Saturday, July 27, 2024
Homeព័ត៌មានជាតិម្ដាយលោកមាជ សុវណ្ណារ៉ា ទទួលមរណភាព

ម្ដាយលោកមាជ សុវណ្ណារ៉ា ទទួលមរណភាព

ខេត្តបន្ទាយមានជ័យៈ បន្ទាប់ពីមានជំងឺទ្រុឌទ្រោមរាងកាយ អស់ជាច្រើនឆ្នាំ ជាពិសេសទោះបីមួយរយៈចុងក្រោយនេះ មានកូនប្រុសទោលបណ្ដូលចិត្តនៅមើលថែជាប់ជាប្រចាំយ៉ាងណាក៏ដោយ ក៏ឧបាសិកាមាជ ម៉ារឌី ត្រូវជាម្ដាយបង្កើតរបស់លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានបែកកាយ រំលាយខន្ធពីលោកនេះ ទៅកាន់លោកខាងមុខហើយ ដោយបន្សល់ទុកនូវក្ដីស្រណោះអាឡោះអាល័យពីកូនប្រុស និងសាច់ញាតិ ។

អ្នកស្រីមាជ ម៉ារឌី បានទទួលមរណភាព នៅម៉ោង៣:០០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ សពបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ភូមិអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

នៅមុនម្ដាយទទួលមរណភាព លោកមាជ សុណ្ណារ៉ា ក្នុងនាមជាកូនក៏បានរៀបចំធ្វើសង្ឃទានជូនម្ដាយ ក្នុងព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តជូនគាត់ផងដែរ ហើយលោកក៏បានបួងសួង សូមគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជួយបីបាច់ថែរក្សាម្ដាយរបស់លោក ឲ្យមានសុខភាពល្អឡើងវិញ ជាមួយអាយុយ៉ឺនយូរ ដើម្បីជាម្លប់ និងកម្លាំងចិត្តដល់កូន  ។

ប៉ុន្តែទោះជាលោកខំបួងសួងយ៉ាងណា ក៏អាយុសង្ខាររបស់ម្ដាយលោកត្រូវអស់ត្រឹមនេះ គឺដល់ពេលវេលាដែលអ្នកម្ដាយរបស់លោកត្រូវលាកូនទៅជារៀងរហូតហើយ ដោយគ្មានថ្ងៃវិលត្រលប់មកវិញបានទេ ទោះជាចិត្តរបស់គាត់នៅមិនទាន់ចង់ឃ្លាតឆ្ងាយពីកូនក៏ដោយ ។

លោកមាជ សុវណ្ណារ៉ា បញ្ជាក់ថា មុនម្ដាយរបស់លោកផុតដង្ហើមទៅ គាត់បានទុកបណ្ដាំដ៏សំខាន់មួយ គឺត្រូវផ្តើមជាអ្នកនយោបាយគំរូ នៃការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ សម្រាប់អ្នកជំនាន់ថ្មី ដោយមិនត្រូវប្រើហិង្សា ឬមនោគមន៍វិជ្ជាជ្រុលនិយមណា ក្នុងការបំផ្លាញជាតិសាសន៍ឯង និងធ្វើឲ្យរាស្រ្តទឹកភ្នែកឡើយ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា “ បណ្តាំម៉ែខ្ញុំ មុនផុតដង្ហើម ៖ «កូនត្រូវផ្តើមជាអ្នកនយោបាយគំរូ នៃការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ សម្រាប់អ្នកជំនាន់ថ្មី ដោយមិនប្រើនយោបាយហិង្សា ឬមនោគមន៍វិជ្ជាជ្រុលនិយមណា ក្នុងការបំផ្លាញប្រទេសជាតិ និងពូជសាសន៍ខ្មែរគ្នាឯង» ៕

RELATED ARTICLES