ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញករណីជំងឺអឹមផក (Mpox) (ជំងឺអុតស្វា) ករណីទី៥។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរ ពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអ៊ីមផក ដែលបានរកឃើញចំនួន ៥ករណី។
ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្គារនូវការចម្លងជំងឺអ៊ីមផក ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម ៖
១. របៀបចម្លង ៖
– វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬស្លាបព្រាចាន កែវទឹក៘
– វីរុសអុតស្វា ឆ្លងពីម្តាយ ទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអ៊ីមផក។
២. វិធានការបង្ការការចម្លងជំងឺអ៊ឹមផក ៖
– អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ រាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។
– ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ីមផក។
– ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអ៊ឹមផកប្រើប្រាស់។
– ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអ៊ឹមផក។ អនុវត្តអនាម័យដៃដោយ លាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែលលាងដៃ ឬអាល់កុលលាងដៃ។
– បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអ៊ីមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
– បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអ៊ឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
– បុគ្គលមានរោគសញ្ញា ដូចជា កន្ទួលរមាស់ ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រ ដាប់ភេទ គ្រុនក្តៅ ហើមកូន កណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអ៊ឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ អ៊ឹមផក ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់ លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។
ក្រសួងសុខាភិបា លនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារ ណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ…៕