ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រៀមសម្រាលកូនទី២ នៅដើមឆ្នាំ២០២៤ នេះ ខណៈដែលនាងបានផ្អាកការឡើងច្រៀងសម្ដែងគ្រប់ឆាកតន្រ្ដីធំៗតាំងពីចុងឆ្នាំ២០២៣ ម្លេះ តែនៅបន្ដរកស៊ីលក់ផលិតផលតាមOnline ពោលគឺលុយនៅតែចូល ។ មុនពេលទទួលបានសមាជិកថ្មីនេះសុគន្ធកញ្ញា បង្ហាញអារម្មណ៍រំភើបថាកាលពីឆ្នាំ២០២៣ នាងបានសម្រេចសមិទ្ធិផលធំៗជាទីគាប់ចិត្តនោះគឺក្ដីសុបិនធំចង់មានហាងផ្ទាល់ខ្លួនលក់កាបូប និងកាដូគុជដ៍មានតម្លៃគឺពពោះកូនស្រី ដូចក្ដីប្រាថ្នា ។
យ៉ាងណាអ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេមសុខ កាលពីពេលថ្មីៗនេះបានលើកឡើងតាមបណ្ដាញសង្គមថាឱក សុគន្ធកញ្ញា ជិតមានកូន២នោះគូរតែរកចំណតឡានក្រុង ពោលគឺមិនអាចប្រជែងទីផ្សារចម្រៀងបានតទៅទៀតទេពេលមានកូន២នាក់ហើយនោះ ហេតុនេះត្រូវធ្វើអ្វីផ្សេងលើសពីការងារសិល្បៈ ។តែលោកសុគន្ធ មិនមែននិយាយសំដៅលើសុគន្ធកញ្ញា ម្នាក់ទេ គឺលោកចង់និយាយចំពោះតារាស្រីទូទៅដែលមានប្ដីនិងកូនហើយទីផ្សារចម្រៀងមានការប្រែប្រួល លែងដូចកាលនៅលីវទៀត ។
ប៉ុន្ដែការលើកឡើងរបស់លោកជេម សុខ ហាក់ផ្ទុយពីអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ដែលធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលដែលសុគន្ធកញ្ញា មានស្វាមីជាប្អូនថៅកែហង្សមាសហើយមានកូនទៀតនោះគឺនាងនឹងកាន់តែល្បីល្បាញលើសមុន។លោកសុធីវណ្ណ លើកហេតុផលថាដោយសារតែកញ្ញា ជាប្អូនថ្លៃថៅកែហេតុនេះហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះទេ ពោលគឺអ្នកកំណត់ជោគវាសនាតារាចម្រៀងរូបនេះបានគឺមានតែហង្សមាសម្នាក់គត់ ។
សំណួររបស់មហាជនលើកឡើងថាតើតារាស្រីរូបណានឹងឡើងទៅជំនួសឱក សុគន្ធកញ្ញា ប្រសិនបើនាងទៅលែងរួចក្រោយមានកូន២ដូចលោកសុគន្ធ លើកឡើងនោះ ?
គេកត់សម្គាល់ថានាពេលបច្ចុប្បន្នតារាវ័យក្មេងរបស់ហង្សមាសមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលស្ទុះឡើង ប៉ុន្ដែអ្នកជំនាញសិល្បៈថាស៊ូហ្សាណា មិនអាចទៅជំនួសតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសបានទេ ពោលគឺនៅត្រូវការពេលវេលាបន្ថែមទៀត បើទោះជាពេជ្រ សោភា ថាហ្សាណា អាចជំនួសនាងនិងតារាស្រីល្បីៗទៀតនាពេលពួកនាងចាស់ទៅក្ដី ។ប្រភពបានឲ្យដឹងថាហង្សមាសនៅតែបើកផ្លូវសម្រាប់មាស សុខសោភា ចូលទៅជ្រកកោន បើទោះជាបានបរាជ័យការចរចារចុងក្រោយកាលពីឆ្នាំ២០២០ ក្ដី ។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានគ្រងតំណែងតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសជាង១០ឆ្នាំមកហើយ ប៉ុន្ដែក្រោយមានស្វាមីនិងកូនទីផ្សារចម្រៀងរបស់នាងមិនសូវខ្លាំងដូចមុនទេ ហើយពេលនេះដៃគូសំខាន់របស់នាងទាំងពីរគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ សុទ្ធតែបានចាកចេញទៅហើយ ទើបធ្វើឲ្យនាងពិបាកស្វែងរកដៃគូថ្មី ហើយងាកទៅចាប់ដៃគូជាបណ្ដោះអាសន្នជាមួយលោកឆន សុវណ្ណារាជ វិញ ។ប៉ុន្ដែទោះជាចុះខ្សោយទីផ្សារចម្រៀងបន្ដិចមែន តែកញ្ញា នៅតែមានប្រាក់ចំណូលពីសិល្បៈខ្ពស់ដដែល តាមរយៈការធ្វើជាJudge និងCoach រួមទាំងក្ដាប់ស្ពតពាណិជ្ជកម្មធំៗជាច្រើនក្នុងដៃ ។តែសម្រាប់Concerts រដូវក្ដៅ២០២៣ -២០២៤ នេះសុគន្ធកញ្ញា មិនបានបង្ហាញខ្លួនឡើយ ព្រោះសម្ងំថែគ័ត នឹងត្រៀមខ្លួនសម្រាលកូនស្រី។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីហើយទីផ្សារចម្រៀងលែងសូវខ្លាំងមានដូចជាសុគន្ធ និសា ,មាស សុខសោភា និងសួស វីសា ជាដើម។
មជ្ឈដ្ឋានមហាជនលើកឡើងថាឱក សុគន្ធកញ្ញា នៅតែមានប្រៀបជាងតារាស្រីផ្សេងទៀតរបស់ហង្សមាសដដែល ក្រោយនាងសម្រាលកូនទី២រួច ព្រោះមិនត្រឹមតែមានស្វាមីជាអគ្គនាយទូរទស្សន៍ហង្សមាស និងបងថ្លៃជាថៅកែផលិតកម្មនោះទេ តែសម្ថភាពដូចកញ្ញា លោកនូ ស៊ឹប ធ្លាប់អះអាងថាទោះជាមាននូន៤ទៅ៥នាក់ក៍នៅតែល្បីដែរ ។ចំណែកអ្នកស្រីអ៊ិន ថាច ម្ដាយកញ្ញា ធ្លាប់ថាតារាសំខាន់នៅលើសម្ថភាព ហេតុនេះគាត់មិនព្រួយបារម្ភច្រើនថាកូនស្រីមានប្ដីនិងកូនទៅ ទស្សនិកជនលែងគាំទ្រ ឡើយ ៕