ភ្នំពេញ ៖ លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី១ ស្តីពីការសម្របសម្រួលរវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៣ លើវិស័យធនធានទឹកនៅ កម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានទាំងអស់ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក (WB) ធនា គារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍ (AFD) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ធនាគារកូរ៉េ EXIMBANK អង្គការ JICA, KOICA, IFAD, UNDP, UNICEF, FAO, តំណាងស្ថាន ទូតអូស្ត្រាលី និងតំណាងស្ថានទូតសហភាពអ៊ឺរ៉ុបជាដើម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការដែលសម្រេច បានក្នុងឆ្នាំ២០២៣ និងបានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំ ជាពិសេសបណ្តាដៃគូអភិវឌ្ឍន៍ដូចជា AFD សហភាពអ៊ឺរ៉ុប និងគម្រោង កម្មវិធី WAT4CAM_TA-ISWM ដែលបានជួយឧបត្ថម្ភគាំទ្រដល់កិច្ចប្រជុំនាពេលនេះ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការ នៃការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០១៩-២០២៣ នាពេលកន្លងទៅ និងស្វែងរកនូវធាតុចូលបន្ថែម ក៏ដូចជាការគាំទ្រនានា ពីដៃគូអភិវឌ្ឍន៍ដើម្បីធានាឱ្យ ការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធសាស្ត្របញ្ចោកាណ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់នូវអាទិភាព ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងនោះការអភិវឌ្ឍវិស័យធនធានទឹក នៅតែជាវិស័យ មួយដែលត្រូវបានយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកំពុងរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៤-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចោកាណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧។ ដូចគ្នានឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០១៩-២០២៣ ដែរ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ គឺទាមទារនូវភាពជាដៃគូ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកជួយដល់ការអនុវត្តឱ្យទទួលបានជោគជ័យ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបង្ហាញនូវសុទិដ្ឋិនិយម និងជឿជាក់ថា កិច្ចពិភាក្សានាឱកាសនេះនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ជំរុញភាពជាដៃគូ ពង្រឹងការយល់ដឹង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តរភាពនៅកម្ពុជា ជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕



