Tuesday, March 18, 2025
Homeព័ត៌មានជាតិប្រពន្ធចុង​ ខឹង​ប្តីទៅផ្ទះ​ប្រពន្ធដើម​យូរ គប់បែក​កញ្ចក់​ឡាន

ប្រពន្ធចុង​ ខឹង​ប្តីទៅផ្ទះ​ប្រពន្ធដើម​យូរ គប់បែក​កញ្ចក់​ឡាន

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធចុងម្នាក់ ព្រោះតែក្តេច្តៅត្តិនឹងប្តីទៅផ្ទះប្រពន្ធដើមយូរពេក ចំណែក ទូរស័ព្ទក៏ខលមិនចូលទៀត ក៏ជិះម៉ូតូតាមរកប្តី លុះប្រទះឃើញនៅតាមផ្លូវក៏ទាញដុំឥដ្ឋការ៉ូឡា គប់កញ្ចក់រថយន្ត បណ្តាលឱ្យបែកខ្ចាយ និងថែម ទាំងដេញវាយប្តីទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅចំណុចហាង កាហ្វេដើមប្ញស្សី ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧៤ កែងផ្លូវលេខ១៧៣ ក្រុម៣ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ស្ត្រីជាប្រពន្ធចុងដែលគប់បែកកញ្ចក់រថយន្ត រួចដេញវ៉ៃប្តី ផ្អើលគេឯងនេះ មានឈ្មោះកេត ម៉ាលីត អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកបុរសជាប្តី មានឈ្មោះប៉ុក លាង អាយុ៧៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជាមួយស្ត្រីជាប្រពន្ធចុង។

តាមប្រភពពីសាក្សី ដែលប្រទះឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុន ពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-4361 បានទាញដុំឥដ្ឋការ៉ូឡា គប់ ទៅលើរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9767 បណ្តាល ឱ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខ បន្ទាប់​មក ក៏ដេញវាយបុរសចំណាស់ ដែលជាអ្នកបើកបរ រថយន្តថែមទៀត ធ្វើឱ្យបុរសចំណាស់រូបនោះ រត់គេចរអិល​ដួល រលាត់ដៃជើង ធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល និង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះឃាត់ខ្លួនភាគីទាំងពីរនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១។

តាមសម្តីបុរសវ័យចំណាស់ខាងលើ បាន បង្ហើបប្រាប់ទាំងលាក់លៀមថា គាត់មានប្រពន្ធ ចំនួន២នាក់ ក្នុងនោះប្រពន្ធដើមមានកូន៥នាក់ រស់នៅខណ្ឌទួលគោក។ ចំណែកប្រពន្ធទី២ គាត់ បានលួចលាក់រួមរស់ជាមួយគ្នាអស់រយៈពេល ២០ឆ្នាំមកហើយនិងមានកូន៤នាក់ទៀតផង។ នៅមុនពេលកើតហេតុ កាលពីថ្ងៃសែនចូលឆ្នាំ ចិន គាត់បានទៅសែននៅផ្ទះប្រពន្ធដើម និង បានស្នាក់នៅទីនោះ តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃកើតហេតុ គឺមាន រយៈពេល៤ថ្ងៃមកហើយ ហើយអំឡុងពេល ស្នាក់នៅផ្ទះប្រពន្ធដើមនោះគាត់បានបិទទូរស័ព្ទ។ លុះពេលបើកទូរស័ព្ទវិញ ក៏ឃើញប្រពន្ធចុង ទូរស័ព្ទចូលមក តែគាត់មិនហ៊ានលើក ទើបធ្វើ ឱ្យប្រពន្ធចុង ខឹងច្រឡោតតែម្តង។

បុរសចំណាស់ខាងលើ បានបន្តថា នៅមុន ពេលកើតហេតុគាត់កំពុងបើករថយន្ត បំណង ត្រឡប់ទៅផ្ទះប្រពន្ធចុងវិញ ស្រាប់តែពេល មកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវប្រពន្ធជិះម៉ូតូ តាមមកទាន់ ក៏បត់ម៉ូតូតាមរថយន្តគាត់វិញ។ លុះពេលគាត់បើករថយន្តជិតដល់ផ្ទះទៅហើយ ស្រាប់តែប្រពន្ធចុងតាមមកទាន់ក៏ទាញដុំឥដ្ឋ គប់រថយន្តបែកកញ្ចក់ខ្ទេច រួចដេញវាយគាត់ ទៀត ធ្វើឱ្យគាត់ភ័យពេករត់ដួលរលាត់ដៃជើង តែម្តង។

ក្រោយកើតហេតុ ភាគីប្តីប្រពន្ធខាងលើ មិនបានប្តឹងផ្តល់គ្នានោះទេ ព្រោះយល់ថា សុទ្ធ តែមានចំណែកខុសរៀងៗខ្លួន រួចក៏ដឹកដៃគ្នា ត្រឡប់មកផ្ទះវិញ។ លុះមកជួបអ្នកសារព័ត៌មាន ស្ត្រីជាប្រពន្ធចុង កំពុងកំហឹងខ្លាំង ទប់ ចិត្តមិនបាន បែរជាទាញដុំថ្មគប់សំដៅអ្នកសារព័ត៌មាន តែសំណាងល្អមិនត្រូវ រួចក៏ដើរចូល ទៅក្នុងផ្ទះធ្វើព្រងើយដោយមិនមាត់កអ្វីទាំងអស់៕”

RELATED ARTICLES