Saturday, July 27, 2024
Homeព័ត៌មានជាតិកឹម សុខា មានសេរីភាព សហការីថា អ្នកកាន់អំណាច បញ្ចប់យកភ្លើងដុតខ្លួនឯង

កឹម សុខា មានសេរីភាព សហការីថា អ្នកកាន់អំណាច បញ្ចប់យកភ្លើងដុតខ្លួនឯង

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា បើសិនជាលោកកឹម សុខា អតីតមេបក្សប្រឆាំង ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ (ឃុំខ្លួនក្នុងផ្ទះ) ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ ត្រូវបានដោះលែងឲ្យមានសេរីភាព និងបានធ្វើនយោបាយឡើងវិញ នឹងជាសញ្ញាវិជ្ជមានសម្រាប់អ្នកនយោបាយកាន់អំណាច ប្រៀបដូចការបញ្ចប់យកភ្លើងដុតខ្លួនឯង ។

គួរបញ្ជាក់ថា ថ្មីនេះ សកម្មជនអតីតបក្សប្រឆាំង ខាងក្រុមលោកកឹម សុខា ដែលប្រើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ “ព្រលឹងជាតិ” ដាក់រូបប្រូហ្វាល់ (Profile) ជារូបកូនស្រីលោកកឹម សុខា និងតែងតែបង្ហោះសំណេរគាំទ្រលោកកឹម សុខា ទាមទារដោះលែងលោកកឹម សុខា បានសរសេរនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងថ្ងៃដែលលោកកឹម សុខា ឡើងសវនាការសាលាឧទ្ធរណ៍ ថា ៖ “-ឆន្ទានុសិទ្ធិក្នុងការសម្រេចសេចក្តីលើបណ្ដឹងមកលើឯកឧត្តមប្រធាន កឹម សុខា គឺតុលាការបានត្រឹមតែយកក្រដាស មកអានប៉ុណ្ណោះ អ្វីដែលជាសិទ្ធិអំណាចនៃសេចក្តីសម្រេចពិតប្រាកដនោះ គឺអ្នកនយោបាយកាន់អំណាចបច្ចុប្បន្ន។

-មានតែមធ្យោបាយសម្របសម្រួលរវាងអ្នកនយោបាយបក្សកាន់អំណាច និងអ្នកនយោបាយអហិង្សា ដែលដឹកនាំដោយឯកឧត្តមប្រធាន កឹម សុខា មួយគត់ ទើបបានទម្លុះភាពតច្រកនៃនយោបាយជាតិបាន ហើយគ្មានច្រកណាដែលដើរខុសពីផ្លូវនេះបាននោះទេ។

-ប្រទេសមួយ ដែលលោកខាងលិច មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត គឺធ្វើឲ្យប្រទេសនោះ បាត់បង់អ្វីគ្រប់យ៉ាងទាំងអស់ ទាំងប្រាក់កម្ចី ជំនួយអភិវឌ្ឍន៍ ជំនួយបច្ចេកទេស…។ល។ ត្រូវបានបាត់បង់ទាំងស្រុង ហើយប្រទេសដទៃដែលមិនមែនជាប្រទេសលោកខាងលិច ក៏ដើរស្របជាមួយប្រទេសលោកខាងលិចដែរ ជាពិសេសប្រទេសមហាយក្សចិន ពីព្រោះប្រទេសនេះត្រូវការដៃគូជាមួយប្រទេសលោកខាងលិចបំផុត ដែលមិនអាចខ្វះបាន។

-យើងដឹងហើយ ប្រទេសមួយដែលធ្វើសង្គ្រាមជាមួយសត្រូវឈ្លានពាន គឺអ្នកនយោបាយនៃប្រទេសនោះ គឺជាវីរជន ប៉ុន្តែបើប្រទេសមួយមានសន្តិភាព តែសេដ្ឋកិច្ចនៃប្រទេសនោះជួបរឿងអន្តរាយ គឺអ្នកនយោបាយនៃប្រទេសនោះ ជាសត្រូវជាមួយពលរដ្ឋ ដ៏ឈឺចាប់បំផុត។

-ដូច្នេះរឿងរ៉ាវនៃសង្គមខ្មែរ យើងប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា បក្សកាន់អំណាច នឹងមិនធ្វើជាសត្រូវជាមួយពលរដ្ឋខ្លួននោះទេ ពីព្រោះវាសនានៃអ្នកនយោបាយ នឹងជួបរឿងអាក្រក់បំផុត ហើយឈឺចាប់បំផុត។

-សរុបសេចក្តីទៅ មានតែភាពស្រុះស្រួលគ្នាមួយប៉ុណ្ណោះ គឺផ្តល់ភាពសុខសាន្តដល់អ្នកនយោបាយផង និងដល់ប្រទេសជាតិផង ហើយក៏គ្មានប្រទេសណាដែលហ៊ាននៅពីក្រោយ ក្នុងទង្វើបក្សកាន់អំណាចបច្ចុប្បន្ននេះបានដាច់ខាត ក្រៅពីសុំឲ្យមានការសម្របសម្រួលគ្នាប៉ុណ្ណោះ ដែលធ្វើដូចគ្នានឹងប្រទេសលោកសេរីនោះផងដែរ។

-យើងសង្ឃឹមថា ឯកឧត្តមប្រធាន កឹម សុខា នឹងមានសេរីភាពដ៏ខ្លីខាងមុខនេះ តាមរយៈអ្នកនយោបាយកាន់អំណាច បញ្ចប់នៃការយកភ្លើងមកដុតខ្លួនឯងតទៅទៀត“ ។

ស្របនឹងសំណេររបស់សកម្មជនអតីតបក្សប្រឆាំង ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម​ សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បើតាមទស្សនៈច្បាប់ គឺតុលាការ មានឯករាជ្យជាមួយនឹងអំណាចនយោបាយ មានឆន្ទានុសិទ្ធិក្នុងការសម្រេចរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែលោកមើលឃើញថា ករណីរឿងក្ដីលោកកឹម សុខា អតីតមេបក្សប្រឆាំងនេះ ចៅក្រម អត់ប្រើសិទ្ធិរបស់ខ្លួនទេ គឺស្ដាប់តែខាងអំណាចនយោបាយទៅវិញ ។ ដូច្នេះដើម្បីបញ្ចប់ការយកភ្លើងដុតខ្លួនឯង លោកសូមអំពាវនាវទៅអ្នកកាន់អំណាចសព្វថ្ងៃនេះ ផ្ដល់យុត្តិធម៌ជូនលោកកឹម សុខា និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ត្រង់នេះ យើងឃើញថា បើតាមទស្សនៈច្បាប់ គឺតុលាការ មានឯករាជ្យជាមួយនឹងអំណាចនយោបាយ គឺមានឆន្ទានុសិទ្ធិក្នុងការសម្រេចរបស់ខ្លួន ដែលយល់ឃើញ នេះបើយើងស្ដីពីរដ្ឋធម្មនុញ្ញ មាត្រា១២៩ថ្មី ។ តាមមាត្រា១២៩ថ្មី នៃរដ្ឋធម្មនុញ្ញ មានចែងយ៉ាងដូចម្ដេច? គឺមាត្រា១២៩ថ្មី ចែងថា ការជម្រះក្ដី ផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។ មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្ដី ចៅក្រម ត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ បើយើងមើលការសម្រេច យើងមើលសាលក្រមរបស់សាលាដំបូង កាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ ស្ដីពីលោកកឹម សុខា សាលក្រមនេះ បានសរសេរអត់ច្បាស់ អត់មានតម្លាភាព ស្ដីពីប្រទេសដែលគេចោទថា លោកកឹម សុខា បានទៅគប់គិត គឺអត់មានឈ្មោះប្រទេសទេ គឺដាក់ឈ្មោះប្រទេស ក ខ គ ។ ហេតុដូច្នេះគ្មានច្បាប់ណាដែលអនុញ្ញាតឲ្យសាលក្រមសរសេររបៀបនេះ ដោយចៅក្រមយកលេសថា ដើម្បីការពារប្រយោជន៍ជាតិ ។ ហេតុដូច្នេះគ្មានច្បាប់នៅប្រទេសកម្ពុជា គ្មានច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យសាលក្រមសរសេរដើម្បីការពារផលប្រយោជន៍ជាតិ រំលោភទៅលើសិទ្ធិ និងយុត្តិធម៌ដល់អ្នកជាប់ចោទ ។ ហេតុដូច្នេះទី១ សាលក្រមសាលាដំបូងនេះ គឺអត់ត្រឹមត្រូវទេ គឺខុសច្បាប់ ។ ការដែលសាលក្រមខុសច្បាប់នេះហើយ គឺយើងតម្រូវទុកជាមោឃៈ ។ ហេតុដូច្នេះខ្ញុំសុំស្នើសុំទាមទារឲ្យចៅក្រមសាលាឧទ្ធរណ៍ ពិចារណារឿងនេះឡើងវិញ ហើយដោយសារតែសាលក្រមសាលាដំបូងនេះ គ្មានត្រឹមត្រូវ មានគេចោទថា គឺជាឥទ្ធិពលខាងអ្នកកាន់អំណាច មកលើការសម្រេចសាលក្រមរបស់សាលាដំបូង ។ ហេតុដូច្នេះអ្នកដែលមានយោបល់យ៉ាងនេះ គឺជាយោបល់ដ៏ត្រឹមត្រូវបំផុត“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “សវនាការសាលាឧទ្ធរណ៍ ថ្ងៃទី៣០ ខែមករា កន្លងទៅនេះ មិនទាន់បានសម្រេចអីទេ គ្រាន់តែអានសាលក្រមរបស់សាលាដំបូងសាជាថ្មី ប៉ុន្តែការអានសាលក្រមនេះ គួរតែចៅក្រមសាលាឧទ្ធរណ៍ ចាប់អារម្មណ៍ពីរឿងសាលក្រមនេះមិនស្របច្បាប់ ដូចខ្ញុំបានលើកបញ្ហានេះមកចោទហ្នឹង គឺគួរតែចៅក្រមសាលាឧទ្ធរណ៍នេះ ពិចារណារឿងនេះឡើងវិញ ព្រោះសាលក្រមនេះអត់ស្របច្បាប់នោះទេ ។ គង់តែក្នុងច្បាប់ ដែលមានអនុញ្ញាតឲ្យ តម្រូវឲ្យចៅក្រមទាំងអស់ សាលាកាត់ក្ដីទាំងអស់នៅភ្នំពេញ  មានឆន្ទានុសិទ្ធិក្នុងការសម្រេច ប៉ុន្តែយើងសង្កេតឃើញថា រឿងករណីលោកកឹម សុខា នេះ ចៅក្រមអត់ប្រើសិទ្ធិរបស់ខ្លួនទេ គឺស្ដាប់តែខាងអំណាចនយោបាយទៅវិញ ។ ចំណុចនេះ មានសិទ្ធិតែខាងអ្នកកាន់អំណាចទេ ព្រោះលោកឹម សុខា ជាអ្នករងគ្រោះ ។ លោកកឹម សុខា គ្មានសិទ្ធិអីទាំងអស់សព្វថ្ងៃនេះ លោកកឹម សុខា ចាំទទួលតែរងគ្រោះតែប៉ុណ្ណោះ ។ ហេតុដូច្នេះមានតែអ្នកកាន់អំណាចទេ ដើម្បីដោះស្រាយបញ្ហានេះ តើអ្នកកាន់អំណាចមានឆន្ទៈដោះស្រាយបញ្ហានយោបាយនៅប្រទេសកម្ពុជា ឬអត់? ហេតុដូច្នេះខ្ញុំសង្ឃឹមថា អ្នកកាន់អំណាច ពិចារណាឡើងវិញ ដើម្បីនឹងដោះស្រាយបញ្ហានេះ ដើម្បីប្រយោជន៍ជាតិយើងទាំងអស់គ្នា“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំយល់ដូច្នេះមែន គឺថាការដែលអ្នកកាន់អំណាចនេះ ប្រើអំណាចរបស់ខ្លួនឃុំលោកកឹម សុខា ប្រើអំណាចរបស់ខ្លួនចាប់លោកកឹម សុខា ប្រើអំណាចរបស់ខ្លួនរំលាយគណបក្សសង្រ្គោះជាតិ គឺផលវិបាក គឺខ្លួនឯងទេ ដែលជាអ្នកទទួល ពីព្រោះយ៉ាងដូចម្ដេច? ពីព្រោះគណបក្សកាន់អំណាចសព្វថ្ងៃនេះ កំពុងតែបង្កើតវិបត្តិនយោបាយស្រុកខ្មែរ បង្កើតវិបត្តិសេដ្ឋកិច្ច ដែលប្រទេសជាមិត្តជាច្រើន គេផ្ដល់អំណោយដោយអត់ចំណង ហើយដែលមានវិបត្តិគ្រប់កន្លែង គឺប្រជាពលរដ្ឋក៏មានការមិនសប្បាយចិត្ត ដែលធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ដែលមានវិបត្តិនយោបាយយ៉ាងដូច្នេះ ។ ម្ល៉ោះហើយ អ្នកកាន់អំណាចទេ ដែលដុតនូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋ អ្នកកាន់អំណាចទេ ដែលដុតសន្តិភាពរបស់ខ្លួន ដែលខ្លួនខំការពារ ខំស្រែកថា អរគុណសន្តិភាពនេះ ។ ហេតុដូច្នេះវិបត្តិនយោបាយនេះ គឺផលវិបាក អ្នកកាន់អំណាចទេ ជាអ្នកទទួលទៅអនាគត ទៅថ្ងៃមុខ ។ ជារួម ដើម្បីបញ្ចប់ការយកភ្លើងដុតខ្លួនឯងនេះ ខ្ញុំសូមអំពាវនាវទៅអ្នកកាន់អំណាចសព្វថ្ងៃនេះ សុំឲ្យមានផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋទាំងអស់ ។ មិនត្រឹមតែលោកកឹម សុខា ជូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែផ្ដល់យុត្តិធម៌ឲ្យគេ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មាន ក្នុងទស្សនៈសិទ្ធិមនុស្ស ក៏មាន គឺយើងត្រូវផ្ដល់យុត្តិធម៌ដល់សង្គមគ្រប់ជាន់ថ្នាក់ មិនមែនត្រឹមតែលោកកឹម សុខា ទេ ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់រូប“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា មួយរូបទៀត បានលើកឡើងថា សេរីភាពលោកកឹម សុខា គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជាកក្តាចាំបាច់បំផុតនៃការបង្រួបបង្រួម ឯកភាពជាតិខ្មែរ ។ ប្រសិនជាមេដឹកនាំនយោបាយ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ចូលរួមអន្តរាគមន៍នៅក្នុងក្ដីលោកកឹម សុខា នេះ វាលឿនជាងតាមនីតិវិធីរបស់ប្រព័ន្ធតុលាការ ។ ដូច្នេះលោកសំណូមពរទៅសម្ដេចហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តារកកិច្ចអន្តរាគមន៍តាមផ្លូវតុលាការ ក៏បាន តាមផ្លូវនយោបាយ ក៏បាន ដើម្បីឲ្យលោកកឹម សុខា មានសេរីភាពពេញលេញឡើងវិញ ដើម្បីជាកាដូមួយ សម្រាប់ឲ្យពលរដ្ឋកម្ពុជា គ្រប់និន្នាការ ដែលរង់ចាំក្នុងន័យអភិវឌ្ឍប្រទេសជាតិឡើងវិញទាំងអស់គ្នា ។

លោកអ៊ុំ តារាវុទ្ធី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកថា «គុណតម្លៃយុត្តិធម៌ ! សេរីភាពឯកឧត្តមប្រធាន កឹម សុខា គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជាកក្តាចាំបាច់បំផុតនៃការបង្រួបបង្រួមឯកភាពជាតិខ្មែរ ហើយក៏ជាគន្លឹះមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចជាតិ និងភាពសុខដុមរមនានៃប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការផងដែរ។

ប្រជាពលរដ្ឋខ្មែរ ចង់បានការឯកភាពជាតិពិត ផ្ដើមនូវការផ្ដល់យុត្តិធម៌សេរីភាពជូនឯកឧត្តមប្រធាន កឹម សុខា ដែលជាឥស្សរជននយោបាយ មេដឹកនាំអ្នកប្រជាធិបតេយ្យខ្មែរ ឲ្យលោកមានសេរីភាពពេញលេញឡើងវិញ ពិតណាស់គឺជាគុណតម្លៃស្មារតីជាតិនិយមយ៉ាងពិតប្រាកដ និងជាកាយវិការដ៏ល្អមួយនៃការបង្រួបបង្រួមឯកភាពជាតិខ្មែរ។

យុត្តិធម៌ ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាព កិត្យានុភាពជាតិ ជាពិសេសដែលនាំមកនូវការសម្រេចត្រឹមត្រូវក្នុងបុព្វហេតុការឯកភាពជាតិ ដែលបានគោលដៅរួមរបស់ប្រជាជាតិខ្មែរ ទាំងមូល បន្តឆ្ពោះទៅមុខ ដើម្បីកំណើនសេដ្ឋកិច្ចកម្ពុជាយើង និងភាពសុខដុមរមនា ធ្វើឲ្យខ្មែរយើងគ្រប់និន្នាការ រីករាយសាទរ ផ្ដល់គុណតម្លៃចំពោះយុត្តិធម៌។

ប្រសាសន៍របស់ឯកឧត្តមប្រធាន កឹម សុខា ៖ អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបខ្មែរមានកិត្តិយស ជាតិយើងរឹងមាំ ខ្មែររួមគ្នា ខ្មែរខ្លាំង ខ្មែររុងរឿង!»។

បន្ថែមលើសំណេរខាងលើ លោកអ៊ុំ តារាវិទ្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “សម្រាប់ខ្ញុំដែលបានចូលរួមជាមួយឯកឧត្ដមប្រធាន កឹម សុខា នៅក្នុងសវនាការ ទាំងសវនាការសាលាដំបូង ក៏ដូចជាសាលាឧទ្ធរណ៍ថ្មីៗនេះ គឺខ្ញុំមើលឃើញថា វាមិនមែនជារឿងអ្វីដែលធំដុំ ដូចជាការចោទប្រកាន់គាត់ អំពីទោសក្បត់ជាតិ ដែលហៅថា សន្ទិដ្ឋភាពជាមួយបរទេសណាឡើយ ។ រឿងទាំងអស់ហ្នឹង វាជាការយល់ច្រឡំទេ តាមដែលខ្ញុំគិតមើល ហើយខ្ញុំសង្ឃឹមថា សវនាការនៅក្នុងសាលាឧទ្ធរណ៍ថ្មីនេះ អាចនឹងមានដំណោះស្រាយរវាងអ្នកនយោបាយ ក៏ដូចជាបណ្ដាប្រទេសអន្តរជាតិមួយចំនួន ដែលគាត់ចូលរួមតាមដានសវនាការហ្នឹង គឺប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏មានភាពទំនោរមួយចង់ឲ្យមានការបង្រួបបង្រួម គិតប្រយោជន៍ជាតិកម្ពុជាយើង ក៏ដូចជាមិត្តបរទេសដែរ ។ អាហ្នឹងគឺអ្វីដែលខ្ញុំសង្កេតមើល អ៊ិចឹងខ្ញុំគិតថា នឹងមានដំណោះស្រាយឆាប់ៗនេះ សម្រាប់កម្ពុជាយើង ក្នុងរបត់នយោបាយថ្មី ។ ក្នុងន័យនេះ ខ្ញុំមើលឃើញថា ឯកឧត្ដមកឹម សុខា គាត់ជាអ្នកនយោបាយ ហើយរឿងការចោទប្រកាន់គាត់ទាក់ទងនឹងរឿងសន្ទិដ្ឋភាពជាមួយបរទេសនេះ យើងមើលហើយ កាត់ក្ដីចោទប្រកាន់គាត់ រហូតដល់មានការឃុំឃាំងសិទ្ធិគាត់រហូតដល់ ២៧ឆ្នាំនេះ វាជាភាពអយុត្តិធម៌មួយ នៅក្នុងនាមគាត់ជាបុគ្គលស្អាតស្អំ ហើយជាអ្នកនយោបាយស្អាតស្អំ ដើរតួនាទីមួយក្នុងការសាបព្រោះគុណធម៌ សាបព្រោះនូវភាពអហិង្សា មិនប្រកាន់និន្នាការខ្មែរនិងខ្មែរ ឲ្យមានការយោគយល់គ្នា ។ អ៊ីចឹងខ្ញុំគិតថា រឿងទាំងអស់នេះ គឺប្រសិនជាដំណោះស្រាយនយោបាយ គឺវាល្អ វាបានប្រយោជន៍រួមទាំងអស់គ្នា សម្រាប់កម្ពុជាយើង ហើយអ្នកដែលគាំទ្រនិន្នាការនយោបាយគ្រប់ភាគីហ្នឹង ច្បាស់រីករាយនូវអ្វីដែលមានដំណោះស្រាយផ្នែកនយោបាយ ប្រសិនជាមេដឹកនាំនយោបាយ ជាពិសេសគឺប្រមុខរដ្ឋាភិបាល ចូលរួមអន្តរាគមន៍ ខ្ញុំគិតថា វាលឿនជាងតាមនីតិវិធីរបស់ប្រព័ន្ធតុលាការ“ ។

លោកអ៊ុំ តារាវុទ្ធី បានមានប្រសាសន៍បន្តថា “សម្រាប់ពួកយើងដែលជាអ្នកកឹម សុខា និយម អ្នកជាតិនិយម អ្នកអហិង្សានិយម គឺប្រសិនបើឯកឧត្ដមកឹម សុខា មានសេរីភាព មានន័យថា យើងសុខសប្បាយទាំងអស់គ្នា ទាំងអ្នកដឹកនាំជាតិ ទាំងពលរដ្ឋ ។ ដូច្នេះជារួម សម្រាប់ខ្ញុំជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាក្នុងនាមជាសហការីរបស់ឯកឧត្ដមកឹម សុខា ហើយក៏ជាអ្នកបានចូលរួមតាមដានក្នុងអង្គសវនាការ តាំងពីសាលាដំបូង រហូតមកដល់សាលាឧទ្ធរណ៍នេះ ហើយសាលាឧទ្ធរណ៍ ក៏នឹងបន្តសវនាការនៅថ្ងៃទីទី០៨ ខែកុម្ភៈ បន្តទៀត ហើយបានចូលរួមនៅថ្ងៃទី៣០ កន្លងទៅថ្មីៗនេះដែរ គឺខ្ញុំបានចាប់ចំណុចពិសេសមួយ ដែលប្រធានជំនុំជម្រះ ក៏ដូចជាសាលាឧទ្ធរណ៍ ក៏បានលើកឡើងពីគុណតម្លៃ ផលប្រយោជន៍របស់ជាតិ ជាមួយនឹងសហគមន៍បរទេស ទាក់ទងនឹងបញ្ហាឯកឧត្ដមកឹម សុខា ហ្នឹង គឺខ្ញុំយល់ឃើញថា ប្រសិនបើតុលាការធ្វើការវិនិច្ឆ័យ ផ្ដល់គុណតម្លៃ យុត្តិធម៌ និងសេរីភាពជូនឯកឧត្ដមកឹម សុខា គឺយើងខ្មែរទាំងអស់គ្នាជាអ្នកចំណេញ ពីព្រោះឯកឧត្ដមកឹម សុខា មានសេរីភាព ធ្វើឲ្យកម្ពុជាយើងទាំងមូល ពិតជាមានសុខដុមរមនា ហើយការវិនិយោគអីក៏វាល្អប្រសើរ ហើយការសំណូមពរថែមទៀត ពីប្រព័ន្ធតុលាការហ្នឹង ក៏ជាសុំសំណូមពរមួយផ្នែកទៀត គឺសម្រាប់មេដឹកនាំកម្ពុជាយើងតែម្ដង ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលគាត់បានកាន់តួនាទីជាប្រធានក្រុមឧត្ដមប្រឹក្សាអង្គព្រះមហាក្សត្រ ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនាមគាត់ជាមេដឹកនាំកម្ពុជា ខ្ញុំយល់ឃើញថា ដើម្បីឲ្យកម្ពុជាយើងរួមគ្នា បន្តការអភិវឌ្ឍ ហើយនិងរក្សាភាពជាមិត្តភាពរវាងកម្ពុជា និងសហគមន៍បរទេស គួរតែដល់ពេលវេលាហើយ ដែលខ្មែរយើងយោគយល់គ្នា ផ្ដល់សេចក្ដីអនុគ្រោះ រកកិច្ចអន្តរាគមន៍ ដើម្បីដោះស្រាយតាមផ្លូវណាក៏បាន ផ្លូវតុលាការ ក៏បាន ផ្លូវនយោបាយ ក៏បាន ដើម្បីឲ្យឯកឧត្ដមកឹម សុខា មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីជាកាដូមួយសម្រាប់ឲ្យពលរដ្ឋកម្ពុជា ដែលគ្រប់និន្នាការ រង់ចាំក្នុងន័យអភិវឌ្ឍប្រទេសជាតិឡើងវិញទាំងអស់គ្នា“ ។

សួមរំលឹកថា សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការបណ្ដឹងជំទាស់មេដឹកនាំបក្សប្រឆាំង លោកកឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យលោកមានទោសក្បត់ជាតិ និងដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ តែឃុំខ្លួនក្នុងផ្ទះ បាត់បង់សិទ្ធិសេរីភាព រួមទាំងសិទ្ធិធ្វើនយោបាយ។

បើតាមសហមេធាវីការពារក្ដីលោកកឹម សុខា បញ្ជាក់ថា សវនាការសំណុំរឿងលោកកឹម សុខា ដែលធ្លាប់ធ្វើចំនួន ៦៦លើក កាលនៅសាលាដំបូងរាជធានីភ្នំពេញ នោះ ពេលនេះបង្រួញមកនៅត្រឹមតែ ៩លើកវិញ នៅសាលាឧទ្ធរណ៍ ដោយ ១ខែ ធ្វើសវនាការ ២ដង។ ដូច្នេះសវនាការឧទ្ធរណ៍នេះ នឹងចប់ នៅខែឧសភា ឆ្នាំ២០២៤ ។

ក្រៅពីការកំណត់កាលវិភាគចំនួនសវនាការជាបន្តបន្ទាប់ សវនាការសាលាឧទ្ធរណ៍ លើកទី១ មានសាច់រឿង ២ទៀត គឺការអានរបាយការណ៍សំណុំរឿងដោយចៅក្រម និងបណ្ដឹងអញ្ញាត្រកម្មផ្ទាល់មាត់ ទាក់ទងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញត្រង់ចំណុច ៣.១ ដែលហាមលោកកឹម សុខា ចេញក្រៅ លុះត្រាតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូង ហើយនិងចំណុច ៣.២។

សហមេធាវីលោកកឹម សុខា បានស្នើទៅតុលាការ បន្ធូរបន្ថយ កុំឱ្យរឹតត្បិតការឃុំខ្លួនលោកពេក ដែលមិនត្រឹមតែប៉ះពាល់ដល់គាត់ទេ ប៉ុន្តែប៉ះពាល់ដល់គ្រួសារ និងអ្នកដែលធ្លាប់នៅជាមួយរាប់ឆ្នាំ ដូចសាច់ញាតិទៅហើយ មិនឱ្យជួយកិច្ចការងារ និងសុខទុក្ខលោកដូចមុនទៀត។ ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍ លើកឡើងថា មិនអាចកែប្រែសាលក្រមរបស់សាលាដំបូង បានទេ។ បន្ថែមលើនេះ តុលាការ គ្រាន់តែអានសម្ដីរបស់សាក្សី ២រូបទៀត គឺលោក គង់ គាំ និងលោក ឈឹម ផលវរុណ ខណៈអ្នកផ្សេងទៀត គ្រាន់តែលើកឈ្មោះ ប៉ុន្តែមិនបានអានសម្ដីអ្នកទាំងនោះទេ៕ កុលបុត្រ

RELATED ARTICLES