ភ្នំពេញ៖ព្រាប សុវត្ថិ បានឈជើងនៅទ្រនុំថ្មីGalaxy រយៈពេលជាង៣ឆ្នាំមកហើយ តែ១ឆ្នាំចុងក្រោយនេះបានជួបគូប្រជែងពិតគឺលោកខេមរៈ សិរីមន្ដ ដែលធ្លាប់តែស្វិតស្វាញជាមួយគ្នាជាង៣ឆ្នាំ(២០១៧-២០២០ )កាលនៅហង្សមាសរហូតពេលខ្លះពិបាកបែងចែកឈ្នះចាញ់ទៀតផង ប៉ុន្ដែនៅឆ្នាំ២០២៤ នេះការដណ្ដើមតំណែងតារាប្រុសលេខ១នៅផលិតកម្មតែ១នេះកាន់តែតឹងតែងជាងមុនទៅទៀត ព្រោះដើមឆ្នាំ២០២៤ លោកសុវត្ថិ មិនទាន់មានអ្វីថ្មីប្លែកឡើយ ចំណែកលោកប៊ុនថៃ កាន់តែមានការតុបតែងខ្លួន និងលេងម៉ូដសក់ គ្រឿងអលង្ការប្លែកទៅៗ។ប៉ុន្ដែព្រាប សុវត្ថិ វិញអំឡុងពេលនេះលោកមិនទាន់មានអ្វីថ្មីៗទេ ហើយថែមទាំងបានផ្អឹបកូនប្រុស២នាក់ មិនទាន់ឲ្យរួមទ្រនុំជាមួយលោកនោះទៀតគឺសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដោយឲ្យតែកូនច្បងសុវត្ថិ មុនីវណ្ណ ម្នាក់ប៉ុណ្ណោះចូលGalaxy និងចាប់ដៃជាមួយលោក ។
អតីតតាតារាហង្សមាសលោកនូ ស៊ឹប យល់ថាព្រាប សុវត្ថិ អាចនឹងបញ្ចេញអ្វីដែលថ្មីបំផុតជាមួយកូនៗរបស់លោកនាពេលខាងមុខនេះ បានជាបច្ចុប្បន្នមិនទាន់មានអ្វីថ្មីប្លែកគូរឲ្យចាប់អារម្មណ៍បែបនេះ ។ប៉ុន្ដែយ៉ាងណាលោកថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅតែអាចច្រៀងនៅផលិតកម្មតែមួយជាមួយគ្នាបាន ព្រោះរឿងទាស់គ្នា ឬអត់ទាស់គ្នាកើតឡើងគឺអាស្រ័យលើអ្នកគ្រប់គ្រងផលិតកម្ម…។
ព្រាប សុវត្ថិ មិនពឹងលើអាជីពសិល្បៈទាំងស្រុងទេ ប៉ុន្ដែលោកធ្លាប់ប្រាប់ថាមិនចោលសិល្បៈឡើយ គឺច្រៀងនិងមុខជំនួញត្រូវដើរទន្ទឹមគ្នា ។ដោយឡែកកូនប្រុសរបស់លោកក៍បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញអ្វីមួយដែលថ្មីនិងប្លែកផងដែរ ហើយដល់ពេលវេលាដែលសមស្របហើយនឹងបញ្ចេញភ្លាមតែម្ដង ។
គូរបញ្ជាក់ថាព្រាប សុវត្ថិ មានអាយុបងខេមរៈ សិរីមន្ដ ដល់ទៅទៅ១០ឆ្នាំពោលគឺឆ្នាំនេះលោកសុវត្ថិ ៤៨ឆ្នាំ ខណៈលោកប៊ុនថៃ ៣៨ឆ្នាំ ។ឪពុករបស់ខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនប្រុសគាត់សិរីមន្ដ ចាត់ទុកលោកសុវត្ថិ ដូចជាគ្រូ ព្រោះជារៀមច្បងដែលដើរផ្លូវមួយនេះមុន។ប៉ុន្ដែសម្រាប់មហាជនវិញនៅតែមើលឃើញថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចង់បានតំណែងលេខ១រៀងៗខ្លួន ពោលគឺ២នាក់នេះមិនដែលចង់ធ្វើជាតួរងឡើយ ។
ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ បានបង្ហាញកាយវិការថាតារាទាំងពីរស្និតស្នាលគ្នា ស្រលាញ់គ្នា ដូចជាសិស្សច្បង និងសិស្សប្អូន ដោយអោបថើបគ្នានៅថ្ងៃដែលសិរីមន្ដ ចូលជ្រកនៅGalaxy កាលពីដើមខែមករា ឆ្នាំ២០២៣ ហើយអ្នកទាំងពីរធ្លាប់កាន់ដៃគ្នាច្រៀងរួមគ្នាបទ”ស្រលាញ់អ្វីដែលខ្មែរមាន “ទៀតផង។ប៉ុន្ដែការច្រៀងបទសម័យតែ២នាក់ដើម្បីតេស្ដពីប្រជាប្រិយភាពមួយណាខ្លាំងជាងនោះ នៅមិនទាន់កើតមានឡើយ ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាព្រាប សុវត្ថិ ទោះជាមានបទពិសោធន៍យ៉ាងជោគជាំក្នុងវិស័យចម្រៀងនិងនាំមុខគេដល់ទៅ២៧ឆ្នាំក្ដី ប៉ុន្ដែលោកមិនដូចខេមរៈ សិរីមន្ដ នោះទេ ព្រោះលោកប៊ុនថៃ មានបងប្រុសឈ្មោះខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងគ្រប់ពេលវេលា ពោលគឺចង់បុកទីផ្សារនៅពេលណាក៍បានដែរ តែលោកសុវត្ថិ ពឹងលើផលិតកម្មទម្លាក់បទឲ្យ ហេតុនេះរលកក្រោយច្រានរលកមុន អីចឹងប្រសិនបើលោកសុវត្ថិ បន្ដគ្មានអ្វីថ្មីទេ “រលកក្រោយ ច្រានរលកមុន “ ពោលគឺខេមរៈ សិរីមន្ដ អាចនឹងវ៉ាលោកនៅឆ្នាំ២០២៤ នេះក៍ថាបាន។តែទស្សនិកជនភាគច្រើននៅតែចាត់ទុកលោកសុវត្ថិ ថា”ខ្ញីចាស់ កាន់តែហ៊ឺ” ហេតុនេះភាពស្ងប់ស្ងាត់មួយរយៈពេលរបស់លោកនាពេលនេះអាចជាការសម្ងំយកពិស ពោលគឺនៅពេលមានបទថ្មីលោកអាចនឹងបញ្ចេញអ្វីប្លែកជាងសិរីមន្ដ តែមិនទាន់ដឹងថាប្លែកនៅលើម៉ូដសក់ និងគ្រឿងអលង្ការ ដែរ ឬប្លែកកន្លែងផ្សេងទៀត ?ប្រភពបានឲ្យដឹងថាប្រសិនបើព្រាប សុវត្ថិ ត្រូវខេមរៈ សិរីមន្ដ វ៉ាបាននៅឆ្នាំ២០២៤ នេះគេជឿរថាលោកឧកញ៉ាស្នាយ នឹងមិនបន្ដកុងត្រាថ្មីថែមទៀតនៅGalaxy ក្រោយចប់កុងត្រាតំណាក់កាលដំបូងនៅឆ្នាំ២០២៥ នេះឡើយ ៕