Saturday, July 27, 2024
Homeសង្គម និងជីវិត ទូកកន្ទុយវែង អណ្តែតមកទើរឆ្នេរកោះរ៉ុង

 ទូកកន្ទុយវែង អណ្តែតមកទើរឆ្នេរកោះរ៉ុង

ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុងកោះរ៉ុង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្វែងរកម្ចាស់ទូកកន្ទុយវែង ដែលបានអណ្តែតមកទើរនៅលើឆ្នេរកោះរ៉ុង (Hill Beach Resort) ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

រដ្ឋបាលក្រុងកោះរ៉ុង បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មានទូកកន្ទុយវែង ១គ្រឿង បានអណ្តែ តមកទើរនៅលើឆ្នេរ នៅចំណុចឆ្នេរកោះរ៉ុង (Hill Beach Resort) ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយរហូតមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ពុំឃើញមានម្ចាស់មកយកទៅវិញនៅឡើយ ជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់សោភណភាព និងបរិស្ថានតំបន់ឆ្នេរសមុទ្រ ដែលជាតំបន់ទេស ចរណ៍ដ៏មានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងក្រុងកោះរ៉ុង។

ក្នុងន័យនេះ ដើម្បីធានាបាននូវសោភណភាព និងបរិស្ថានស្អាត គួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តសប្បាយ និងធ្វើឲ្យតំបន់ឆ្នេរ ស័ក្តិសមជាតំបន់ឆ្នេរទេសចរណ៍ដ៏ស្រស់ស្អាត រដ្ឋបាលក្រុង ស្នើម្ចាស់ទូកខាងលើ មកយកទូកកន្ទុយវែងនេះចេញ ដោយទុករយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។

ក្នុងករណីផុតថ្ងៃកំណត់ខាងលើ ម្ចាស់ទូកនៅតែពុំមកយកទូកចេញពីទីតាំងឆ្នេរ រដ្ឋបាលក្រុងនឹងចាត់វិធានការយកទូកខាងលើចេញ ដោយពុំទទួលខុសត្រូវនូវរាល់ការខូចខាតនោះឡើយ ហើយរាល់ការចំណាយខាងលើនេះ ជាបន្ទុករបស់ម្ចាស់ទូកទាំងស្រុង៕

RELATED ARTICLES