ភ្នំពេញ៖តារាសម្ដែងរូបស្រស់នាងវណ្ណៈ បូរមី ធ្លាប់អះអាងថាបានដើរចេញពីអាជីពសិល្បៈម្ដងរួចទៅហើយ ដែលធ្វើឲ្យគេសង្ស័យថានាងត្រូវបានគូស្នេហ៍ហួងហែង ។ប៉ុន្ដែពេលនេះស្រីស្អាតបែជាទៅហើយមកវិញ ហើយថែមទាំងមានបំណងចាប់អាជីពMC ទៀតផង ដែលការតាំងចិត្តនោះអាចនឹងទៅរួចព្រោះថានាងបូរមី បានលេចមុខសាកល្បងក្នុងនាមជាពិធីការិនីក្នុងវេទិការដ៍ធំមួយនោះគឺMiss Global 2023 ។

ក្នុងជំនួបកាលពីពេលថ្មីៗនេះនាងវណ្ណៈ បូរមី ថាមូលហេតុដែលនាងចង់ដកឃ្លាពីអាជីពសិល្បៈមួយរយៈមុននេះក៍ព្រោះតែនាងមើលទៅអ្នកសិល្បៈខ្លះគេមិនសូវឲ្យតម្លៃ ហើយជូនកាលជីវិតសិល្បៈជាសាធារណៈបែបនេះមានរឿងអីគេរិះគន់… ។ប៉ុន្ដែក្រោយ បញ្ចប់ការប្រ លង Miss Universe Cambodia 2023 ដោយទទួលបានលទ្ធផល2nd Runner Up នោះ នាង ត្រូវបានលោកអ៊ិន សុភិន ផ្ដល់ការទុកចិត្តឲ្យធ្វើជាMC ក្នុងកម្មវិធីMiss Global 2023 ដែលជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់រូបនាងហើយនាងក៍ស្រលាញ់អាជីពពិធីការិនីមួយនេះដែរ ហេតុនេះហើយបានជានាងព្យាយាមស្វែងយល់ពីរៀមច្បងពីការងារមួយនេះហើយក្រោយបញ្ចប់ធ្វើពិធីការិនី Miss Global 2023 នោះនាងនឹងទទួលការងារជាMC តទៅទៀតឲ្យតែមានការផ្ដល់ឱកាសពីខាងAgency ។ទាក់ទងការសម្ដែងវិញនាងបូរមី បានឲ្យដឹងដែរថានៅដើមឆ្នាំ២០២៤ នេះនឹងត្រៀមថតភាពយន្ដខ្នាតធំរឿងខ្មោចឲ្យផលិតកម្មមួយផងដែរ ហើយនឹងទទួលការថតសម្ដែងរឿងផ្សេងទៀតដូចដើម។

ឆ្លើយតបសំណួរថាតើការចង់ដកខ្លួនចេញពីអាជីពសម្ដែងដោយសារតែនាងវណ្ណៈ បូរមី មានគូស្នេហ៍ហើយមែនទេនោះស្រីស្រស់តូចតន់ថានាងមិនធ្លាប់មានស្វាមី សង្សារ ឬដៃគូជិតនោះទេ ។នាងថាចង់ប្រើជីវិតឲ្យនៅSingle ជាច្រើនឆ្នាំតទៅទៀត ហើយចង់ផ្ដោតតែលើការងារទូទៅ,ការសិក្សារ ច្រើនជាងរឿងស្នេហា ។បូរមី បន្ថែមថានាងនឹងបន្ដសិក្សារផ្នែក Design និងCreative នាពេលខាងមុខនេះ។
វណ្ណៈ បូរមី ថាការឡើងឆាកដ៍ធំសម្រាប់អាជីពMC ជាលើកដំបូងនោះមានអារម្មណ៍ភ័យៗដែរ តែនាងមិនរាថយ ឡើយ ហើយសង្ឃឹមថានឹងទទួលបានការលើកទឹកចិត្តនិងជម្រុញពីFan របស់នាងជាមិនខាន។ចំណែករឿងបេះដូងវិញបើទោះជានាងថានៅទំនេរអត់មានម្ចាស់ចិត្តមែន ប៉ុន្ដែបូរមី មិនបានប្រកាសស្វែងរកប្រុសស្នេហានៅ ពេលនេះឡើយ ព្រោះផែនការណ៍របស់នាងគឺយកការសិក្សារ និងការងារធំជាងស្នេហា ។

គូរបញ្ជាក់ថានាងវណ្ណៈ បូរមី ជាអតីតFreshie និងបេក្ខភាពMiss Universe Cambodia 2023 ហើយនាងធ្លាប់គ្រងតំណែងតួឯកខ្នាតធំរឿង”ពពិលខ្មៅ “ និងបានសម្ដែងជាតួអង្គមួយក្នុងរឿង”ផ្កាថ្ម “ផងដែរ។បន្ទាប់ពីអាជីពសម្ដែងនាងបូរមី ជាម្ចាស់ប្រេនរបស់សម្លៀកបំពាក់មួយ ហើយការសិក្សារ និងការងារដែលនាងស្រលា ញ់ជាងគេគឺផ្នែកDesign ។
ក្រៅពីនាងវណ្ណៈ បូរមី តារាដែលផ្អាកពីអាជីពសិល្បៈហើយវិលវិញមានដូចជានាងពេជ្រ សិរីរ័ត្ន,បេប៊ី ,ឡាយ លក្ខិណានិងសារ៉ាយ សក្ខណា ជាដើម ។ចំណែកស្រីស្អាតដែលចាប់អាជីពសម្ដែងហើយវិវត្តន៍ខ្លួនទៅជាពិធី ការិនីមានច្រើនដួងក្នុងនោះមានដូចជាស៊ឹម សូលិកា ,កែវ និសា ,ម៉ៃ យ៉ា ,ហ៊ិន ច័ន្ទនីរ័ត្ន ,សុខ សោម៉ាវត្តី ,ណូ ម័រ ,ជីជី ,កែវ សីហា ,ណាក់ ស្រីណា ,ឌួង ហ្សូរីដា និងហេង ផាន់ណា … ។

គេចាំមើលថាតើនាងវណ្ណៈ បូរមី អាចនឹងក្លាយទៅជាពិធីការនីលេចធ្លោនាពេលខាងមុខដូចក្ដីសុបិនឬអត់ ខណៈដែលនាងជាតារាម្នាក់មានរូបសម្រស់នាងគូរឲ្យក្នក់ក្នាញ់ ហើយភាសារអង់គ្លេសនាងក៍អាចធ្វើអត្ថាធិប្បាយបានដែរនោះ។

អ្នកជំនាញសិល្បៈបានលើកឡើងថាចំពោះមូលហេតុដែលតារាសម្ដែងចូលចិត្តងាកទៅធ្វើជាជាMC នោះដោយសារតែអាជីពសម្ដែងមិនទៀងទាត់ឡើយ ពោលគឺនៅពេលមានវ័យច្រើន សម្រស់ប្រែប្រួល កាន់តែធ្លាក់ការងារឬប្រាក់ចំណូល ខុសពីអាជីពពិធីករអាចមានលំនឹងជាងហើយបើក្លាយទៅជាMC ល្បីឈ្មោះអាចបន្ដការងារនោះបានយូឆ្នាំជាងអាជីពសម្ដែងជាក់ស្ដែងដូចជាអ្នកនាងគង់ សុជាតិ និងយុគ ចិន្ដា ដែលល្បីល្បាញលើវិថីមួយនេះជាង២០ឆ្នាំមកហើយ ៕