ភ្នំពេញ៖តារាសម្ដែងរូបស្រស់កញ្ញាសឹម ស្រីនិច្ច បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែមករា ថាក្រោយប្រឡូកសិល្បៈជាច្រើនឆ្នាំ មកនេះនាងមិនទាន់ស្គាល់ជាតិកែសម្រស់ ឆ្លងកាត់ការវះដោយមុខកាំបិតនោះទេ គិតមកដល់ឆ្នាំ២០២៤ នេះគឺនៅរក្សាររបសីធម្មជាតិ១០០% ។យ៉ាងណានាងថាពេលខ្លះគេឃើញនាងប្លែកព្រោះតែរូបនាងផ្លាស់ប្ដូរនៃទំលាប់នៃការហាត់ប្រាណ និងញាំអាហារបំប៉នច្រើន ទើបធ្វើឲ្យរាងកាយនាងមានការប្រែប្រួលខុសពីមុនខ្លះៗបែបនេះ ។
ការរក្សារសម្រស់ពីធម្មជាតិរបស់សឹម ស្រីនិច្ច នាពេលនេះ គឺដូចគ្នាទៅនិងពេជ្រ សោភា ដែលថានាងមិនទាន់បានវះកាត់កែសម្រស់ផ្នែកសំខាន់ណាមួយឡើយ បន្ទាប់ពីប្រឡូកសិល្បៈជាង១៩ឆ្នាំ ។ចំពោះស្រីនិច្ច វិញទោះជាមិនបានកែសម្រស់ដូចតារាល្បីៗផ្សេងទៀតក្ដី ប៉ុន្ដែរូបឆោមនាងពីធម្មជាតិធ្វើឲ្យនាងត្រូវប៉ាន់ថតភាពយន្ដក្នុងតំណែងជាតួឯកជាបន្ទាប់ ខណៈដែលបច្ចប្បន្ននាងកំពុងថតភាពយន្ដបុរាណ រឿង”អប្សរា មហាអង្គរ” ដែលដឹកនាំដោយលោកហ្វៃ សំអាង ហើយភាពយន្ដនេះប្រជុំទៅដោយតារាល្បីៗដល់ទៅជាង១០០នាក់ ក្នុងនោះក៍មានលោកទេព រិនដារ៉ូ ,អ្នកនាងអម្ពរ ទេវី និងនារី រ័ត្នគន្ធា ជាដើមសម្ដែងប៉ះគ្នា ជាមួយស្រីនិច្ច ។
សឹម ស្រីនិច្ច ដែលសម្ដែងជាតួអង្គដល់ទៅ៣ផ្សេងគ្នាក្នុងរឿង”អប្សរា មហាអង្គរ” នោះថារឿងនេះប្លង់នាងថតបានជាង៥០% ហើយ ដែលឈុតពិបាកៗសម្រាប់នាងក៍បានថតចប់ហើយដរ ។ប៉ុន្ដែនាងថាសម្រាប់ឈុតផ្សេងៗទៀតដែលនៅសល់ក៍មិនមែនជាប្លង់ដែលងាយស្រួលលេងដែរ ព្រោះត្រូវការពេលវេលាថតឲ្យសាកសមទៅតាមសាច់រឿង និងប្លង់ ឬទីតាំងដែលស៊ីគ្នាជាមួយឈុតឆាកទាំងនោះដែរ។ស្រីស្អាតរូបនេះបន្ថែមថាដោយសារតែថតរឿង”អប្សរា មហាអង្គរ” មិនទាន់ចប់ ហេតុនេះនាងមិនទាន់ទទួលថតរឿងផ្សេងទៀតទេនៅដើមឆ្នាំ២០២៤ នេះបើទោះជាមានស្ថានីយ៍ទូរទស្សន៍ធំៗបានហៅនាងថតរឿងថ្មីក៍ដោយ ។ស្រីនិច្ច ថាការបដិសេធថតរឿងថ្មីៗនោះព្រោះតែនាងបារម្ភខ្លាចរឿងភាគមានការចំណាយពេលវេលាយូខែពេក ហើយនាងមិនទាន់មានពេលវេលាគ្រប់គ្រាន់ ទើបផ្អាកថតរឿងថ្មីមួយរយៈខ្លីសិន ។
ស្រីស្អាតសឹម ស្រីនិច្ច នៅតែមានការំពឹងខ្ពស់ថាបន្ទាប់ពីថតចប់រឿង”អប្សរា មហាអង្គរ”នោះនាងកាន់តែមានទីផ្សារសិល្បៈទូលាយជាងនេះជាមិនខាន ព្រោះរឿងបុរាណមួយនេះបានលះបង់ច្រើនដើម្បីឲ្យត្រូវទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បានក្នុងនោះមានដូចជាការហាត់របាំបុរាណ និងសម្រកគីឡូជាដើម ។នាងថាភាពយន្ដនេះគឺជារឿងធំបំផុតសម្រាប់នាងក្នុងអាជីពជាតារាសម្ដែងបើទោះជានាងថតតួឯកក្នុងរឿងជាច្រើនមកហើយក្ដី ។
គូររំលឹកថាសឹម ស្រីនិច្ច ធ្លាប់ដកខ្លួនពីអាជីពសម្ដែងមួយរយៈដែលពេលនោះធ្វើឲ្យមានការលេចឭថានាងអាចត្រូវបានគូស្នេហ៍ហួងហែង ស្របពេលដែលនាងបង្ហាញរូបភាពស្និតស្នេហ៍ជាមួយបរុសម្នាក់ដោយបើកចំហទៀតផង ។ប៉ុន្ដែរឿងស្នេហានោះបានស្ងប់ស្ងាត់ទៅវិញ ហើយពេលនេះស្រីនិច្ច លែងនិយាយរឿងស្នេហ៍ទៀតហើយ ពោលគឺនាងថាផ្ដោតតែលើការពង្រឹងអាជីពសម្ដែងឲ្យល្អជាងនេះ។
សឹម ស្រីនិច្ច ធ្លាប់វាចាថានាងផ្អាកថតរឿងម៉ារយៈមុនដោយសារតែអារម្មណ៍មិនសូវល្អពេលគេនិយាយនាងរឿងរូបថតប៊ីគីនី នៅឆ្នេរខ្សាច់មួយនោះ ទើបធ្វើឲ្យនាងដកឃ្លាបន្ដិច តែពេលនេះនាងបានវិលមកប្រឡូកការសម្ដែងភាពយន្ដនិងMV ពេញទំហ៊ឹងវិញហើយ ។ក្រៅពីអាជីពសិល្បៈស្រីនិច្ច ក៍មានអាជីវកម្មមួយទៀតក្រៅពីសម្ដែងដែរនោះគឺក្រុមហ៊ុនអចលនទ្រព្យ ហើយទោះជាពេលនេះនាងជាប់ដៃថតភាពយន្ដមែនក៍នាងមានបុគ្គលិកធ្វើការងារទាំងនោះជំនួសនាងដែរ ។
គេកត់សម្គាល់ថានៅឆ្នាំ២០២៤ នេះតារាសម្ដែងស្រីដែលមានសកម្មភាពលេចធ្លោរក្នុងអាជីពសម្ដែងមានដូចជាសឹម ស្រីនិច្ច ,សិទ្ធី នីកា ,ហ្វា ហ្វា និងស៊ីន យូប៊ីន ជាដើម ។សម្រាប់ស្រីនិច្ច វិញចង់ប្រើពេលវេលាជាច្រើនឆ្នាំទៀតពង្រឹងអាជីពសម្ដែងរបស់ខ្លួន ទើបមិនកំណត់ថាប៉ុន្មានឆ្នាំទៀត ទើបរៀបការប្ដីដូចគេឡើយ ៕