ភ្នំពេញ ៖ បន្ទាប់ពីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានទម្លាយតម្លៃខ្លួនរបស់នាងថា គ្រាន់តែចេញទៅញ៉ាំបាយកំដរប្រុស មួយពេល តម្លៃខ្លួន ៣ពាន់ដុល្លារ សមាគមសិល្បករខ្មែរ បានបញ្ចេញប្រតិកម្មភ្លាមៗថា សមាគម មិនគាំទ្រជាដាច់ខាត ចំពោះអ្នកសិល្បៈ ឬបុគ្គលណាដែលប្រើឈ្មោះជាសិល្បករ ទៅប្រព្រឹត្តរឿងមិនគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «នាងខ្ញុំសូមជម្រាបដល់បងប្អូនសិល្បករ សិល្បការិនី និងសាធារណជន ឱ្យបានជ្រាបថា ដើម្បីចូលរួមការពារមុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរសម្រាប់បងប្អូនសិល្បករ សិល្បការិនីទូទៅ ជាពិសេស ដើម្បីចូលរួមការពារគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសិល្បៈ វប្បធម៌ ដ៏ល្អផូរផង់របស់ជាតិយើង សមាគម សូមមិនគាំទ្រជាដាច់ខាតចំពោះបង ប្អូនសិល្បករណា ឬបុគ្គលណា ប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ។ សូមអរគុណបងប្អូន សម្រាប់ការចែករំលែកបន្ត ដើម្បីឲ្យបានជ្រាបដល់បងប្អូនសិល្បករ និងមហាជនទូទៅកាន់តែច្រើន។ បើបងប្អូនមានបញ្ហា ឬមានចម្ងល់ចង់ពិភាក្សា សូមទាក់ទងមកលេខ ០១៧៩៩០៣៣២…”។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដដែលនោះ សមាគមសិល្បករខ្មែរ បានសេចក្តីថ្លែងការណ៍ បញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងគោលបំណងថែរក្សា ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់សិល្បករទូទៅ និងដោយមានការស្នើសុំពីសិល្បករជាច្រើន នាពេលកន្លងមក សមាគម សូមដាក់ចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ ចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន ៖
១- សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណាដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬយកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ជាតិ។
២- សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សាយោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ ស្របតាមគោលការណ៍សមាគម ប្រសិនបើមានវិវាទណាមួយកើតឡើង ចៀសវាងការបង្ហោះវីដេអូជេរប្រមាថ ឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ…។
ទោះបីជាយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នោះដែរ កញ្ញា រ៉ូស បានចេញមុខបកស្រាយបំភ្លឺ តាមរយៈវីដេអូខ្លីមួយ ដោយរៀបរាប់ថា “ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំកញ្ញា អាណា រ៉ូស សូមបកស្រាយរឿងថ្លៃញ៉ាំបាយ តម្លៃ៣០០០ដុល្លារ តាមពិតខាងក្រុមហ៊ុនចិន គាត់ទំនាក់ទំនងឱ្យនាងខ្ញុំទៅថតស្ពត ហើយនិយាយទៅ គឺការថតស្ពត នាងខ្ញុំយកតម្លៃចាប់ពី ៣០០០ដុល្លារឡើងទៅ ប៉ុន្តែដោយសារគាត់ឱ្យខ្ញុំថតរឿងល្បែង អ៊ីចឹងគឺនាងខ្ញុំអត់ថតទេ រឿងល្បែងណាបងប្អូន ហេតុផលមានតែប៉ុណ្ណឹងទេ អ៊ីចឹងសូមអរគុណបងប្អូនទាំងអស់គ្នា…”។
សូមបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ប្រតិកម្មរបស់សមាគមសិល្បករខ្មែរ ខាងលើនេះបានធ្វើឡើងបន្ទាប់ ពីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន តារាសម្តែងល្បីឈ្មោះមួយរូប បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបភាពឆាតតាមបណ្តាញតេឡេក្រាម ជាមួយសំណេរថា «ថ្លៃស៊ីបាយថ្ងៃ 3000$ ចាស តារាល្បី ស៊ីថ្លៃតិចហើយ តែគ្រាន់តែស៊ីបាយធម្មតាទេ។
ចង់ជួបតារាល្បី បើគ្រាន់តែថ្លៃស៊ីបាយថ្ងៃ 3000$ មិនចំណាយ ថយឲ្យឆ្ងាយ មិនមែនមុខលុយទេ តែខ្ញុំជាតារា គួរយល់»។
បន្ទាប់ពីបានឃើញរូបភាពនិងសំណេររបស់កញ្ញា រ៉ូស ខាងលើនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន បានរិះគន់នាងទៅខាងផ្លូវអវិជ្ជមាន ទើបកញ្ញា រ៉ូស បានសរសេរឆ្លើយតបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ខ្ញុំឆ្ងល់មួយ គ្រាន់គេហៅញ៉ាំបាយ ខុសដែរ? ធម្មតាស្រីស្អាត គេចង់ជួប ជារឿងធម្មតា មានច្បាប់ចែងមកទេ គ្រាន់តែជួបញ៉ាំបាយ ខុសដែរ ?? ខ្ញុំសុំមិនយល់ ! មនុស្សខ្ញុំត្រង់ ឃើញអី និយាយហ្នឹង មិនមែនស៊េរីលាក់ពុត ស្អុយប្រហោងក្នុងទេ»។
កញ្ញារ៉ូស សរសេរបន្ថែមថា «មួយៗតាំងខ្លួនល្អត្រឹមត្រូវណាស់ តែធាតុពិតស្អុយរលួយ និយាយយកតែល្អខ្លួនឯង ចូលចិត្តរមាស់ ចេះដឹងរឿងគេ តែមិនមើលស្រមោលខ្លួនឯង»។
កញ្ញា រ៉ូស សរសេរបន្ថែមទៀតថា «មិនបាច់ចាំដើរធ្វើស្រីខូច ក៏មានអ្នក support ខ្ញុំ មួយខែ រាប់ពាន់ដុល្លារដែរ គេមិនដែលបានប៉ះពាល់ខ្ញុំផង គេនៅក្រៅប្រទេសទេ គ្រាន់តែឯងផុសរឿងគេហៅស៊ីបាយ ខុសដែរ ហើយឯងមិនបានទៅស៊ីបាយផង ពួកមីសត្វអាសិរពិសអស់នេះ លាងតែក្តិតខ្លួនឯងឲ្យយជ្រះទៅ មុននឹងមើលងាយគេ ដៀមដាមគេ កុំភ្លេចមើលស្រមោលខ្លួនឯងផង ប្រវត្តិអញអត់ដែលដើរធ្វើស្រីខូចទេ មានតែគេចិញ្ចឹម ឬ support»៕ ដារិទ្ធ