Thursday, June 19, 2025
Homeសង្គម និងជីវិតបង្ក្រាបសម្បុកចោរឆក់ វ៉ៃខ្នោះ១២នាក់

បង្ក្រាបសម្បុកចោរឆក់ វ៉ៃខ្នោះ១២នាក់

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជាមុខ សញ្ញាឆក់ មួយសម្បុកធំ ដោយឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន១២នាក់ (ស្រី១) បញ្ជូនមកចាត់ការតាម ច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅក្បែររង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីកើតមានករណីខាងលើ និងដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រុកកំពង់សិលា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១២នាក់ (ស្រី១) រួមនិងវត្ថុតាង រួមមាន ម៉ូតូ ៤គ្រឿង ក្បាំងម៉ូតូ ២គូ និងទូរស័ព្ទ ៥គ្រឿង។

ចំពោះវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស គ្មានស្លាកលេខ ដែលដកហូតបាន សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ និងដោយមានការឯកភាពពីតំណាងអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ។

ចំណែកសង្ស័យទាំង១២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមផ្លូវច្បាប់។ ចំពោះមុខសញ្ញាដែលនៅសេសសល់ សមត្ថកិច្ចកំពុងសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការ ស្រាវជ្រាវបន្ត៕

RELATED ARTICLES