ខេត្តកំពត ៖ អ្នកភូមិ ចំនួន៤នាក់ បាននាំគ្នាជួយសែងសពបុរសជាអ្នកភូមិម្នាក់ ដែលចងកសម្លាប់ខ្លួននៅលើដើមស្វាយ យកទៅបូជា ដោយមានអាចារ្យយោគី ទៅជាមួយផង លុះទៅដល់កន្លែងបូជា ស្រាប់តែអ្នកភូមិទាំង៤នាក់ ត្រូវខ្មោចលង កើតមានអាការភ័យខ្លាច ក៏នាំគ្នារត់ចោលអាចារ្យដុតខ្មោច។

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះសុន សំណាង អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។ បុរសនេះ មិនមានប្រពន្ធកូនទេ មានតែម្តាយ ហើយរស់នៅជាមួយបងជីដូនមួយ។ បុរសខាងលើ បានចងកសម្លាប់ខ្លួន កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ហើយអ្នកភូមិប្រទះឃើញកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។

ប្រភពដដែល បន្តថា កន្លងមក បុរសរងគ្រោះខាងលើ ធ្លាប់ចុះទូកនេសាទត្រី ហើយមានជំងឺអេដស៍ ដែលទំនងជាតូចចិត្តនឹងរឿងនេះ ទើបចងកធ្វើអត្តឃាតបែបនេះ ដោយគ្នានអ្នកផ្ទះណាម្នាក់បានដឹងឡើយ ព្រោះជនរងគ្រោះបានក្រោកចេញពីផ្ទះ តាំងពីវេលាទៀបភ្លឺ រួចឡើងទៅចងកនៅលើដើមស្វាយ ស្ថិតនៅខាងត្បូងផ្ទះ ប្រមាណ៣០០ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន រួចក៏បានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីរៀបចំធ្វើបុណ្យរួច ក៏ចូលដល់ពិធីបូជាសព ដោយក្នុងនោះ មានបុរសៗជាអ្នកភូមិចំនួន៤នាក់ ជាអ្នកជួយសែងមឈូសសពជនរងគ្រោះ ទៅកន្លែងបូជា ដោយមានតាអាចារ្យយោគី ទៅជាមួយផងដែរ។ ស្រាប់តែពេលទៅដល់កន្លែងបូជា បុរសទាំង៤នាក់ កើតមានអាការភ័យខ្លាច (ខ្មោចលង) រហូតដល់នាំគ្នារត់ចោលតាអាចារ្យដុតខ្មោច ឱ្យនៅបូជាសពតែម្នាក់ឯង។
ដោយសារតែកើតមានអាការភ័យខ្លាចមិនបាត់ ទើបបុរសទាំង៤នាក់ ដែលជាអ្នកសែងសពបុរសចងកទៅបូជានោះ បានហៅតាអាចារ្យយោគី (អាចារ្យដុតខ្មោច) ឱ្យមកស្រោចទឹក បោសកំរោល ដើម្បីបញ្ចៀសចង្រៃ កុំឱ្យភិតភ័យទៀត៕