ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានប្រទះឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ មានទម្ងន់សរុបជាង២គីឡូក្រាម នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ។
![](https://norkorthom.com/wp-content/uploads/2024/02/d1-15.jpg)
តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ ចំនួន៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូរ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហម ស្ត្រវបឺររី ចំនួន១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចុះមកពិនិត្យឃើញថា ជាសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទម្ងន់ ២ ៤៤១,៧៨ក្រាម។ ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
![](https://norkorthom.com/wp-content/uploads/2024/02/d2-8.jpg)
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅកម្លាំងសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ ទើបជនសង្ស័យទម្លាក់ទុកក្បែររបង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ តែម្តង៕