយាយីអ្នកប្រជាធិបតេយ្យ គឺមនុស្សទាំងអស់ មតិជាតិក្ដី មតិអន្តរជាតិ សុទ្ធតែបានឃើញពីបញ្ហានេះ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “នេះជាគំនិតអ្នកជាតិនិយម ស្នេហាជាតិពិតប្រាកដមែន ។ ដើម្បីឲ្យជាតិយើងបានសុខសាន្ត ទាល់តែយើងមានគំនិតបង្រួបបង្រួមជាតិ ដូចព្រះមហាក្សត្របានធ្វើអំពាវនាវ ក្នុងពេលដែលបើកសភាលើកក្រោយនេះ ព្រះមហាក្សត្របានផ្ដល់គំនិតដល់អ្នកនយោបាយទាំងអស់ សូមឲ្យធ្វើសកម្មភាពបង្រួបបង្រួមជាតិឡើងវិញ ព្រោះដល់សព្វថ្ងៃនេះ ព្រះមហាក្សត្របានយល់ព្រះទ័យថា សង្គមយើងបែកបាក់គ្នា ដោយសារតែអ្នកកាន់អំណាច យាយីអ្នកប្រឆាំង យាយីអ្នកប្រជាធិបតេយ្យ ។ ការអំពាវនាវរបស់អ្នកនាងកឹម មនោវិទ្យា នេះ ជាការត្រឹមត្រូវ និងស័ក្ដិសម ខ្ញុំគាំទ្រ១០០% ។ ហេតុដូច្នេះអ្នកនយោបាយទាំងអស់ ដែលកាន់អំណាច គួរពិចារណាឡើង ជាពិសេសយកព្រះទ័យរបស់ព្រះមហាក្សត្រ ដែលខំធ្វើអំពាវនាវនៅពេលបើកសម័យប្រជុំសភាលើកក្រោយនេះ ។ បានន័យថា មិនមែនត្រឹមតែនាងកឹម មនោវិទ្យា បានយល់ឃើញថា នៅកម្ពុជា មានការយាយីអ្នកប្រជាធិបតេយ្យយ៉ាងដូច្នេះទេ មនុស្សទាំងអស់ មតិមហាជនជាតិក្ដី មតិមហាជនអន្តរជាតិក្ដី ហើយជាពិសេសព្រះមហាក្សត្រ ។ បើសិនព្រះមហាក្សត្រ មិនបើកព្រះទ័យយល់ឃើញអ៊ីចេះទេ មិនមែនព្រះមហាក្សត្រ បានធ្វើអំពាវនាវឲ្យធ្វើសកម្មភាពបង្រួបបង្រួមជាតិនោះទេ ហើយដើម្បីជាតិបានសុខ ដើម្បីជាតិមានសន្តិភាព ដើម្បីជាតិមានការរុងរឿង ទាល់តែមានការបង្រួបបង្រួមជាតិ ពីគ្រប់មជ្ឈដ្ឋាន ពីគ្រប់ចរន្តទាំងអស់ មិនមែនត្រឹមតែអ្នកប្រជាធិបតេយ្យ ឲ្យតែប្រជាពលរដ្ឋរស់នៅក្នុងប្រទេស យើងត្រូវតែមានគំនិតបង្រួបបង្រួមឲ្យរួមធ្លុងមួយ ដើម្បីធ្វើការកសាងជាតិ“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ជាការកត់សម្គាល់ផងដែរ នេះជាការមួយ ដែលនាងកឹម មនោវិទ្យា បានធ្វើអំពាវនាវនៅពេលដែលមានទំនាក់ទំនងនឹងឪពុករបស់គាត់ ដែលសាលាឧទ្ធរណ៍ លើកយកមកកាត់សេចក្ដីម្ដងទៀត ក្រោយពីលោកកឹម សុខា បានប្ដឹងប្រឆាំងនឹងការសម្រេចរបស់សាលាដំបូង ។ នេះជាឱកាសមួយផ្ដល់ឲ្យនាងកឹម មនោវិទ្យា បញ្ចេញយោបល់ ធ្វើការអំពាវនាវឡើង ដើម្បីឲ្យតុលាការនេះ បើកភ្នែកឡើងមើល ព្រោះខ្ញុំយល់ថា តុលាការស្រុកខ្មែរ ភាគច្រើនមិនបើកភ្នែកទេ គឺធ្វើអ្វីតាមតែទំនើងចិត្ត មិនគោរពច្បាប់ មិនយល់ច្បាប់ ខ្លះមិនចេះច្បាប់គ្រប់គ្រាន់ទៅទៀត ។ ចំណុចហ្នឹង ខ្ញុំសង្ឃឹមថា តុលាការហ្នឹង នឹងបើកភ្នែកឡើងមើលទៅ ដើម្បីអនាគតទាំងអស់គ្នា ។ មិនមែនតែអនាគតអ្នកប្រជាធិបតេយ្យទេ អនាគតផ្ទាល់ខ្លួនរបស់តុលាការ ចៅក្រម អនាគតរបស់កូនចៅរបស់ចៅក្រមទៅទៀត ។ បើសិនជាស្រុកហ្នឹងកលយុគ រស់នៅមិនកើត តើពួកហ្នឹងរស់នៅយ៉ាងដូចម្ដេង?“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តទៀតថា “ការអំពាវនាវរបស់នាងកឹម មនោវិទ្យា ក៏ធ្វើឡើងក្រោយពេលដែលអង្គលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យតុលាការដំបូងភ្នំពេញ ទម្លាក់បទចោទលើលោកកឹម សុខា ដែរ ដែលខ្ញុំចាប់អារម្មណ៍ថា មិនមែនតែអង្គការនេះទេ ដែលយល់ឃើញយ៉ាងដូច្នេះ គេឃើញទាំងអស់គ្នា គ្រប់អង្គការទាំងអស់នៅក្នុងពិភពលោក ។ អ៊ីចឹងហើយបានជាប្រទេសកម្ពុជា ហ្នឹង គេចាត់ចំណាត់ថ្នាក់លេខសឹងតែចុងក្រោយបំផុត ដែលថាព្រះរាជាណាចក្រកម្ពុជា យើងមិនគោរពច្បាប់ មិនគោរពនីតិវិធី ហើយនិងរំលោភសិទ្ធិមនុស្ស ។ ហេតុដូច្នេះគួរតែមានការខ្មាសគេឡើង អ្នកដែលដឹកនាំប្រទេសសព្វថ្ងៃនេះ គឺគួរតែមានការខ្មាសអៀនចំពោះមតិមហាជនដទៃ ដែលគេវិនិច្ឆ័យទៅលើចរិតរបស់អ្នកដឹកនាំខ្មែរ សព្វថ្ងៃនេះ ។ ហេតុដូច្នេះដើម្បីនឹងបានសន្តិភាពទាំងអស់គ្នា ដែលនាំគ្នាស្រែកថាអរគុណសន្តិភាព! នោះ យល់ឡើង បើកភ្នែកឡើង គិតឡើង ធ្វើម៉េចឲ្យបានសន្តិភាពពិតប្រាកដ មិនមែនត្រឹមតែលើបបូរមាត់នោះទេ“ ។
ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ថា ប្រទេសប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ត្រូវតែបានគោរពនិងការពារ ប៉ុន្តែបើសិនជាមានបុគ្គលណាដែលបានប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវ និងទទួលបានការផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាននៅក្នុងប្រទេសកម្ពុជា ។ បានន័យថា ក្នុងនាមជាប្រទេសនីតិរដ្ឋមួយ ការអនុវត្តច្បាប់ចំពោះបទល្មើស ឬមួយជនដែលបានប្រព្រឹត្តខុស គឺជារឿងត្រឹមត្រូវ មិនមែនជារឿងមិនគោរពសិទ្ធិមនុស្សនោះទេ ។
លោក ប៉ា ប៉ុណ្ណារ៉ាដា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធជាមួយនឹងការទាមទាររបស់ Amnesty International អង្គការអន្តរជាតិមួយនេះ ទៅលើរឿងក្ដីរបស់លោកកឹម សុខា ដែលគាត់បានលើកឡើងថា កម្ពុជា មិនបានគោរពសិទ្ធិមនុស្ស និងដើរផ្ទុយពីនីតិរដ្ឋ គឺមិនបានឆ្លុះបញ្ចាំងនូវភាពជាក់ស្ដែង នូវភាពពិតប្រាកដ នូវស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា នោះទេ ដែលកម្ពុជា រាល់ថ្ងៃនេះ គឺកំពុងមានការអភិវឌ្ឍ និងការអនុវត្ត ព្រមទាំងការគោរពនូវសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន ហើយបានល្អទៀតផង ។ ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា ប្រទេសប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ត្រូវតែបានគោរពនិងការពារ ប៉ុន្តែបើសិនជាមានបុគ្គល ឬមួយក៏មនុស្សណាគាត់បានប្រព្រឹត្តខុស គាត់ត្រូវតែទទួលខុសត្រូវ និងទទួលបានការផ្ដន្ទាទោស ទៅតាមច្បាប់ជាធរមាននៅក្នុងប្រទេសកម្ពុជា“ ។
លោក ប៉ា ប៉ុណ្ណារ៉ាដា បានមានប្រសាសន៍បន្ថែមថា “ទន្ទឹមនេះ ខ្ញុំសុំបញ្ជាក់បន្ថែមថា តុលាការជាស្ថាប័នឯករាជ្យ ។ អ៊ីចឹងការចេញសេចក្ដីថ្លែងការណ៍ណាមួយដែលមានលក្ខណៈដាក់សម្ពាធ ក៏ដូចជាការទាមទារឲ្យតុលាការទម្លាក់ទោស ឬមួយក៏ដោះលែងនូវជនជាប់ចោទ ឬមួយក៏ជនដែលត្រូវបានផ្ដន្ទាទោស គឺមិនមែនជាមធ្យោបាយស្របច្បាប់នោះទេ ហើយវាក៏មិនប៉ះពាល់ មិនមានឥទ្ធិពលទៅលើការសម្រេចចិត្តទៅដល់ស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យនោះដែរ ។ ក្នុងនាមជាប្រទេសនីតិរដ្ឋមួយ ការអនុវត្តច្បាប់ចំពោះបទល្មើស ឬមួយជនដែលបានប្រព្រឹត្តខុស គឺជារឿងត្រឹមត្រូវ មិនមែនជារឿងមិនគោរពសិទ្ធិមនុស្សនោះទេ“ ៕ កុលបុត្រ