Wednesday, March 19, 2025
Homeព័ត៌មានជាតិក្រមុំ​ចាស់ បេះ​ត្រកួនលក់​​ យកប្រាក់​ចិញ្ចឹ​មម្តាយ​ជរា

ក្រមុំ​ចាស់ បេះ​ត្រកួនលក់​​ យកប្រាក់​ចិញ្ចឹ​មម្តាយ​ជរា

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់នេះ មានវ័យជាង៣០ឆ្នាំទៅហើយ នៅមិនទាន់មានប្តីសី បង្កើតក្រុមគ្រួសារនឹងគេនៅឡើយ ព្រោះរវល់ តត្រុកដើរបេះត្រកួន និងស៊ីឈ្នួលគេយកប្រាក់ ទៅចិញ្ចឹមម្តាយជរា រស់នៅកណ្តោចកណ្តែង គ្មានទីពឹង២នាក់ម្តាយកូន ក្រោមកូនខ្ទមធ្លុះ- ធ្លាយរខេករខាក គួរឱ្យសង្វេគ។

ស្ត្រីក្រមុំចាស់ ដែលដើរស៊ីឈ្នួលរកប្រាក់ ចិញ្ចឹមម្តាយជរានោះ មានឈ្មោះណុប ផល្លី អាយុជាង៣០ឆ្នាំ ប្រកបរបរដើរស៊ីឈ្នួលគេ ចិញ្ចឹមជីវិត មានម្តាយមេម៉ាយឈ្មោះហាយ ណុប អាយុ៦៩ឆ្នាំ ជាចាស់ជរា ថ្លង់ស្តាប់មិនឮ សព្វថ្ងៃរស់នៅតែ២នាក់ម្តាយកូនក្នុងកូនខ្ទម ទ្រុឌទ្រោមមួយ ស្ថិតក្នុងភូមិចុងថ្នល់ទី២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម។

តាមសម្តីស្ត្រីអភ័ព្វឈ្មោះណុប ផល្លី បាន រៀបរាប់ប្រាប់ថា កាលពីក្មេង គាត់មិនដែល បានចូលសាលារៀននឹងគេទេ ព្រោះតែជីវភាព គ្រួសារក្រីក្រតោកយ៉ាកខ្លាំងពេក ហេតុនេះ មិនចេះអក្សរសូម្បីមួយតួ។ តាំងពីធំដឹងក្តីមក គាត់តែងដើរបេះត្រកួននៅខាងក្រោយផ្ទះជាមួយ ម្តាយ ចងជាបាច់យកទៅលក់នៅផ្សារជ្រោយថ្ម ដែលសព្វថ្ងៃប្តូរឈ្មោះជាផ្សារបឹងកុក។ ដោយ- សារតែគាត់គ្មានចំណេះជំនាញជាប់ខ្លួន ទើប មកដល់ពេលនេះ គាត់មិនអាចផ្លាស់ប្តូររបរអ្វី បានក្រៅពីដើរបេះត្រកួនលក់នោះទេ ដោយ អាចរកប្រាក់កម្រៃបានក្នុង១០បាច់ តម្លៃ២ ពាន់រៀល ហើយក្នុងមួយថ្ងៃ គាត់អាចបេះត្រកួន លក់បានប្រាក់ប្រមាណ១ម៉ឺនរៀលដែរ។

ស្ត្រីអភ័ព្វរូបនេះ បន្តថា ឆ្លៀតពេលទំនេរ គាត់តែងដើរស៊ីឈ្នួលគេដោយមិនរើសមុខ ជួន ស៊ីឈ្នួលលាងចានឆ្នាំង បោកខោអាវឱ្យគេ ជួន ទៅស៊ីឈ្នួលចាប់នំបញ្ចុកឱ្យគេនៅជិតមាត់ទន្លេ មេគង្គ ដោយអាចរកប្រាក់កម្រៃបាន១ម៉ឺនរៀល ក្នុងមួយថ្ងៃ គ្រាន់យកមកទិញអង្ករម្ហូប ដាំបាយហូប ២នាក់ម្តាយកូន រស់មួយពេលគិតមួយពេល។ ចំណែកម្តាយរបស់គាត់ គឺជឺមានុស្សថ្លង់ស្តាប់ មិនឮនោះទេ និងថែមទាំងកំពុងឈានចូលវ័យ ជរាទៀត។ ប៉ុន្តែរាល់ថ្ងៃនេះ ម្តាយក៏ប្រឹងណាស់ ដែរ ជួនពេលខ្លះ អ្នកភូមិហៅឱ្យជួយកោសខ្យល់ ឱ្យគេ ម្តាយក៏ប្រឹងប្រវេប្រវាដើរទៅស៊ីឈ្នួល កោសខ្យល់ឱ្យគេ ជួនគេឱ្យ៥ពាន់រៀល ជួន៣ ពាន់រៀល ជួនដូរយកអង្ករមកដាំបាយហូប ទាំងទឹកភ្នែក២នាក់ម្តាយកូន។

ស្ត្រីអភ័ព្វខាងលើ បញ្ជាក់ថា រាល់ថ្ងៃនេះ ពួកគាត់២នាក់ម្តាយកូន សង់កូនខ្ទមស្នាក់នៅ លើដីអ្នកភូមិ ដែលមានចិត្តធម៌ផ្តល់ឱ្យពួកគាត់ ស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺគ្មាន ដីផ្ទះសម្បែងផ្ទាល់ខ្លួនទេ ចំណែកដីដាំត្រកួន ក្រោយផ្ទះក៏ជាដីរបស់គេដែរ។ ធ្វើម៉េចដោយ- សារតែគាត់មិនចេះអក្សរ ទើបបានជាក្រងើប មុខមិនរួច ហេតុនេះទោះជាពេលខ្លះរកអង្ករ ច្រកឆ្នាំងមិនបាន ក៏ចេះតែប្រឹងរស់តាមដំណើរ ជីវិតទៅ ដោយចាត់ទុកថា នេះគឺជាកម្មរបស់ ពួកគាត់២នាក់ម្តាយកូន។ យ៉ាងណា សព្វថ្ងៃ ពួកគាត់រស់នៅពឹងលើអ្នកជិតខាងចិត្តបុណ្យ ចេះតែជួយហុចបាយទឹក នំចំណី លុយកាក់តិច តួច គ្រាន់បណ្តោះពេលខ្លះដែរ ហើយយូរៗម្តង អាជ្ញាធរក៏ហៅឱ្យទៅទទួលអំណោយសប្បុរស- ធម៌ គ្រាន់រស់រួចមួយគ្រាៗដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងគ្រួសារ ទុរគតខាងលើ បានបញ្ជាក់ថា គ្រួសារនេះពិត ជាមានជីវភាពទីទ័លក្រមែន រស់នៅលំបាកតោក- យ៉ាកខ្លាំងណាស់ ទាំងម្តាយទាំងកូនប្រឹងចេញ ស៊ីឈ្នួលគេតាមកម្លាំងរៀងខ្លួន តែពេលខ្លះ រកប្រាក់មិនបាន ដាច់បាយ ដេកមើលមុខគ្នាយំ ក៏មានដែរ។ ហេតុនេះ ពួកគាត់សូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភស្រោចស្រង់ ក្រុមគ្រួសារទុរគតខាងលើនេះផង ព្រោះមើល ទៅពិតជាវេទនាភ្នែកខ្លាំងណាស់៕

RELATED ARTICLES