Thursday, June 19, 2025
Homeសង្គម និងជីវិតឆក់ទូរស័ព្ទបាន រត់អត់រួច ជាប់ខ្នោះ២

ឆក់ទូរស័ព្ទបាន រត់អត់រួច ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីម្នាក់ បានសម្រេច រួចព្យា យាមរត់គេចខ្លួនតាំងពីខណ្ឌដង្កោ រហូតដល់ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចប្រដេញចាប់ក្របួចជាប់ បានចំនួន២នាក់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចបាត់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីពិភព ថ្មីចម្ការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទី១-ឈ្មោះគ្រៀល សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះវី ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកដែលគេចខ្លួន មានឈ្មោះចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ រីឯជនរងគ្រោះ មានឈ្មោះឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដោយឡែកសម្ភារៈបាត់បង់ ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12 Pro Max។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យទាំង៣នាក់ខាងលើ បានជួបជុំគ្នានៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកនាំគ្នាជិះម៉ូតូចំនួន២គ្រឿង ដើម្បីធ្វើសកម្មភាពឆក់តាមដងផ្លូវ។ លុះមកដល់ចំណុចបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានជួបជនរងគ្រោះកំពុងជិះម៉ូតូ ហើយដាក់ទូរស័ព្ទនៅឃ្លុបម៉ូតូ ម៉ាកហុងដា ស្កូបពី ពេលនោះជនសង្ស័យឈ្មោះ គ្រៀល សីហា បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច រួចមកក៏ជិះម៉ូតូគេចមកសាលាបឋមសិក្សាពោធិ៍ចិនតុង។

ក្រោយពីទទួលបានព័ត៌មានថា មានករណីជនសង្ស័យឆក់ទូរស័ព្ទដៃពីជនរងគ្រោះ និងទទួលបានភិនភាគយ៉ាងច្បាស់ផងនោះ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ប្រគល់ឱ្យសមត្ថកិច្ចខណ្ឌដង្កោ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES