Thursday, June 19, 2025
Homeសង្គម និងជីវិត ជល់មាន់ចាញ់ សុំលេងបន្តស្រង់ដើម អ្នកឈ្នះវ៉ៃ...រ...យះ...ក្បាល

 ជល់មាន់ចាញ់ សុំលេងបន្តស្រង់ដើម អ្នកឈ្នះវ៉ៃ…រ…យះ…ក្បាល

ភ្នំពេញ ៖ បុរសម្នាក់ បានលេងបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ ជាមួយភាគីម្ខាងទៀត លុះក្រោយពីចាញ់ច្រើនគូពេក ទើបចេះតែសុំជល់បន្ត ដើម្បីស្រង់ដើម តែត្រូវភាគីដែលឈ្នះ ប្រកែក ឈប់លេង ទើបភាគីចាញ់ថាលេងឈ្នះរត់ ធ្វើឱ្យកើតជាជម្លោះពាក្យសម្តី និងឈានដល់អំពើហិង្សា វាយបុរសដែលភ្នាល់ចាញ់នោះ បណ្តាលឱ្យរយះក្បាល ហូរឈាមស្រោចខ្លួន ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានណាត់គ្នាលេងល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ជាមួយភាគីម្ខាងទៀត តាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃកើតហេតុមកម៉្លេះ។ លុះលេងដល់កប់ ព្រលប់ ជនរងគ្រោះចាញ់ច្រើនពេក ក៏ទទូចសុំភាគី ម្ខាងទៀត បន្តភ្នាល់ ដើម្បីស្រង់ដើមវិញខ្លះ តែត្រូវខាងអ្នក ជល់ឈ្នះប្រកែក ឈប់លេង ជាហេតុធ្វើឱ្យកើតមានជម្លោះពាក្យសម្តី រហូតឈានដល់អំពើហិង្សា វាយទៅលើបុរសរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួស រួចក៏ទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅចង្អុលបង្ហាញមុខជនបង្កហេតុ តែត្រូវខាងភាគីបង្កហេតុ ប្រកែកថាខ្លួនមិនបានវាយនោះទេ ហើយក៏មានប្រជាពលរដ្ឋមួយចំនួននៅទីតាំងខាងលើ នាំគ្នាការពារ កាន់ជើងជនបង្កហេតុ ដោយចោទប្រកាន់ថា ចាប់មនុស្សវ៉ៃខ្នោះខុសទៅវិញ។

យ៉ាងណា ជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ  និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES