ភ្នំពេញ៖អំឡុងពេលដែលសេដ្ឋកិច្ចកំពុងតែប្រឈមធ្លាក់ចុះមិនថាតែកសិករ ,អាជីវករ និងអ្នកជំនួញជាដើមទេ ដែលរងនូវការពិបាកដោះស្រាយបំណុល ប៉ុន្ដែសម្រាប់តារាសិល្បៈខ្លះក៍មានជាប់បំណុល ជាហូហែរដោយគ្រាន់ តែមួយចំនួនហ៊ានចេញមុខ និងខ្លះទៀតលាក់បាំងព្រោះខ្មាសគេប៉ុណ្ណោះ ។ដោយឡែកសម្រាប់តារាសម្ដែងស៊ីណាវ៉ាត់ត្រា វិញលោកសារភាពថាពិតជាធ្លាក់ចូលក្នុងបំណុលពិតមែន ប៉ុន្ដែមិនបញ្ជាក់ថាជំពាក់គេសរុបប៉ុន្មានឡើយ ដោយគ្រាន់តែបង្ហើបថាចូលម៉ឺនដុល្លារ។លោកថាការដែលលោកមិនអាចគេចផុតពីបំណុលនេះមិនមែនដោយសារតែលោកចាញ់ល្បែង ឬយកលុយទៅប្រើប្រាស់ក្នុងផ្លូវមិនល្អណាមួយទេ ប៉ុន្ដែរឿងនេះកើតឡើងដោយសាតែលោករកស៊ីខាត បើកហាងនៅខេត្តហើយមិនកាក់កប ចុងក្រោយឡុងចុងអស់ដើមអស់ចុងនៅសល់តែបំណុល ។លោកបន្ថែមថាការដែលលោកផុងខ្លួនខាតបង់ទឹកប្រាក់មួយចំនួនបែបនេះព្រោះតែមិនបានសិក្សារពីការកស៊ីនោះឲ្យបានច្បាស់លាស់ និងម្យាងទៀតលោកជឿរការបញ្ចុះបញ្ចូលពីមិត្តភក្ដិនិងអ្នកស្គាល់ខ្លះដែលគ្មានជំនាញរកស៊ីបានជាផុងខ្លួនបែបនេះ ។យ៉ាងណាលោកស៊ីណាវ៉ាត់ត្រា ថាលោកមានតែអរគុណដល់ម្ចាស់បំណុលទាំងអស់ដែលលោកបានជំពាក់មានការយោគយល់អធ្យាស្រ័យដល់លោករយៈពេល៣ឆ្នាំមកហើយពោលគឺតាំងពីផ្ទុះកូវីដម្លេះដែលលោកជួបវិបត្តិសេដ្ឋកិច្ច ។ប៉ុន្ដែលោកថាមិនបានគេចវែសទៅណាទេគឺនៅតែប្រឹងរកលុយសងម្ចាស់បំណុលដោយប្រឹងប្រែងធ្វើការងារបន្ថែមពីសិល្បៈតាមរយៈការងារជាមេការនៅGold Palace Ktv ។
តារាសម្ដែងស៊ីណាវ៉ាត់ត្រា ដែលមានប្រវត្តិកម្សត់កំព្រាឪពុកតាំងពីតូច មានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះបានថ្លែងសារនៅថ្ងៃខួបកំណើតរបស់លោកគម្រប់អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ថាខួបឆ្នាំនេះលោកមិនបានរៀបចំកម្មវិធីធំដុំនោះទេ តែលោកចង់អរគុណដល់ប្អូនៗដែលរាប់អានលោកមកSurprise លោកដល់កន្លែងធ្វើការ។សារសំខាន់មួយទៀតរបស់លោកគឺអរគុណដល់ម្ចាស់បំណុលទាំងអស់ដែលមានការយោគយល់ដល់រូបលោកជិត៣ឆ្នាំមកនេះ ហើយលោកតាំងចិត្តថានឹងក្រោកឈឡើងវិញជាមួយភាពជឿរជាក់ដើម្បីប្រឹងរកលុយដោះបំណុលគេទៅតាមដំណាក់កាល។លោកថារឿងបំណុលនេះលោកបានលាក់លៀមទុកក្នុងចិត្តអស់រយៈពេល៣ឆ្នាំមកហើយដោយមានអារម្មណ៍ថាខ្មាសអៀន តែនៅថ្ងៃខួបនេះលោកក៍ទម្លាយចេញមក ដើម្បីឲ្យធូទ្រូង ព្រោះជីវិតលោក៣ឆ្នាំរស់នៅភ្នំពេញនេះលោកថាជួបរឿងពិបាកៗច្រើន ពេលខ្លះត្រូវដាច់បាយក៍មាន …។
ក្រៅពីធ្វើជាមេការនៅខារ៉ាអូខេGold Palace Ktv នោះលោកស៊ីណាវ៉ាត់ត្រា នៅតែបន្ដអាជីពសម្ដែងដូចដើមដែលភាគច្រើនលោកលេចមុខតាមរឿងភាគអប់រំខ្លីៗ និងតាមMV ថោនជាដើម ៕